Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ខេត្តតាកែវ​រួមគ្នា​លើក​កម្ពស់​ប្រសិទ្ធភាព​App NoDrug

បានផុស

នៅ

តាកែវ ៖ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានរួមគ្នា បើក​សិក្ខាសាលា​លើក​កម្ពស់​ការ​យល់ដឹង​ជា​ទូទៅ​ពី​បញ្ហា​គ្រឿង​ញៀន ច្បាប់ស្តីពីការ ត្រួត​ពិនិត្យគ្រឿងញៀន និងការជំរុញការទាញយកកម្មវិធីទូរសព្ទដៃ NoDrug ដោយមានការអញ្ជើញ​ចូលរួម​ពី​តំណាងមន្ទីរ អង្គភាព កងកម្លាំង និងអភិបាលស្រុក លោកមេឃុំ ចៅសង្កាត់ ទូទាំងខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យង់ សវឌ្ឍនា អភិបាលរងខេត្ត និង​ជាប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវបានថ្លែងថា សិក្ខាសាលានេះ​រៀបចំឡើង​ដើម្បីបង្កើនការយល់ដឹងអំពីផលប៉ះពាល់ និងគ្រោះថ្នាក់បណ្តាលមកពីបញ្ហាគ្រឿងញៀន បង្កើនការយល់ដឹងអំពីច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងជម្រុញការទាញយកកម្មវិធី App NoDrug ក៏ដូចជាបង្កើនការចូលរួមឱ្យកាន់តែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន រួមចំណែកអនុវត្តនូវផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ ធ្វើឱ្យសម្រេចបាននៅឆន្ទៈដ៏មុតស្រួចរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាគ្រឿងញៀន និងបានណែនាំ​ឱ្យ​បន្ត​សកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសមេឃុំ មេភូមិ ជួយបំផុសឲ្យប្រជាពលរដ្ឋប្រើប្រាស់ App NoDrug ដែល​ជា​មធ្យោបាយ​មួយ​ដ៏​ប្រជាប្រិយភាព​ក្នុង​ការ​ប្រើប្រាស់​ដើម្បីរាយការណ៍ពី​បទល្មើស​គ្រឿងញៀន​ក្នុង​មូលដ្ឋាន​ទៅ​កាន់​សមត្ថកិច្ចជំនាញ ឈាន​ទៅ​ធ្វើ​ការ​បោសសម្អាត​គ្រឿងញៀន​ចេញ​ពី​ភូមិ​ឋាន​របស់​ប្រជាពលរដ្ឋ តាម​អ្វី​ដែលជា​គោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយ​ជា​យន្ដការដ៏មានប្រសិទ្ធភាព និង​រក្សាការសម្ងាត់ដល់អ្នក​ដែលរាយការណ៍​និងជួយ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន សិស្សានុសិស្ស ពិសេសយុវជន ឱ្យ​បាន​យល់ដឹង និង​ប្រើប្រាស់​គឺ​ស្មើ​នឹង​ជួយ​ខ្លួនឯង។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ និង​ទំនាក់ទំនង​សាធារណៈ​នៃអគ្គលេខាធិការដ្ឋាន​អាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ពាំនាំ​នូវ​ការ​ថ្លែងការណ៍​កោតសរសើរ​ពី​លោក​សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនជូន​ចំពោះ​គ្រប់​សមាសភាព​ទាំងអស់​របស់​ខេត្តតាកែវ​ដែល​បាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

ឧត្តមសេនីយ៍ឯក លឹម តុងហួត បាន​បន្ត​ថា កាល​ណា​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​ពាក់ព័ន្ធ​នឹង​បញ្ហាគ្រឿងញៀន​ពួក​គាត់​នឹង​មិន​ទៅ​ប៉ះពាល់គ្រឿងញៀននោះទេ ក៏​ដូច​ជា​បាន​ដឹង​ពី​អត្ថប្រយោជន៍App NoDrug ពួក​គាត់​នឹង​មាន​ចំណេះដឹងហើយ​នឹង​អាច​រាយការណ៍​យក​គ្រឿងញៀន​ចេញ​ពី​សហគមន៍​នាំ​មក​នូវ​សុវត្ថិភាពនិងការអភិវឌ្ឍន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម