Connect with us

ព័ត៌មានជាតិ

​​តើ​ដំណើរ​​ឆ្ពោះទៅ​រក «កិច្ច​ព្រមព្រៀង​សន្តិភាព​ផ្លូវការ» ​​រវាង​កម្ពុជា​និងថៃ​ រឹងមាំឬ​នៅ​?​​

បានផុស

នៅ

​​ប្រទេសកម្ពុជា​និង​ថៃ​កំពុង​ស្ថិតនៅក្នុងតំណាក់​កាល​នៃ​ការ​អនុវត្ត​បទ​ឈប់បាញ់ដែល​មាន​ភាព​ផុយស្រួយ​​ក្នុងពេលចាប់ផ្តើម ​​ប៉ុន្តែ​បាន​ក្លាយ​ជា​ចំណុច​ដ៏​​​រឹងមាំ​ក្នុងដំណាក់​កាល​ចុង​ក្រោយ​នេះ​​ បន្ទាប់​ពី​ការ​លូក​ដៃ​របស់សហរដ្ឋអាមេរិក​​​ចូលកាន់​តែ​ជ្រៅ និង​​កត្តាអំណោយ​ផល​​​ពី​ពេលវេលា​​​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​មានវត្តមាន​របស់​​ប្រធាធិបតីសហរដ្ឋអាមេរិក​​​ លោក ដូណាល់ ត្រាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារ​តែ​សុ​ឆន្ទៈខ្ពស់​​​​​​​របស់​ភាគី​សម្របសម្រួលទាំងសហរដ្ឋអាមេរិក និង ម៉ាឡេស៊ី បើទោះបី​ភាគី​ថៃ​​​ម្តងហើយ​ម្តងទៀត ​​​​​ហាក់​សំដែង​ការ​មិនពេញចិត្ត​​​​ចំពោះដំណើរ​ការ​ចរចា​នេះ ប៉ុន្តែ​ភាគី​ថៃ​គ្មាន​ជម្រើសអ្វីផ្សេង​ក្រៅ​ពី​ការ​ទទួលយក​ដោយ​មិន​អស់ចិត្ត និង​ទាំងអាម៉ាស​​នូវ​ទង្វើ​ដែលខ្លួន​បានសាង​នោះទេ​។

​​​​ក្នុងជម្លោះ​​​ព្រំដែន​ដែលនាំទៅដល់​ការ​ផ្ទុះ​អាវុធ​ទ្រង់ទ្រាយ​​​​​ធំ​មិនធ្លាប់មាន ដោយ​ភាគី​ថៃ​​បាន​ប្រើប្រាស់​​អាវុធ​​ទំនើប​ៗ និង​គ្រប់មធ្យោបាយ​​​ប្រយុទ្ធ បូករួម​​ទាំង​ប្រើប្រាស់​យន្តហោះ​ចម្បាំង​​​ពី​លោក​ខាងលិច​​ ដូចជា F-16​ ផលិត​នៅសហរដ្ឋ​អាមេរិក​ និង Gripen C/D ផលិត​នៅ​ប្រទេស​ស៊ុយអែត​ ភាគីជម្លោះ​​ថៃ​និង​កម្ពុជា បានឈាន​ដល់​កិច្ច​ព្រម​ព្រៀង​បទ​ឈប់បាញ់​​មួយ​កាលថ្ងៃទី​​២៨ខែ​កក្កដាឆ្នាំ​២០២៥ ដោយ​ការ​ដាក់សម្ពាធ​​យ៉ាងខ្លាំង​​ពី​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណល់ ត្រាំ លើ​ភាគីជម្លោះទាំងពីរ​​​ជា​ថ្នូរ​​​នឹង​ការ​បន្ធូរបន្ថយ​ពន្ធ​​​​នាំចូល​ទីផ្សារ​អាមេរិក​​។

​​ក្នុង​ដំណើរ​ឆ្ពោះទៅរក​​ការ​ចុះ​ហត្ថលេខា​លើ​​កតិកាសញ្ញា​សន្តិភាព​ (​Peace Accord/Agreement) ​ដែល​ជា​ការ​ចង​កាតព្វកិច្ច​​ភាគី​​ជម្លោះ​ក្នុងច្បាប់អន្តរជាតិ ដើម្បី​​ទទួលបាន​​នូវ​​​​​សន្តិភាព​ពេញលេញនៅតាមបណ្តោយ​ព្រំដែន ប្រទេសថៃ​​និង​កម្ពុជា​ពេលនេះ​​​ស្ថិតនៅ​ក្នុងដំណាក់​កាល​នៃ​ការ​ត្រួតពិនិត្យ​បទ​ឈប់​បាញ់ (Ceasefire Monitoring) ដែលដឹកនាំ​ការ​អនុវត្ត​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​​ ដែល​ជា​ប្រធានអាស៊ាន​នាពេលនេះ​ រហូតដល់​ចុង​ឆ្នាំ​​២០២៥​។ ​

តើ​អ្វីជា​ការ​ត្រួតពិនិត្យ​បទ​ឈប់បាញ់? ​

​ការ​ត្រួតពិនិត្យ​បទ​ឈប់បាញ់ ​គឺ​ជា​ដំណើរ​ការ​​​​​មួយ​ដែល​ធ្វើ​ឡើង​ដោយ​​​​​ស្ថាប័ន ឬក្រុមអធិការកិច្ច​​ដែល​មាន​ការ​ចាត់​តាំង​ពី​ស្ថាប័ន​មានសមត្ថកិច្ច​​ចំបង​ដើម្បី តាមដាន សង្កេត និងរាយការណ៍ អំពីការអនុវត្តន៍នៃកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីធានាថា ភាគីទាំងអស់គោរពតាម។

​ក្នុងករណី​ជម្លោះ​​​រវាង​​កម្ពុជា​​​និង​ថៃ ​ដែលស្ថិតនៅ​ក្នុងតំបន់​អាស៊ាន​ គឺ​អាស៊ាន​ជា​​ស្ថាប័ន​​មានសមត្ថកិច្ច​​​​ស្រប​តាមច្បាប់​អន្តរជាតិ​ក្នុងការ​ដាក់​ចេញ​ដំណើរ​ការ​សម្រាប់​ការ​ត្រួតពិនិត្យ​បទ​ឈប់បាញ់ដែល​​ភាគី​ទាំងពីរ​បាន​យល់​ព្រម​កាល​ពីថ្ងៃទី​​២៨ខែ​កក្កដា ក្រោយ​ការ​ប្រយុទ្ធ​គ្នា​អស់រយៈពេល​៥ថ្ងៃ​និង​៥​យប់ ដែល​ភាគី​​និមួយ​ៗ បាន​ចោទ​ដាក់​គ្នា​ទៅវិញ​ទៅមក​​​ថា ជាអ្នក​បង្ក​ហេតុ​​ផ្ទុះ​អាវុធ​មុន​នោះ។

ជាទូទៅ​​​ការ​ត្រួតពិនិត្យ​បទ​ឈប់បាញ់​មានគោលបំណងសំខាន់​ ដូចខាងក្រោម​៖

១៖ ធានាថា ភាគីទាំងអស់គោរពបទឈប់បាញ់ (មិនវាយប្រហារ​​ជាថ្មីទៀត​​)។ ក្នុងករណី​បែបនេះ​ក្នុងពេលកន្លងមក គេ​សង្កេតឃើញ​​ថា ​​ក្រុម​អង្កេតការណ៍​បណ្តោះអាសន្ន​ (IOT) ដឹកនាំ​​​ដោយ​​យោធា​​​ម៉ាឡេស៊ី​​ ជាប្រធានអាស៊ាន និង​មានការ​ចូលរួម​ពីបណ្តា​ប្រទេសមួយចំនួន ដូចជា ឥណ្ឌូណេស៊ី ​ហ្វីលីពីន ប្រ៊ុយណេ សិង្ហបុរី​ ជាដើម តែ​​ងតែ​​​ចល័ត​ភ្នាមៗ​ ទោះក្នុងពេលយប់ឬ​ថ្ងៃ​ នៅពេលណា​ដែលមានសេចក្តីរាយការណ៍​ថា មានផ្ទុះអាវុធ​។ ការ​​ត្រួតពិនិត្យ​របស់​ពួកគេ​​ មានប្រសិទ្ធភាព និង​ធ្វើការ​មិនខ្លាច​នឿយហត់ ដើម្បីកំណត់ថា​ភាគី​ណាជាអ្នក​បង្ក​​ហេតុ។

២៖ កត់ត្រា និងរាយការណ៍ការរំលោភ (violations) ដូចជា ការបាញ់ ការផ្លាស់ទីកងទ័ព ឬការចាប់ខ្លួន។ រាល់​ពេលនៃ​ការ​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ ច្បាស់​ណាស់​ថា ​​ក្នុងនាម​ជាអ្នក​អង្កេតការណ៍​ឯករាជ្យ មិនលម្អៀង​ទៅភាគី​ខាងណា ការ​កត់ត្រា និង​ការ​សន្និដ្ឋាន​របស់​ក្រុមអង្កេតការណ៍​នឹង​ក្លាយ​ជាភស្តុតាង​នៅ​ពេល​មានរឿង​ក្តី​កើត​ឡើង​នៅពេលអនាគត​។​

៣៖ បង្កើតទំនុកចិត្ត (confidence building) រវាងភាគីប្រយុទ្ធ។ ​ក្នុ​​ង​ដំណាក់កាលនេះ ​ក៏​ជាពេលវេលា​សំខាន់​សម្រាប់​ភាគី​ជម្លោះ​ក្នុង​ការ​​​​បង្ហាញ​ឆន្ទៈ​បញ្ចប់ជម្លោះ​តាមរយៈ​ក្រុម​អង្កេតការ​ណ៍​ដើម្បីបង្ហាញ​បំណង​ផ្សះផ្សា​​ឡើង​វិញ​។ ជាទូទៅ ការ​បង្កើត​ទំនុកចិត្ត​មិនអាច​ធ្វើឡើង​រវាង​ភាគី​ជម្លោះ​ផ្ទាល់​នោះទេ ព្រោះ​ពួក​គេ​​តែង​តែ​មាន​ពាក្យ​​ចោទ​ប្រកាន់​គ្នា​ទៅវិញទៅមក ប៉ុន្តែ​តាមរយៈភាគី​ទី៣​ គឺ​​មាន​ប្រសិទ្ធភាព​ខ្ពស់ ដោយសារ​តែ​​ភាគី​ជម្លោះ​រៀងៗខ្លួន​មិនអាច​និយាយ​អ្វីស្រេចតែ​ចិត្តខ្លួន​ឯង​បានទេ​។ កន្លងមក​​​​ភាគី​ថៃ​តែងតែ​ចង់​ចរចា​​ជាមួយកម្ពុជា​ជាលក្ខណៈទ្វេភាគី ប៉ុន្តែ​ដើម្បីកសាង​​ទំនុក​ចិត្តជា​អន្តរជាតិ ​កម្ពុជា​​ត្រូវការ​ភាគី​ទី៣ ​ទោះបី​កម្រិត​​​ត្រីភាគី ចតុភាគី ឬ​ក៏ពហុភាគី​

៤៖ ជាជំហានដំបូងនៃសន្តិភាពអចិន្ត្រៃយ៍៖​ ការត្រួតពិនិត្យ​បទ​ឈប់បាញ់​នេះ​ជា​ដំណាក់​កាល​សំខាន់ណាស់​​ដើម្បីធានា​ឲ្យ​បាន​នូវ​ស្ថិរភាព​យូរ​អង្វែង​ ឬជា​អចិន្ត្រៃយ៍​ក្នុងពេលខាងមុខ​។ សម្រាប់ជម្លោះ​កម្ពុជា​និង​ថៃ ​អាច​និយាយបានថា ​ការ​ត្រួ​​ត​បទ​ឈប់បាញ់​មានប្រសិទ្ធភាព​ខ្ពស់ ដោយសារ​ឆន្ទៈ​ដ៏​មោះមុត​របស់ភាគី​ម៉ាឡេស៊ី​ជា​​ប្រធានអាស៊ាន។ រដ្ឋាភិបាល​​​ម៉ាឡេស៊ី​​ ដឹកនាំ​ដោយ​​នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលធ្លាប់តស៊ូ​​ក្នុងនយោបាយ​ជាច្រើនទសវត្សរ៍​ ​បាន​ដាក់​ចេញ​នូវវិធានការ​ណ៍​​​ដ៏​មានប្រសិទ្ធភាព​ដើម្បីត្រួតពិនិត្យ។ កាន់តែសំខាន់​ទៀតនោះ គឺ​​ រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​រដ្ឋបាល​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​​ជំរុញ​រឿង​នេះ​តាមរយៈប្រធាន​អាស៊ាន​។​

តើ​អ្នកណាឬ​ស្ថាប័នណា​មានសិទ្ធិត្រួតពិនិត្យ​បទ​ឈប់​បាញ់?​

​សម្រាប់​ជម្លោះ​ប្រទេសនិង​ប្រទេស ការត្រួតពិនិត្យ​ការ​អនុវត្តបទ​ឈប់បាញ់​អាចធ្វើដោយ ស្ថាប័ន​​អន្តរជាតិ ដូចជា អង្គការអន្តរជាតិ (UN), អាស៊ាន (ASEAN), ឬសហព័ន្ធអាហ្វ្រិក (AU)​, ​​​ជាដើម​ ប៉ុន្តែ​សម្រាប់​ជម្លោះ​ក្នុង​ប្រទេស​វិញ ការ​ត្រួតពនិត្យ​បទឈប់បាញ់​ អាច​មានស្ថាប័ន​អន្តរជាតិខាងលើ ឬ​ក៏ភាគី​ទី៣ណាមួយដែល​​​ភាគី​ជម្លោះឯកភាព​​​​ទទួល​យក​​ ដែលភាគីជម្លោះ​យល់​ថាមាន​ភាពយុត្តិធម៌​​មិនលម្អៀង​សម្រាប់ពួកគេ។

សម្រាប់​ករណី​ប្រទេសកម្ពុជានិង​ថៃដែលមាន​​ជម្លោះ​បង្ហូរឈាមចុងក្រោយនេះ​​ ប្រទេសម៉ាឡេស៊ី​​ជា​ប្រធានអាស៊ាន​បាន​​សម្រេច​​​បង្កើត​ក្រុម​ត្រួតពិនិត្យ​តាម​ធម្មនុញ្ញអាស៊ាន។ ការ​ត្រួតពិនិត្យ​​បទឈប់​បាញ់​​​​​ក្នុងពេលកន្លងមក​ បន្ទាប់ពី​បទ​ឈប់បាញ់​ចូលជាធរមាន​ជាង​២ខែ​នេះ រាប់​ថា ជាដំណើរ​ឆ្ពោះ​ទៅរក​​​កិច្ច​ព្រមព្រៀង​​សន្តិភាព​​​ប្រកបដោយ​ប្រសិទ្ធភាព​​​៕​

រ៉ាន់ រើយ​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម