កីឡា
កីឡាករកម្ពុជាឆ្នើម៥រូបរបួសធ្ងន់ ប៉ះពាល់ខ្លាំងដល់អាជីពបាល់ទាត់
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាឆ្នើមៗ៥នាក់បានរងរបួសធ្ងន់ធ្ងរដែលប៉ះពាល់យ៉ាងខ្លាំងដល់អាជីពបាល់ទាត់កម្រិតខ្ពស់របស់ពួកគាត់។ តាមពិតទៅមានកីឡាករបាល់ទាត់កម្ពុជាជាច្រើនដែលបានរបួសធ្ងន់ធ្ងរ និងធ្វើការវះកាត់ ប៉ុន្តែថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមបង្ហាញកីឡាករជម្រើសជាតិ៥នាក់ត្រូវចំណាយពេលយូរក្នុងការព្យាបាល ហើយកីឡាករខ្លះបានសម្រេចចូលនិវត្តន៍។
កែវ សុខផេង
កីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លឹបវិសាខា កែវ សុខផេង បានចូលនិវត្តន៍ពីអាជីពបាល់ទាត់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ ដោយសាររបួសរ៉ាំរៃ។ រូបគេជាកីឡាករបាល់ទាត់កម្ពុជាម្នាក់ទទួលបានជោគជ័យទាំងក្នុងជម្រើសជាតិ និងក្លិប ចាប់តាំងពីរូបគេបានលេងបាល់ទាត់អាជីពនៅឆ្នាំ២០១២។ ក្លិបអាជីពលើកដំបូងគឺ បឹងកេត ពីឆ្នាំ២០១២ ដល់ ២០១៥។ បន្ទាប់មក រូបគេបានផ្លាស់ទៅក្លិបភ្នំពេញក្រោន ពីឆ្នាំ២០១៥ ដល់២០១៧។

ឆ្នាំ២០១៨ ប្អូនប្រុសបង្កើតរបស់ កែវ សុខង៉ន បានផ្ទេរទៅកាន់ក្លិបលីគកំពូលម៉ាឡេស៊ី PKNP ហើយលេងបានតែ៤ដងប៉ុណ្ណោះ ប៉ុន្តែរកបាន១គ្រាប់ដែលបានក្លាយជាកីឡាករកម្ពុជាទី១រកបានគ្រាប់បាល់ក្នុងលីគកំពូលម៉ាឡេស៊ី។ ឆ្នាំដដែលនោះ កីឡាករបានវិលត្រឡប់មកកម្ពុជាវិញដោយបានចូលរួមជាមួយក្លិបវិសាខា។ កីឡាករបានជាប់ជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៥ទាំងក្រុមជម្រើសទី១ និងយុវជន។
ច្រឹង ពលរដ្ឋ
ច្រឹង ពលរដ្ឋ ទើបតែបានចែកផ្លូវជាមួយក្លិបចុងក្រោយ ភ្នំពេញក្រោន ដោយមិនទាន់បានបង្ហាញខ្លួនលើទីលានម្តងណាសោះ ដោយសារបញ្ហារបួសជង្គង់រ៉ាំរ៉ៃ បន្ទាប់ពីបានចូលរួមក្លិបកាលពីដើមរដូវកាលនេះ។

ច្រឹង ពលរដ្ឋ ធ្លាប់បានចូលរួមជាមួយក្លិប វិសាខា និងក្លិបថៃ Buriram United ក្នុងលក្ខខណ្ឌខ្ចីជើង ប៉ុន្តែនៅទឹកដីថៃបានតែមួយរយៈពេលខ្លី ក៏បានរបួស ហើយក៏បានត្រឡប់មកវិសាខាវិញ មុនពេលផ្លាស់ទៅភ្នំពេញក្រោន។ ដំណើរអាជីពបាល់ទាត់មិនល្អប្រសើរទាំងនេះគឺសុទ្ធតែបណ្តាលមកពីបញ្ហារបួសជង្គង់រ៉ាំរ៉ៃ។
ជូន ចាន់ចាវ

ខ្សែការពារភ្នំពេញក្រោន និងជម្រើសជាតិកម្ពុជា ជូន ចាន់ចាវ បានអវត្តមានពីទីលានជាងមួយឆ្នាំហើយ បន្ទាប់ពីរូបគេបានរបួស កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ក្នុងការប្រកួតជាមួយក្លិប អាយអេសអាយ ដង្កោសែនជ័យ ក្នុងលីគកំពូលកម្ពុជា។ បើគិតចាប់តាំងពីពេលនោះរហូតដល់ពេលនេះគឺមានរយៈពេលជាង១ឆ្នាំហើយដែលរូបគេនៅតែបន្តការព្យាបាល។
អ៊ុំ សេរីរ័ត្ន

របួសបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អាជីពបាល់ទាត់របស់កីឡាករវ័យក្មេង អ៊ុំ សេរីរ័ត្ន ក្នុងនាមជាអ្នកចាំទីដ៏ល្អ។ អ្នកចាំទីរូបនេះបានលេចធ្លោខ្លាំងកាលពីឆ្នាំ២០១៥ នៅពេលរូបគេបបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជា ទល់នឹង ក្រុមខ្លាំងជម្រើសជាតិជប៉ុន វគ្គជម្រុះ FIFA World Cup Russia ឆ្នាំ២០១៨ ជុំទី២។ រូបគេបានសង្គ្រោះបាល់ប៉េណាល់ទីរបស់កីឡាករ Shinji Okazaki ដែលពេលនោះកម្ពុជាចាញ់ជប៉ុន ០-២។
នៅឆ្នាំ២០១៨ រូបគេបានរបួសដាច់សរសៃជង្គង់ ACL ដែលត្រូវបានធ្វើការវះកាត់ និងចំណាយព្យាបាលជាង១ឆ្នាំទើបអាចវិលត្រឡប់ចូលទីលានវិញ។ ឆ្នាំ២០២១ អ្នកចាំទីរូបនេះបានរបួសដាច់សរសៃ ACL ជាលើកទី២នៅពេលក្រុមក្រសួងការពារជាតិ ប្រកួតក្នុងលីគកំពូលកម្ពុជាដែលត្រូវចំណាយពេលព្យាបាលជាច្រើនខែ។

នៅខែធ្នូ ឆ្នាំ២០២៣ អ្នកចាំទីរូបនេះបានវិលត្រឡប់មកកាន់ទីលានវិញ ប៉ុន្តែមិនសូវបានលេងពេញលេញទេ។ នៅរដូវកាល២០២៤-២៥ រូបគេក៏ជួបបញ្ហារបួសញាំញីជាថ្មីដែលបង្ខំចិត្តសម្រាកដើម្បីព្យាបាលរបួសទៀត។
ចាន់ វឌ្ឍនាកា
អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា បានរបួសដាច់សរសៃ ACL ជង្គង់ឆ្វេង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅពេលបឹងកេតប្រកួតជាមួយ ក្រុមខេត្តកំពង់ចាម ក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។ បន្ថែមលើការដាច់សរសៃ ACL ទ្រនាប់ឆ្អឹងខ្ចីជង្គង់បានបែកថែមទៀត។

នេះជារបួសដាច់សរសៃ ACL លើកទី២របស់ ចាន់ វឌ្ឍនាកា បន្ទាប់ពីលើកទី១ នៅពេលបឹងកេតប្រកួតជាមួយវិសាខា ក្នុងកម្មវិធី Pre-Season Cup ថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២២ នៅកីឡដ្ឋានព្រីនស៍។ កាលពីខែមីនា ឆ្នាំ២០២៣ រូបគេក៏បានកើតមានរបួសដែរដែលបានធ្វើឲ្យបាត់បង់ឱកាសជាប់ជម្រើសជាតិ និងបង្ហាញខ្លួនជម្រើស១១នាក់ដំបូងរបស់ក្លិប។
កាលពីពេលថ្មីៗកន្លងទៅនេះ ចាន់ វឌ្ឍនាកា បានប្តេជ្ញាខិតខំប្រឹងប្រែងជាថ្មីដើម្បីទទួលបានឱកាសជាប់ជម្រើស១១នាក់ដំបូង និងជាប់ជម្រើសជាតិកម្ពុជា ប៉ុន្តែរបួសជាថ្មីនេះបានប៉ះពាល់ដល់អាជីពបាល់ទាត់របស់គេធ្ងន់ធ្ងរណាស់៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


