Connect with us

សន្តិសុខសង្គម

​ជនសង្ស័យOnline Scam ២៨នាក់ ត្រូវបានឃាត់ខ្លួននៅខណ្ឌច្បារអំពៅ

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី​ភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានបង្រ្កាប​បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅចំណុចផ្ទះលេខ ២N បុរី Park Villa ស្ថិតក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួន​ជនសង្ស័យចំនួន២៨នាក់ រួមមានស្ត្រី ៦នាក់។ ក្នុងចំណោមនោះ មាន ជនជាតិ​វៀតណាម ២៧នាក់ និងបុរសជនជាតិខ្មែរ ១នាក់ ត្រូវបានសង្ស័យថា ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបណ្តាញ រួមទាំងការលួងលោមស្នេហា និងកំហែងទារប្រាក់តាមអ៊ីនធឺណិត។

ក្រៅពីការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងជាច្រើន រួមមាន ម៉ូនីទ័រ ៣៩គ្រឿង CPU ចំនួន ១១គ្រឿង ទូរស័ព្ទ ១០០គ្រឿង និងស៊ីមកាតជាច្រើនទៀត។

សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវជាមួយភាគីពាក់ព័ន្ធ ដើម្បីវែកមុខមេខ្លោង និងបន្តចាត់វិធានការតាមផ្លូវច្បាប់។ ជនសង្ស័យទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី​បន្ថែម។ រីឯទីតាំងត្រូវបាន បិទបណ្តោះអាសន្នក្នុងគោលបំណង​ស្រាវជ្រាវបន្ថែម។

សមត្ថកិច្ចបានបញ្ជាក់ថា យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមបច្ចេកវិទ្យាទូទាំងប្រទេស នឹងបន្តអនុវត្តវិធានការតឹងរ៉ឹង និងគ្មានការលើកលែងចំពោះមេខ្លោង និងបណ្តាញឆបោកគ្រប់ប្រភេទ ដើម្បីការពារសុវត្ថិភាពសាធារណៈ និងបង្ក្រាបឧក្រិដ្ឋកម្មតាមបណ្តាញឱ្យមានប្រសិទ្ធភាពបន្តទៀត៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម