Connect with us

កីឡា

ប្រកួតដំបូងនៅ SEA V. Cup 2026 វឿន វាសនា សាងភាពភ្ញាក់ផ្អើល ដោយរកបានពិន្ទុច្រើនដាច់គេ

បានផុស

នៅ

ស្មាត់ស្តាំរបស់ក្រុមជម្រើសជាតិ កម្ពុជា កីឡាករ វឿន វាសនា បានបង្ហាញនូវសក្តានុពលយ៉ាងអស្ចារ្យ តាមរយៈការរកបានពិន្ទុយ៉ាងច្រើន រហូតជួយឱ្យ កម្ពុជា យកឈ្នះក្រុមម្ចាស់ផ្ទះ ហ្វីលីពីន នៅក្នុងការប្រកួតដំបូងនៃពាន SEA V Cup 2026។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា បានសហការគ្នាយ៉ាងល្អ រហូតយកឈ្នះក្រុម ហ្វីលីពីន ក្នុងពាន SEA V Cup 2026 ក្នុងលទ្ធផល ៣ សិតទល់ ២។ សិត​ទី១ កម្ពុជា បាន​ឈ្នះ​ដោយ​ពិន្ទុ ២៥-២៣, សិត​ទី២ ហ្វីលីពីន ​ឈ្នះ​វិញ​ដោយ​ពិន្ទុ ២៨-៣០, សិត​ទី​៣ កម្ពុជា បាន​ឈ្នះ​ដោយ​ពិន្ទុ ២៥-២០, សិត​ទី​៤ ហ្វីលីពីន បាន​ឈ្នះ​វិញ​ដោយ​ពិន្ទុ ២២-២៥ និងចុងក្រោយសិតទី ៥ កម្ពុជា បានឈ្នះដោយពិន្ទុ ១៥-៨។

ចំពោះជ័យជម្នះលើកដំបូងរបស់ កម្ពុជា នៅក្នុងប្រវត្តិសាស្ត្រពាន SEA V Cup គឺ វឿន វាសនា បានដើរតួជាកម្លាំងស្នូលដ៏សំខាន់ ដោយរកបានពិន្ទុច្រើនជាងគេ ពោលគឺរហូតដល់ទៅ ៣៣ ពិន្ទុ។ ស្មាត់ស្តាំវ័យ ២៥ ឆ្នាំ កម្ពស់ ១.៩៦ ម៉ែត្រ រកបាន ២៨ ពិន្ទុពីការវាយផ្តាច់, ៣ ពិន្ទុពីការបាំងបាល់ជោគជ័យ និង ២ ពិន្ទុពីការវាយសេវា។

ការរកបានពិន្ទុរហូតដល់ទៅ ៣៣ ពិន្ទុនេះ បានធ្វើឱ្យ វឿន វាសនា ឈរនៅលើគេបណ្តោះអាសន្ន ក្នុងនាមជាកីឡាកររកបានពិន្ទុច្រើនបំផុតក្នុងពាន SEA V Cup 2026។ ដោយឡែកកីឡាករឈរលេខ ២ គឺ កីឡាករ ថៃ Chaiwat Thungkham ដែល​​រកបាន ២១ ពិន្ទុ ពីជ័យជម្នះលើ វៀតណាម ៣ សិតទល់ ១ កាលពីថ្ងៃទី ១៥ ខែ កក្កដា ម្សិលមិញ។

ភាពលេចធ្លោរបស់ វឿន វាសនា ក្នុងការប្រកួតទល់នឹង ហ្វីលីពីន ម្សិលមិញ ដោយសារក្រុមទាំងមូលសហការគ្នាបានល្អ។ ជាពិសេសអ្នកលើកបាល់សួន ចាន់ណារ៉ូ បានដើរតួជាអ្នកលើកយ៉ាងយល់ចិត្តឱ្យកូនខ្មែរអ្នកខេត្តបាត់ដំបងរូបនេះ រហូតធ្វើឱ្យគេរកបានពិន្ទុយ៉ាងច្រើន៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម