Connect with us

សន្តិសុខសង្គម

អាជ្ញាធរក្រុងកំពង់ឆ្នាំង ត្រៀមរៀបចំសណ្ដាប់​ធ្នាប់​តាមមាត់ទន្លេដើម្បីសោភ័ណភាពទីក្រុង

បានផុស

នៅ

តាមការបញ្ជាក់ពីលោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នេះថា អាជ្ញាធរក្រុងកំពង់ឆ្នាំង បានបញ្ជាឱ្យក្រុមការងារជំនាញ និងកម្លាំងពាក់ព័ន្ធចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្តោយមាត់ទន្លេ ដោយធ្វើការកាយសម្អាតសំរាម និងរុះរើសំណង់រោងអនាធិបតេយ្យមួយចំនួន ដែលប្រជាជនខ្មែរឥស្លាមបានសាងសង់រំលោភលើចំណីមាត់ទន្លេសាប និងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថានទឹកទន្លេ អនាម័យ សោភ័ណភាពសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ីង ភ័ព្វមីនា បានបន្តថា មួយរយៈពេលចុងក្រោយនេះ ការសាងសង់សំណង់អនាធិបតេយ្យ និងការបោះចោលសំរាមពាសវាពាសកាលរបស់ប្រជាជនខ្មែរឥស្លាម បានកើតឡើងច្រើនប្របតាមមាត់ទន្លេសាប ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នាំអោយសោភ័ណភាព និងអនាម័យបរិស្ថានតាមមាត់ទន្លេ និងទឹកទន្លេរងផលប៉ះពាល់ធ្ងន់ធ្ងរពីការចោលសំរាម និងសំណង់អនាធិបតេយ្យទាំងនោះ។ លោកកំពុងរៀបចំកម្លាំងក្រុមការងារ ដើម្បីចុះសម្អាត និងរៀបចំឡើងវិញនាប៉ុន្មានថ្ងៃខាងមុខនេះ ដែលប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងលើកកម្ពស់អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុង ជាពិសេសតំបន់មាត់ទន្លេដែលជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តលំហែកាយ។

អាជ្ញាធរក្រុងកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះសំរាមចូលទន្លេ ឬមាត់ទន្លេ និងមិនត្រូវសាងសង់សំណង់អនាធិបតេយ្យលើទីសាធារណៈ ឬលើដីចំណីទន្លេឡើយ ដើម្បីរួមគ្នារក្សាអនាម័យបរិស្ថាន សោភ័ណភាពមាត់ទន្លេ និងក្រុងកំពង់ឆ្នាំងឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ៕

អត្ថបទ៖ វ៉ាន់ សេដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម