Connect with us

ព័ត៌មានជាតិ

អភិបាលរងខេត្តស្វាយរៀង ដាក់ចេញបទបញ្ជាចំនួន ៣ បន្ថែម ដល់អាជ្ញាធរពាក់ព័ន្ធ បង្រ្កាបទប់ស្កាប់បទល្មើស Online Scams

បានផុស

នៅ

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ដាក់ចេញបទបញ្ជាចំនួន ៣ បន្ថែម ដល់ អាជ្ញាធរក្រុងបាវិត និង កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីបង្រ្កាប និង ទប់ស្កាប់ បទល្មើស Online Scams។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដាក់ចេញបទបញ្ជានេះ ក្នុងឱកាស លោក ម៉ែន អេង តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិបាលខេត្តស្វាយរៀង បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពី “ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និង ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅតាមសង្កាត់ទាំង ៥ ក្នុងក្រុងបាវិត” កាលពីរសៀលថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ នាសាលប្រជុំ អធិការដ្ឋាន នគរបាលក្រុងបាវិត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលក្រុងបាវិត កងកម្លាំងប្រដាប់អាវុធ និង មន្ត្រីរាជការជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ លោក ម៉ែន អេង បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងបាវិត និង កងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការរក្សាសន្តិសុខកន្លងមក។ ទន្ទឹមនោះ លោកក៏បានដាក់ចេញនូវបទបញ្ជា និង ណែនាំបន្ថែម ចំនួន ៣ រួមមាន ៖ ១.ពង្រឹងកិច្ចសហការ ៖ អាជ្ញាធរដែនដី សង្កាត់ទាំង ៥ ត្រូវសហការគ្នាយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងនគរបាលជំនាញ ដើម្បីក្តាប់ឲ្យបានរាល់បច្ចុប្បន្នភាព នៃទីតាំងសង្ស័យ។ ២.ការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ៖ មិនត្រូវមានការយោគយល់ ឬ អត់ឱនចំពោះទីតាំងណាដែលរកឃើញមានការលួចលាក់ធ្វើអាជីវកម្មអនឡាញខុសច្បាប់ ឬ ការឆបោកឡើយ។ ៣.ការចូលរួមពីប្រជាពលរដ្ឋ ៖ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មេភូមិ ចៅសង្កាត់ ឲ្យជួយជាភ្នែកជាច្រមុះក្នុងការរាយការណ៍ព័ត៌មានទាន់ហេតុការណ៍មកសមត្ថកិច្ច។

កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើរបៀបវារៈយុទ្ធសាស្ត្រចំនួន ២ ដែលជាបញ្ហាប្រឈមចម្បងនៅក្នុងតំបន់ទីក្រុងជាប់ព្រំដែនរួមមាន ៖ ១.ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ៖ ពង្រឹងការចុះធ្វើជំរឿន ត្រួតពិនិត្យការស្នាក់នៅរបស់ជនបរទេស និង កម្មករ-បុគ្គលិក នៅតាមបណ្តាអគារស្នាក់នៅរួម ផ្ទះល្វែង ឬ បន្ទប់ជួល ក្នុងសង្កាត់ទាំង ៥ នៃក្រុងបាវិត ដើម្បីបង្ការកុំឲ្យមានការលាក់ខ្លួន នៃក្រុមឧក្រិដ្ឋជន ឬ ការបង្កើតទីតាំងខុសច្បាប់។ ២.ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)៖ បង្កើនការយល់ដឹង និង ដាក់ចេញវិធានការក្តៅក្នុងការស្វែងរក ស្រាវជ្រាវ បង្ក្រាបរាល់សកម្មភាពបច្ចេកវិទ្យាដែលប្រើប្រាស់ក្នុងន័យបោកប្រាស់ ជំរិតទារប្រាក់ ឬ ការជួញដូរមនុស្សតាមប្រព័ន្ធបច្ចេកវិទ្យា ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និង សន្តិសុខជាតិ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយរលូន និង ការប្តេជ្ញាចិត្តយ៉ាងមុតមាំពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការប្រែក្លាយក្រុងបាវិត ឲ្យទៅជាទីក្រុងដែលមានសុវត្ថិភាព គ្មានបទល្មើសបច្ចេកវិទ្យា និងជាកន្លែងរស់នៅប្រកបដោយទំនុកចិត្តសម្រាប់ប្រជាពលរដ្ឋ និង វិនិយោគិន៕
អត្ថបទ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម