Connect with us

សន្តិសុខសង្គម

ដោយសារបារម្ភពីសុវត្ថិភាពសិស្ស ម្ចាស់ទូកដណែនាំឲ្យពាក់​អាវ​ពោងការពារ តែត្រូវរងការស្ដីបន្ទោសពីអាណាព្យាបាល

បានផុស

នៅ

ម្ចាស់ទូកដមួយកន្លែងដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រពីស្ពានផ្សារព្រែកតាច្រែង នាប៉ែកខាងក្រោមនៃដងស្ទឹងសង្កែ គឺស្ថិតនៅចំណុចក្បែររបងសាលាបឋមសិក្សា កែវមុនីពិសី ស្ថិតក្នុងភូមិរាជដូនកែវ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទល់មុខនឹងភូមិបាក់អម្រែក បានរអ៊ូរទាំអំពីក្រុមសិស្សានុសិស្សដែលមកជិះទូកមិនព្រមពាក់អាវពោងការពារសុវត្ថិភាពតាមការណែនាំរបស់លោកគ្រូ អ្នកគ្រូ ខណៈបច្ចុប្បន្នទឹកស្ទឹងកំពុងជន់ជោរខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកាយវិការស្រាយក្បាលទូកដើម្បីចម្លង បុរសវ័យ៣០ឆ្នាំជាងម្នាក់ដែលជាអ្នកបើកទូដចម្លង បានរៀបរាប់ថា លោកបានប្រកបមុខរបរជាអ្នកចម្លងទូកជាច្រើនឆ្នាំណាស់មកហើយ ដោយសារតែនៅក្នុងតំបន់នោះ ពុំមានស្ពានឆ្លងស្ទឹងសង្កែឡើយ ហើយម្យ៉ាងទៀតទីតាំងខាងលើនេះជាកន្លែងដែលប្រជាពលរដ្ឋ និងសិស្សានុសិស្ស ត្រូវការឆ្លងទៅឆ្លងមកដើម្បីទៅសាលារៀនផងដែរ។

លោកបានបន្តថា ការចម្លងពីម្ខាងទៅត្រើយម្ខាង គឺមិនបានថ្លៃប៉ុន្មានទេ ចំពោះសិស្សានុសិស្ស បើគិតទាំងទៅទាំងមក គឺលោកយកតែ ៣០០រៀលប៉ុណ្ណោះ ដោយឡែកសម្រាប់ការចម្លងយានយន្ត បើកង់យកតែ ៥០០រៀល រីឯម៉ូតូគឺលោកយកដល់ ១.០០០ រៀល ព្រោះវាមានទម្ងន់ធ្ងន់។

លោកបានសង្កត់ធ្ងន់ថា កន្លងមកលោកគ្រូ អ្នកគ្រូ តែងណែនាំសិស្សដែលត្រូវចម្លងទូក គឺត្រូវឱ្យអាណាព្យាបាល​ទិញអាវពោងម្នាក់មួយ ដើម្បីពាក់នៅពេលចម្លងទូកការពារសុវត្ថិភាពផ្ទាល់ខ្លួន ម្យ៉ាងវិញទៀតនៅពេលនេះ គឺជារដូវទឹកជំនន់ផងដែរ។ ផ្ទុយទៅវិញនៅពេលដែលសិស្សមកឆ្លងទូក សិស្សខ្លះមិនព្រមពាក់អាវពោងនោះឡើយ ដោយគេសុខចិត្តជិះកាន់នៅនឹងដៃ ក្រោយពីលោកបានណែនាំសិស្សញឹកញាប់ពេក ក៏ត្រូវម្ដាយឪពុកគេមកស្ដីឲ្យថា លោកណែនាំច្រើនដងពេកធ្វើឲ្យកូនរបស់គេមានការធុញទ្រាន់ សឹងតែឈប់ចូលសាលារៀន ដែលនេះជាទង្វើល្អរបស់លោកសោះ បែរជាខុសទៅវិញ។

ចាប់ពីពេលនោះមក ម្ចាស់ទូកដ លេងហ៊ាននិយាយអ្វីទៅកាន់ក្រុមសិស្សានុសិស្សមួយចំនួនតូចនោះហើយ ដោយលោកសង្ឃឹមថា តទៅខាងមុខ ក្រសួងពាក់ព័ន្ធ និងរាជរដ្ឋាភិបាល ប្រាកដជាមើលឃើញ ហើយក៏អាចឈានដល់ការសាង​សង់ស្ពាននៅក្នុងតំបន់នេះ ព្រោះនៅប៉ែកខាងក្រោមនៃដងស្ទឹងសង្កែ គឺពុំមានស្ពានឆ្លងស្ទឹងនោះទេ មានតែទូកដចំនួន ៣ កន្លែងប៉ុណ្ណោះ៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម