Connect with us

កីឡា

NOCC ​បក​ស្រាយ​​ការភាន់ច្រឡំ ​ការប្រកួតកីឡាអបអរបុណ្យសមុទ្រ ដើម្បី​ដណ្តើម​ប្រាក់​រង្វាន់

បានផុស

នៅ

លោក​ វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការមិនពេញចិត្តពាក់ព័ន្ធនឹងថវិកាលើកទឹកចិត្តជ័យលាភី រត់កម្សាន្ត និងប្រណាំងកង់ ដើម្បីអបអសាទរពិធីបុណ្យសមុទ្រ លើកទី៩ (ជុំទី៣) នៅខេត្តព្រះសីហនុ ២ថ្ងៃកន្លងមកហើ ដ្បិតការប្រកួត គឺរៀបចំក្នុងគោលបំណង ដើម្បីអបអរបុណ្យសមុទ្រ សាមគ្គីភាព មិត្តភាព មិនប្រកួតដើម្បីលុយកាក់នោះទេ។ កាលពីព្រឹកមិញ គឺជាកាន់ភាន់ឡំ និងជាការយល់ខុស ដ្បិតស្មារតីកីឡា ក៏ដូចជាស្មារតីអូឡាំពិក មិនត្រូវមានឲ្យមានការ​ផ្ដល់​ប្រាក់រង្វាន់អ្វីនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​លើក​ឡើង​ថា ៖«ថ្ងៃនេះ កម្មវិធីប្រណាំងកង់ ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រ ត្រូវបានរៀបចំដោយជោគជ័យ ជាមួយអ្នកចូលរួមប្រមាណ​១០០នាក់។ ប៉ុន្ដែទន្ទឹមជាមួយគ្នា យើងឃើញមានបងប្អូនខ្លះ ទាំងអ្នកបានចូលរួម ក៏ដូចជាអ្នកពុំបានចូលរួម មានការភាន់ច្រឡំទៅលើរឿងថវិកាលើកទឹកចិត្ត»។ ឯកឧត្តម​បាន​បញ្ជាក់​ថា ជាការពិតដើម្បីលើកទឹកចិត្តដល់អ្នកចូលរួម ពិសេសអ្នកទទួលបានជ័យលាភី គណៈកម្មការរៀបចំបានផ្ដល់​វត្ថុអនុស្សាវរីយ៍ និងថវិកាបន្ដិចបន្ដួចផងដែរ។

លោក​បន្ត​ថា ការប្រកួតកីឡាទូទៅលើពិភពលោក ក្នុងស្មារតីអូឡាំពិក គឺមិនតម្រូវឲ្យមានការផ្ដល់​ប្រាក់រង្វាន់នោះទេ ក្រៅពីវត្ថុអនុស្សាវរីយ៍បន្ដិចបន្ដួចប៉ុណ្ណោះ។ ជាក់ស្ដែងការប្រកួតអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម រួមទាំងព្រឹត្តិការណ៍កីឡាជាច្រើនទៀត សុទ្ធតែគ្មានប្រាក់រង្វាន់។ ក្រឡេកមកសកម្មភាពកីឡា ក្នុងឱកាសបុណ្យសមុទ្រនេះវិញ ក៏ដូចគ្នា គឺរៀបចំដើម្បីអបអរសាទរ ហើយស្មារតីធំបំផុត នៃការចូលរួមរបស់បងប្អូន ក៏ដើម្បីអបអរព្រឹត្តិការណ៍ជាតិដ៏ធំនេះ ដោយទឹកចិត្ត ដោយឆន្ទៈ និងដោយក្ដីស្រលាញ់ ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព មិនមែនផ្ដោតលើការប្រកួតយកឈ្នះចាញ់ ហើយរឹតតែមិនដើម្បីប្រាក់រង្វាន់ថែមទៀត ។

ដោយឡែកពាក់ព័ន្ធនឹងតម្លៃចុះឈ្មោះចូលរួមប្រណាំងកង់វិញ គឺជាវិភាគទានមួយ ដែលបងប្អូនស្ម័គ្រចិត្តបង់ចូលរួម ហើយការកំណត់នេះ គឺដើម្បីសម្រួលដល់គណៈកម្មការក្នុងការរៀបចំការប្រកួតឲ្យបានរលូន ស្របតាមលក្ខណៈស្ដង់ដា​កីឡា និងសុវត្ថិភាពខ្ពស់ជូនអ្នកចូលរួមប្រណាំង ដែលជារឿងមួយសំខាន់ ដើម្បីធានាបាននូវសុវត្ថិភាព សន្ដិសុខសណ្ដាប់ធ្នាប់ល្អ តាំងពីកន្លែងចេញដំណើរ រហូតដល់ទីព្រ័ត្រ បន្ថែមលើការផ្ដល់ជូននូវអាវយឺត ក៏ដូចជាមេដាយផងដែរ។ រាល់ការប្រកួតប្រណាំងកង់ភាគច្រើនមានការផ្ដល់ឲ្យ​​អ្នកចូលរួមចូលភាគទាន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ក្នុងឱកាសបុណ្យសមុទ្រនេះ សូម្បីការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ដែលធ្វើឡើង៣ថ្ងៃ ពីថ្ងៃទី០៩-១១ ខែធ្នូ នៅតំបន់ឆ្នេរអូរត្រេះ សម្រាប់កីឡាករ-កីឡាការិនីជ័យលាភី ក៏មិនទទួលបានប្រាក់រង្វាន់អ្វីដែរ។ ក្រៅពីមេដាយសម្រាប់កំណត់ជ័យលាភីរបស់ពួកគេប៉ុណ្ណោះ។

ជា​មួយ​គ្នា​នេះ លោក វ៉ាត់ ចំរើន ក៏បានបកស្រាយពាក់ព័ន្ធនឹងការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ បន្ទាប់ពីមានសាធារណជនមួយចំនួន មានភាន់ច្រឡំរឿងប្រើប្រាស់​ពាក្យ “មួយ (MOUY)” ។ ឯកឧត្តមបានពន្យល់ថា ៖«ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នេះ យើងរៀបចំឡើងដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយអនុវត្តតាមធម្មនុញ្ញ​របស់ស៊ីហ្គេម ដែលបានកំណត់យកពាក្យ MOUY សម្រាប់កីឡាប្រដាល់ក្នុងស៊ីហ្គេម និងមានសហព័ន្ធប្រដាល់មួយអន្ដរជាតិដឹងឮ។ រាល់កិច្ចប្រជុំ និងការប្រកួតអន្ដរជាតិផ្លូវការ គេតែងប្រើប្រាស់ពាក្យនេះ តែសូមបញ្ជាក់ថា MOUY មិនមែនសម្ដៅ​លើប្រដាល់ថៃ ឬប្រដាល់ឡាវ ឬប្រដាល់កម្ពុជា ឬប្រដាល់អ្នកណានោះទេ គឺសម្រាប់អនុវត្តជាអន្ដរជាតិ ដោយមានសហព័ន្ធអន្ដរជាតិ​ជា​អាណាព្យាបាល ដែលមានជនជាតិឡាវជាប្រធានសហព័ន្ធ»។

«ប៉ុន្ដែការប្រកួតនៅកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ជាការពិតយើងចង់លើកមុខមាត់ក្បាច់គុនជាតិរបស់យើង។ ហេតុនេះហើយ បានជាយើងតែងហៅការប្រកួតនេះ គឺជាការប្រកួតគុនខ្មែរជើងឯកអាស៊ីអាគ្នេយ៍ ហើយបណ្ដាប្រទេសចូលរួម ក៏មិនបានថាអ្វីដែរ។ ផ្ទុយទៅវិញ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសទាំងអស់ សុទ្ធតែបានសម្ដែងនូវសេចក្ដីរីករាយ និងគាំទ្រ សម្រាប់ការរៀបចំបុរេព្រឹត្តិការណ៍នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣នេះ ហើយសង្ឃឹមថា កម្ពុជានឹងធ្វើបានល្អក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំក្រោយទៀតផង» ។

យ៉ាងណាក្ដី តាមរយៈការបកស្រាយខាងលើ បងប្អូនប្រជាពលរដ្ឋនឹងឈប់ភាន់ច្រឡំរឿងការផ្ដល់ថវិកាលើកទឹកចិត្ត ព្រោះជាការចូលរួម ដើម្បីភាពសប្បាយរីករាយ និងអបអរសាទរពិធីបុណ្យសមុទ្រប៉ុណ្ណោះ។ លើសពីនេះ ឯកឧត្តមបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បន្ដចូលរួមគាំទ្រ និងលើកទឹកចិត្ដ ក៏ដូចជាលេងកីឡា ដើម្បីដំណើរឆ្ពោះទៅរកភាពជោគជ័យនៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទៀតផង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម