Connect with us

ព័ត៌មានជាតិ

លោក នេត សាវឿន៖ បរិមាណគ្រឿងញៀនប៉ុនប៉ងនាំចូលកម្ពុជាថយចុះ ខណៈទីតាំងកែច្នៃត្រូវបានលុបបំបាត់ស្ទើរទាំងស្រុង

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបបទល្មើសគ្រឿងញៀននៅឆ្នាំ២០២៥ កន្លងទៅ ទទួលបានលទ្ធផលវិជ្ជមាន ដោយបរិមាណគ្រឿងញៀនប៉ុនប៉ងនាំចូលមកកម្ពុជាមានការថយចុះ ខណៈទីតាំងផលិត និងកែច្នៃគ្រឿងញៀនខុសច្បាប់ ត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា) ដែលរៀបចំឡើងនៅសាលមហោស្រពកោះពេជ្រ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ លោក នេត សាវឿន មានប្រសាសន៍ថា សញ្ញាវិជ្ជមានមួយដែលកត់សម្គាល់បាន គឺនៅឆ្នាំ២០២៥ បរិមាណគ្រឿងញៀនដែលប៉ុនប៉ងនាំចូលមកកម្ពុជាបានថយចុះ ហើយនៅសល់ត្រឹមតែប្រមាណពី ១៥ ទៅ ២០ ភាគរយ ប៉ុណ្ណោះដែលបានប៉ុនប៉ងចរាចរចូលក្នុងប្រទេស។

លោកបន្តថា ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្ត ព្រមទាំងសកម្មភាពលួចលាក់ផលិត និងកែច្នៃគ្រឿងញៀន ក៏ត្រូវបានបង្ក្រាប និងលុបបំបាត់ស្ទើរតែទាំងស្រុងផងដែរ។ លទ្ធផលទាំងនេះបានឆ្លុះបញ្ចាំងពីនិន្នាការវិជ្ជមាន និងបង្ហាញថា កម្ពុជាកំពុងដើរលើមាគ៌ាត្រឹមត្រូវក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ដើម្បីបន្តពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃបេសកកម្មឆ្លើយតបទៅនឹងបញ្ហាគ្រឿងញៀន ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក នេត សាវឿន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល បន្តលើកកម្ពស់វប្បធម៌នៃការចូលរួម ដោយបំផុសស្មារតីរួម ចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួមរបស់សង្គម ដែលទាមទារឱ្យគ្រប់ភាគីចូលរួមទប់ស្កាត់ និងដោះស្រាយប្រកបដោយការទទួលខុសត្រូវ។

គួរជម្រាបថា ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ សមត្ថកិច្ចអនុវត្តច្បាប់ទូទាំងប្រទេសបានសហការគ្នាយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀនគ្រប់ទម្រង់ ដោយសម្រេចបានលទ្ធផលបង្ក្រាបចំនួន ៤,៧៥៩ ករណី និងឃាត់ខ្លួនជនពាក់ព័ន្ធសរុប ១២,១៩៤ នាក់ ក្នុងនោះមានស្ត្រី ៧៦៣ នាក់។ បើប្រៀបធៀបនឹងឆមាសទី១ ឆ្នាំ២០២៥ ចំនួនករណីបង្ក្រាបក្នុងឆ្នាំ២០២៦ បានថយចុះប្រមាណជិត ១០ភាគរយ ខណៈចំនួនជនល្មើសពាក់ព័ន្ធក៏មានការថយចុះដូចគ្នាផងដែរ។
នេះបើតាម លោក មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាសមាជិកនៃអនុសញ្ញា និងពិធីសារនានា ស្តីពីគ្រឿងញៀន របស់អង្គការសហប្រជាជាតិ, បានរៀបចំប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមស្មារតីធ្វើយ៉ាងណាបំផុសឱ្យមានចលនាជាតិទូទាំងប្រទេស ឱ្យចូលរួមយ៉ាងសកម្មក្លៀវក្លា ក្នុងយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀន ដោយមានការប្រារព្ធទិវានេះ ទាំងនៅថ្នាក់ជាតិ និងតាមបណ្តា ខេត្តទាំង២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម