សន្តិសុខសង្គម
សាលាឧទ្ធរណ៍តម្កល់សាលដីកាឲ្យអតីតផ្កាយ២ សូយ ចាន់សឿន អោយមានទោសដដែល
ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២២ បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល លើពាក្យបណ្តឹងឧទ្ធរណ៍របស់ជនជាប់ផ្កាយ២យោធា សូយ ចាន់សឿន។
សាលដីកានោះបានប្រកាសធ្វើឡើង ដោយកំបាំងមុខជនជាប់ ចោទ តែចាត់ទុកជាចំពោះមុខដោយតុលាការបានជនដំណឹង ទៅគ្រប់ភាគីដើមបណ្តឹង និងចុងចោទរួមទាំងមេធាវីការពារក្តីផងដែរ ។ តែទោះជាយ៉ាងណាក្តីសាលដីកាសាលាឧទ្ធរណ៍ បានផ្តល់សិទ្ធិឲ្យប្តឹងសារទុកទៅតុលាការកំពូលតាមច្បាប់កំណត់ បើសិនភាគីណាមួយកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្តីនេះ។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទអតីតផ្កាយ២យោធា ឈ្មោះ សូយ ចាន់សឿន ដែលបានកើតទុកមិនសុខចិត្តចំពោះការកាត់ក្តី របស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ក្នុងសំណុំរឿង.បរិហារបង្កាច់កេរ្តិ៍ ។ សវនាការបានធ្វើឡើងជាសាធារណៈដោយមានលោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និងចំពោះមុខដើមបណ្តឹង និងចុងចោទ រួមទាំងមេធាវីការពារក្តីឲ្យភាគីទាំងសងខាង។
ជនជាប់ចោទដែលជាដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ សូយ ចាន់សឿន ត្រូវបានអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ដឹកតាមរថយន្តនាំមកចូលរួមសវនាការនោះដែរ ហើយនៅក្នុងរង្វង់ក្រចកសេះឆ្លើយទៅកាន់អង្គសវនាការថា ខ្លួនទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចផ្តន្ទាទោសដាក់ពន្ធនា គារ៨ ខែ ដោយសារតែខ្លួនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ធ្វើប៉ះពាល់ដល់ភាគីដើមបណ្តឹង តែមិនអាចទទួលយកបានចំពោះសាលក្រមតម្រូវឲ្យខ្លួនបង់ប្រាក់ចំនួន២០លានរៀលជាសំណងរដ្ឋប្បវេណីទៅដើមបណ្តឹងនោះឡើយ។
ចំណែកភាគីដើមបណ្តឹងនៅតែប្រកាន់ជំហរ និងទទូចស្នើសុំឲ្យតុលាការថ្នាក់កណ្តាល” សាលាឧទ្ធរណ៍”រក្សាសាលក្រមរបស់តុលាការថ្នាក់ក្រោម” សាលាដំបូងរាជធានីភ្នំពេញ”ទុកជាបានការដដែល។ សវនាការត្រូវបានបញ្ចប់ទៅវិញនារសៀលថ្ងៃនោះដែរ ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលដីកាទៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។
សូមរម្លឹកថា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតផ្កាយ២ សូយ ចាន់សឿន នឹងគូកនឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារម្នាក់កំណត់៨ ខែ និងបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីលើទឹកប្រាក់២០ លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្តិ៍។ សាលក្រមនេះបានប្រកាសកំបាំងមុខជនជាប់ចោទទាំង២ នាក់ ប៉ុន្តែចាត់ទុកចំពោះ មុខ ព្រោះជនជាប់ចោទបានទទួលការជូនដំណឹងជាផ្លូវការរបស់តុលាការផងដែរ។
សាលក្រមក៏បានទុកពេលឲ្យដើមចោទ នឹងចុងចោទប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយកើតទុកមិនសុខ ចិត្តចំពោះការកាត់ក្តីនេះ។ ដូច្នោះបានជាជនជាប់ ចោទឈ្មោះ សូយ ចាន់សឿន សម្រេចប្តឹងឧទ្ធរណ៍ចំពោះសាល ក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលរឿងនេះបានប្តឹងផ្តល់គ្នាទៅវិញទៅមក ទីបំផុតតុលាការទាំង២ថ្នាក់ នៅតែរក្សាបទចោទ.បរិហារបង្កាច់កេរ្តិ៍ លើជនជាប់ចោទ សូយ ចាន់សឿន ទុកជាបានការដដែល។
សូមជម្រាបថា ជនជាប់ចោទឈ្មោះ សូយ ចាន់សឿន ភេទប្រុស អាយុ៤៥ ឆ្នាំ អតីតផ្កាយ២យោធា មានទីលំនៅផ្ទះលេខ៣១០ អឺ០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ។ ចំណែកជន ជាប់ចោទឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (ស្ថិតនៅក្រៅឃុំ)។ ជនត្រូវចោទទាំង ២ នាក់ បានរងនូវពាក្យបណ្តឹងរបស់លោក កើត ខេង ភេទប្រុសអាយុ៥០ឆ្នាំ មុខរបរ ជាអាជីវករ រស់នៅរាជធានីភ្នំពេញ។
តាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនជាប់ ចោទទាំង២ នាក់ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅចំណុចរាជធានី ភ្នំពេញកាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣១១ នឹងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។ ដើមចមនៃពាក្យបណ្តឹង នៅក្នុងអំឡុងឆ្នាំ ២០២០ ឈ្មោះ សូយ ចាន់សឿននិង ឈ្មោះ សូ បិនឡាបាន ប្តឹងលោក កើត ខេង ក្លែងលិខិតសាធារណៈ ដែលពាក្យបណ្តឹងនោះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបអង្កេតតាមនីតិវិធី ដោយរកមិនឃើញថា លោក កើត ខេង ពាក់ពន្ធបទល្មើសដូចការចោទប្រកាន់របស់ឈ្មោះ សូយ ចាន់សឿន នឹងឈ្មោះ សូ បិនឡា នោះឡើយ។
បន្ទាប់ពីការស៊ើបអង្កេតរកមិនឃើញមានបទល្មើសនោះហើយ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកពាក្យបណ្តឹងនោះមិនចាត់ការ។ ដោយយោងទៅលើទង្វើរបស់ឈ្មោះ សូយ ចាន់សឿន និងសូ បិនឡា បានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់ ទើបលោក កើត ខេង សម្រេចចិត្តពឹងពាក់មេធាវីការពារផ្លូវច្បាប់ ប្ដឹងបកជន ជាប់ចោទទាំង២នាក់វិញ ពីបទបរិហារបង្កាច់កេរ្តិ៍ ដូច្នោះបានជាតុលាការមានចំណាត់ការជាបន្តបន្ទាប់ នឹងឈានដល់ការកាត់ក្តីលើពាក្យបណ្តឹងនេះ រហូតមានសាលក្រមផ្ដន្ទាទោសជនជាប់ចោទទាំង២ នាក់នោះវិញ៕
ដោយ ៖ មករា


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?