Connect with us

សន្តិសុខសង្គម

ឆេះផ្ទះ ១ ខ្នង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌសែនសុខ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍

បានផុស

នៅ

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ ១ ខ្នង យ៉ាង​សន្ធោសន្ធៅ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ជួយ​អន្តរាគមន៍​រហ័ស ទើប​មិន​មាន​ការ​រាលដាល​ទៅ​ផ្ទះ​ជិតខាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៣០ នាទី​យប់ ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ស្ថិត​នៅ​ផ្លូវ​លេខ ២៧១ ភូមិ​ត្រពាំង​ឈូក សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែង និង​ភ្លើង ហុយ​ចេញពី​ជាន់​ទី ១ នៅ​ចំណុច​ផ្ទះ​កើតហេតុ ដោយ​ឃើញ​មិន​ស្រួល អ្នកភូមិ​បាន​ស្រែក​ប្រាប់​ម្ចាស់ផ្ទះ និង​នាំគ្នា​យក​បំពង់​ឧស្ម័ន​បាញ់​ពន្លត់​អគ្គិភ័យ​ជាបឋម ប៉ុន្តែ​អណ្ដាត​ភ្លើង​ក៏​ចាប់ផ្ដើម​ឆាបឆេះ​យ៉ាង​រហ័ស មិន​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន ពួកគាត់​ក៏​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​សុំ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ជាបន្ទាន់​ផង​ដែរ។

ក្រោយ​ទទួល​ដំណឹង​នេះ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្ថិតនៅ​ជិត​គោលដៅ​ឆេះ​បំផុត ទៅ​កាន់​ទីតាំង​កើតហេតុ ដើម្បី​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់។ ជាក់ស្ដែង​គេ​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​មូលដ្ឋាន​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ទួលគោក បាន​ធ្វើ​ដំណើរ​មក​យ៉ាង​ឆាប់​រហ័ស និង​​អន្តរាគមន៍​យ៉ាង​លឿន​បំផុត ដែល​ធ្វើ​ឲ្យ​ករណី​ខាងលើ​មិន​មាន​ការ​រាលដាល​ទៅកាន់​ផ្ទះ​នៅ​ជាប់​នោះ​ទេ។

ករណី​អគ្គិភ័យ​ខាងលើ មន្ត្រី​ជំនាញ​គ្របគ្រង​បាន​ទាំងស្រុង​នៅ​ម៉ោង ១០ យប់ ថ្ងៃខែ​ឆ្នាំ​ដដែល។ ចំណែក​ទ្រព្យសម្បត្តិ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទះ ត្រូវ​បាន​ភ្លើង​ឆេះ តែ​មិន​បង្ក​ឲ្យ​មាន​មនុស្ស​រង​របួស​នោះ​ទេ។ ចំពោះ​មូលហេតុ​ដែល​បង្ក​ឲ្យ​ឆេះ ទាំង​ម្ចាស់​ផ្ទះ និង​មន្ត្រី​ជំនាញ នៅ​មិន​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម