Connect with us

ព័ត៌មានអន្ដរជាតិ

វិមានក្រឹមឡាំងប្រាប់​ថា ខ្លួននឹងគាំទ្រលោក ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព

បានផុស

នៅ

ជំនួយការរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយ​នា​ថ្ងៃសុក្រ​ទី​១០​ខែតុលា​នេះ​ថា ប្រទេសរុស្ស៊ីនឹងគាំទ្រការតែងតាំងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់រង្វាន់ណូបែលសន្តិភាព។

លោក Yuri Ushakov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Ushakov បានប្រាប់អ្នកយកព័ត៌មានរដ្ឋ​រុស្ស៊ី TASS ថា «វិមានក្រឹមឡាំងនឹងគាំទ្របេក្ខភាពរបស់លោក ត្រាំ» ដោយកត់សម្គាល់ពីការកោតសរសើររបស់ទីក្រុងមូស្គូចំពោះកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

អ្នកឈ្នះរង្វាន់ណូបែលសន្តិភាពសម្រាប់ឆ្នាំ២០២៥ នឹងត្រូវបានប្រកាសនា​ថ្ងៃ​សុក្រនេះ ទោះបីជាអ្នកវិភាគនិយាយថា លោក ត្រាំ ទំនង​ជា​មិន​អាច​ទទួល​បាន​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ។

រុស្ស៊ី​បាន​សម្តែង​ការ​ដឹងគុណ​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ប៉ុនប៉ង​របស់​លោក ត្រាំ ក្នុង​ការ​បង្កើត​បទ​ឈប់​បាញ់​នៅ​អ៊ុយក្រែន។ ការ​ប្រកាស​ការ​គាំទ្រ​របស់​រុស្ស៊ី ធ្វើ​ឡើង​​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាន​លើក​ឡើង​ថា ក្រុងកៀវ នឹងតែងតាំងលោក ត្រាំ សម្រាប់ពានរង្វាន់​ណូបែល​សន្តិភាព បើគាត់​ទទួលបានជោគជ័យក្នុងការបញ្ឈប់សកម្មភាពយោធារបស់រុស្ស៊ី។

ទោះជាយ៉ាងណាក៏ដោយ លោក Ushakov បានថ្កោលទោសការប៉ុនប៉ងរបស់​លោក ហ្សេលេនស្គី ក្នុងការភ្ជាប់ការតែងតាំងទៅនឹងការផ្តល់មីស៊ីល Tomahawk របស់អាមេរិកដល់ទីក្រុងកៀវ។ លោក​ Ushakov បានហៅគំនិតនេះថា «អាក្រក់​ក្រៃលែង» និង «ឆោតល្ងង់»។ លោក​បាន​និយាយ​ថា​ «​រង្វាន់​សន្តិភាព​សម្រាប់​ការ​ផ្គត់ផ្គង់​សព្វាវុធ នោះ​ជា​គំនិត​ដ៏ចម្លែក​បំផុត»៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម