ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ៖ កម្ពុជាតែងប្រកាន់ជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ និងផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភាគីជាមិត្តបរទេសរបស់កម្ពុជាទាំងអស់ ពុំគួរមានការព្រួយបារម្ភចំពោះការដែលកម្ពុជាអាចនឹងងាករេចេញពីជំហរដែលខ្លួនបានប្រកាស ដែលអាចប៉ះពាល់តុល្យភាពភូមិសាស្ត្រនយោបាយតំបន់នោះឡើយ ព្រោះកម្ពុជាតែងតែប្រកាន់ជំហរនយោបាយឯករាជ្យ អព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ផ្ដល់តម្លៃលើការដោះស្រាយបញ្ហាដោយសន្តិវិធី និងរួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្ដាប្រទេសទាំងឡាយលើពិភពលោក។ នេះបើតាមរាជបណ្ឌិត្យសភាកម្ពុជា។

ការលើកឡើងរបស់លោកបណ្ឌិត ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះបើកវេទិកាទំនាក់ទំនងអន្តរជាតិលើកទី៤ ស្ដីពី «គោលនយោបាយការបរទេសរបស់រដ្ឋតូច៖ ការទូតសន្តិភាពនិងការទូតបង្ការ» នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ នៅរាជបណ្ឌិត្យសភាកម្ពុជា។
តាមប្រភពដដែល ដោយចាប់ផ្ដើមពីការលើកឡើងអំពី សណ្ដាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន ដែលហាក់ត្រូវបានរុះរើនៅចាប់តាំងពីក្រោយការបញ្ចប់សង្គ្រាមត្រជាក់ លោកបណ្ឌិត យង់ ពៅ បានកត់សម្គាល់ឃើញថា ការរង្គោះរង្គើរសណ្ដាប់ធ្នាប់ពិភពលោក ត្រូវបានកែប្រែជាបន្តបន្ទាប់ ទាំងមជ្ឈិមបូព៌ា អាស៊ី ពិសេសនៅតំបន់អាស៊ានដែលប្រទេសជាសមាជិកធ្លាប់មានសុខដុមនីយកម្មនឹងគ្នា ស្រាប់តែមានការប្រឈមនឹងវិបត្តិតាមរយៈបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ ស្របពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានវិវត្តទៅជាបញ្ហាប្រឈមខ្លាំង ចំពោះសន្តិសុខ និងការប្រណាំងប្រជែងសព្វាវុធនៅក្នុងតំបន់អាស៊ាននោះ មានការលើកឡើងពីអ្នកវិភាគមួយចំនួនដែលបង្ហាញការព្រួយបារម្ភថា ជម្លោះព្រំដែនកម្ពុជា-ថៃ អាចនឹងក្លាយទៅជាការអូសទាញដៃមហាអំណាចឱ្យចូលរួម ដែលបង្កើតទៅជាការប្រឈមខាងភូមិសាស្ត្រនយោបាយ នៅក្នុងតំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា ភាគីជាមិត្តបរទេសទាំងអស់ មិនគួរមានការព្រួយបារម្ភចំពោះការវិវត្តពីជម្លោះព្រំដែនកម្ពុជា-ថៃ ក្លាយទៅជាការប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោកនោះឡើយ ព្រោះរាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ជំហរអព្យាក្រឹត្យយ៉ាងម៉ឺងម៉ាត់នៅចំពោះមុខការប្រកួតប្រជែងរបស់មហាអំណាចពិភពលោក។ លោកបណ្ឌិតបានថ្លែងសង្កត់ធ្ងន់ថា ក្រោយការបោះឆ្នោតឆ្នាំ១៩៩៣រហូតរៀងមក ថ្នាក់ដឹកនាំកម្ពុជា បានប្រកាន់យកយ៉ាងខ្ជាប់ខ្ជួននូវនយោបាយការបរទេសអព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ព្រមទាំងរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងបណ្ដាប្រទេសដទៃទៀតទាំងអស់នៅលើពិភពលោក ដូចដែលមានចែងយ៉ាងច្បាស់នៅក្នុងមាត្រា ៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ទោះជាយ៉ាងណា លោកបណ្ឌិតបានមានប្រសាសន៍គូសបញ្ជាក់ផងដែរថា ថ្វីដ្បិតតែមហាអំណាចមួយចំនួន ព្យាយាមប្រើឥរិយាបថបង្ខំឬបង្គាប់បញ្ជាឱ្យប្រទេសតូចៗ ប្រកាន់ជំហរទៅតាមយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីបង្កើនឥទ្ធិពលនៅក្នុងតំបន់ ប៉ុន្តែមហាអំណាចមិនត្រូវធ្វើអ្វីស្រេចតែនឹងចិត្ត ដែលអាចជាបច្ច័យនាំទៅដល់ការលាប់ឡើងនៃសង្គ្រាមត្រជាក់នោះទេ។ ជាមួយគ្នានេះ លោកបណ្ឌិតបានបន្ត ទៀតថា គេក៏មិនត្រូវព្យាយាមអូសទាញមហាអំណាចមកចូលរួមជាអ្នកគាំទ្រភាគីណាមួយក្នុងជម្លោះនេះ រហូតឈានដល់ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនោះទេ ព្រោះការណ៍នេះមិនមានផលចំណេញអ្វីទាល់តែសោះសម្រាប់ប្រទេសក្នុងតំបន់ និងមហាអំណាច។
បើតាមលោកបណ្ឌិត កម្ពុជាត្រូវតែចាប់ដៃជំរុញទំនាក់ទំនងល្អជាមួយមហាអំណាច ដើម្បីយកធ្វើជាដៃគូសហប្រតិបត្តិការ ជាតួអង្គអន្តរការីដើម្បីចូលរួមដោះស្រាយបញ្ហា ជាជាងអូសទាញឬដាក់បន្ទុកថា មហាអំណាចណាមួយផ្ដល់ការគាំទ្រភាគីនីមួយៗ ហើយបញ្ហាតានតឹងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ នឹងមានភាពធូរស្រាលឆាប់រហ័ស ហើយឈានទៅបង្កើតប្រក្រតីភាពប្រសើរឡើងវិញ។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ជាថ្មីទៀតថា សម្រាប់កម្ពុជាក្នុងឋានៈជារដ្ឋតូច តែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ ស្របតាមមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ១៩៩៣ ដែលជាគោលការណ៍គ្រឹះនៅក្នុងនយោបាយការបរទេសកម្ពុជា ប្រឈមនឹងការពង្រឹងយុទ្ធភូមិសាស្ត្រនយោបាយរបស់មហាអំណាចពិភពលោក និងមហាអំណាចតំបន់។ លោកបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនអាចពង្រឹងជំហរអព្យាក្រឹត្យរបស់ខ្លួនបាននោះទេ នោះកម្ពុជានឹងធ្លាក់ក្នុងការប្រឈមភូមិសាស្ត្រនយោបាយរវាងមហាអំណាច ហេតុនេះ ទើបកម្ពុជាតែងតែព្យាយាមរក្សាលំនឹងទំនាក់ទំនងជាមួយមហាអំណាចទាំងអស់ តាមរយៈការបន្តប្រកាន់ខ្ជាប់ជំហរនយោបាយការបរទេសរបស់ខ្លួនដូចរៀបរាប់ខាងលើនេះ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


