Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ ៖ កម្ពុជាធ្លាប់ទទួលជំនួយពីបរទេស តែបច្ចុប្បន្ន ជាប្រទេសដែលជ្រោមជ្រែងគេវិញ លើសន្តិភាព និងពង្រឹងសន្តិសុខសកល

បានផុស

នៅ

បណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា កម្ពុជា ធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស ហើយបច្ចុប្បន្ន ក្លាយជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងជំរុញពង្រឹងសន្តិសុខសកល។ នេះ បើតាមការលើកឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសបើកវេទិកាភ្នំពេញលើកទី៤ ស្ដីពី «ពហុភាគីនិយមទល់នឹងឯកតោភាគីនិយម៖ស្វ័យភាពជាយុទ្ធសាស្ត្រ និងជម្រើសគោលនយោបាយរបស់អាស៊ាន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ បណ្ឌិត យង់ ពៅ កត់សម្គាល់ថា កម្ពុជាដែលធ្លាប់ជាប្រទេសទទួលបានការជួយសង្គ្រោះពីបរទេស បច្ចុប្បន្ន បានក្លាយទៅជាប្រទេសដែលជួយជ្រោមជ្រែងសន្តិភាព និងសន្តិសុខសកល ទាំងនៅក្នុងក្របខ័ណ្ឌនយោបាយការបរទេស កងទ័ពរក្សាសន្តិភាព និងបញ្ញវន្តផងដែរ។ លោកបញ្ជាក់ថា ក្នុងដំណាក់កាលដែលសណ្ដាប់ធ្នាប់ពិភពលោកបានចាប់ផ្ដើមជាមួយនឹងនិន្នាការថ្មី ដោយសារតែរបៀបវារៈថ្មីៗដូចជា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មជ្ឈិមបូព៌ា និងចុងក្រោយគឺបញ្ហានៅក្នុងតំបន់អាស៊ាន កម្ពុជាត្រូវតែយកចិត្តទុកដាក់ចំពោះបញ្ហាពិភពលោក ព្រោះដើម្បីសម្របខ្លួន និងឆ្លើយតបជាមួយនឹងការផ្លាស់ប្ដូរសណ្ដាប់ធ្នាប់និងភូមិសាស្ត្រនយោបាយពិភពលោក ចៀសវាងត្រូវបានគេផាត់ចេញពីចំណែកនៅក្នុងនយោបាយ និងបញ្ហាសាកលលោក។

ជាមួយគ្នានេះ ធនធានបញ្ញវន្តកម្ពុជាដែលបានបញ្ចប់ការសិក្សានៅក្នុងប្រទេស និងពីបណ្ដាប្រទេសនានាលើសាកលលោក បានក្លាយជាអ្នកនាំសំឡេង និងឆន្ទៈស្រឡាញ់សន្តិភាពទៅកាន់វេទិកាអន្តរជាតិជាច្រើនបន្តបន្ទាប់ ចូលរួមនៅក្នុងផ្ដល់ទស្សនទានប្រកបដោយន័យស្ថាបនាចំពោះបញ្ហាដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោកផងដែរ។ នេះ គឺជាការកែប្រែមុខមាត់ថ្មីរបស់កម្ពុជា ដែលធ្លាប់ជាប្រទេសរងគ្រោះដោយសារសង្គ្រាម និងត្រូវការការជួយសង្គ្រោះពីបរទេស ទៅជាប្រទេសជួយជ្រោមជ្រែងយ៉ាងសកម្មដល់សន្តិភាព និងជំរុញពង្រឹងសន្តិសុខសាកល។

បណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ ថា ប្រឈមមុខនឹងការវិវត្តឥតឈប់ឈរ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការប្រែប្រួលនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ក្រៅតែពីការពង្រឹងនូវស្វ័យភាពនិងឯករាជ្យភាពផ្អែកទៅលើច្បាប់អន្តរជាតិ ការពង្រឹងសមត្ថភាពយោធា ក៏ជាចំណែកដ៏សំខាន់មួយដែលប្រទេសកម្ពុជាត្រូវយកចិត្តទុកដាក់ខ្លាំងបន្ថែមទៀតផងដែរ។ លោកបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “ត្រូវតែគិតឱ្យលើសពីអាហារបីពេល គិតឱ្យលើស ឱ្យសល់លុយទិញសព្វាវុធថ្មីៗបន្ថែមទៀតដើម្បីទំនើបកម្មយោធា ប្រឈមទៅនឹងមហិច្ឆតារំលោភបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីពីសំណាក់ប្រទេសជិតខាងមួយចំនួន”។

លើសពីនេះ បណ្ឌិត យង់ ពៅ ថាបន្ថែមពីលើការពង្រឹងសមត្ថភាពការពារជាតិ កម្ពុជាត្រូវតែក្រឡេកមើលបទពិសោធប្រវត្តិសាស្ត្រ មូលដ្ឋានគតិយុត្តិដែលមានស្រាប់ ព្រមទាំងធ្វើពិពិធកម្មការទូតប្រកបដោយភាពសកម្ម ដើម្បីឱ្យដទៃគូទាំងនោះអាចក្លាយជាអន្តរការីដោះស្រាយ ឬរួមចំណែកនៅក្នុងបញ្ហាផ្សេងៗ មិនត្រឹមតែជាជម្លោះកម្ពុជា-ថៃប៉ុណ្ណោះទេ តែថែមទាំងនៅក្នុងវិស័យផ្សេងៗទៀតដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូតជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម