Connect with us

សន្តិសុខសង្គម

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនអ្នកប្រើប្រាស់​គ្រឿងញៀន២៦នាក់ទៅសាលាដំបូងអនុវត្តច្បាប់

បានផុស

នៅ

ក្រុងក្មេងទំនើងចំនួន២៦នាក់ ក្នុងចំណោម៣៥នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តច្បាប់ ក្រោយបង្កការអ៊ុកឡុកតាមភូមិយ៉ាងអាណាធិបតេយ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឃាត់ខ្លួនក្មេងទំនើងទាំង៣៥នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ឣគារថ្មី ស្ថិតក្នុងភូមិឣូរជ្រៅ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្មេងទំនើងទាំង៣៥នាក់ នៅពេលយប់ជ្រៅបានបង្ករំខានដល់ប្រជាពលរដ្ឋមានដូចជា ជក់ថ្មាំញៀន ចាក់ធុងបាស់ច្រៀង និងស្រែកឡូឡាពេញកន្លែងអគារថ្មី ធ្វើឲ្យប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំង ហើយប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងអាវុធហត្ថ ទើបលោកបានដឹកនាំកម្លាំងចុះឃាត់ខ្លួនបានចំនួន៣៥នាក់ ក្នុងនោះកម្លាំងអាវុធហត្ថដកហូតវត្ថុតាងរួមមាន គ្រឿងញៀនប្រភេទម៉្សៅក្រាមសថ្លា (CIE) ចំនួន៥កូនថង់កិប ស្មើនឹងទម្ងន់ ០,៩៨ក្រាម, ទូរសព្ទដៃចំនួន២គ្រឿង, និងសម្ភារ:មួយចំនួនទៀត និងនាំមកមូលដ្ឋានកងរាជឣាវុធហត្ថក្រុងដើម្បីសួរនាំ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្រុមក្មេងទំនើងទាំង៣៥នាក់ ក្រោយពីសួរនាំ និងធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមបានរកឃើញមានសារធាតុញៀនចំនួន២៦នាក់ ចំណែក៩នាក់ទៀតពុំមានសារធាតុញៀននោះទេ ត្រូវបានកម្លាំងជំនាញធ្វើការឣប់រំ និងធ្វើកិច្ចសន្យាឲ្យឪពុកម្ដាយ ធ្វើលិខិតធានាឲ្យវិលត្រឡប់ទៅផ្ទះវិញ។ ចំណែកក្មេងទំនើងដែលមានសារធាតុញៀន២៦នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជឣាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជឣាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឲ្យដឹងថា
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជឣាជ្ញាឣមសាលាដំបូងខេត្ត ក្រុមក្មេងទំនើងទាំង២៦នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីឣនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម