Connect with us

ព័ត៌មានអន្ដរជាតិ

សេដ្ឋវិទូថៃព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរសម្រាប់ថៃ បើជម្លោះជាមួយកម្ពុជាផ្ទុះជាថ្មី

បានផុស

នៅ

សេដ្ឋវិទូថៃបាន​ព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចថៃ ប្រសិន​បើជម្លោះប្រដាប់អាវុធ​តាមព្រំដែនជាមួយ​កម្ពុជាផ្ទុះឡើងជាថ្មី ដោយ​ការនាំចេញ វិស័យទេសចរណ៍ និងទីផ្សារការងាររងសម្ពាធខ្លាំងជាងគេ​។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមានបែបនេះ ធ្វើឡើងក្រោយ​យោធាថៃបើកការវាយប្រហារលើជនស៊ីវិលកម្ពុជា ដោយសម្លាប់មនុស្សម្នាក់ និងរបួស ៣ នាក់។ កម្ពុជាមិនបាន​បាញ់តបតនោះទេ ខណៈកាសែតថៃរាយការណ៍ដោយគ្មានភស្តុតាងថា ភាគីទាំង២ដោះដូរការបាញ់តបគ្នា។

សេដ្ឋវិទូជាន់ខ្ពស់នៅ​មជ្ឈមណ្ឌល​ស៊ើបការណ៍​សេដ្ឋកិច្ច (EIC) របស់​ធនាគារ​ពាណិជ្ជ​សៀម លោក Poonyawat Sreesing បាន​និយាយថា ការនាំចេញរបស់ថៃទៅកម្ពុជាប្រហែល ១៣០ ប៊ីលាន​បាត (៤,០២ ប៊ីលាន​ដុល្លារ) ឬក៏ស្មើនឹង​ ១% នៃការនាំចេញរបស់ប្រទេសថៃឆ្នាំក្រោយ​ អាចនឹងត្រូវបាត់បង់ទាំង​ស្រុង​ប្រសិន​បើ​ជម្លោះព្រំដែនអូសបន្លាយរយៈពេលយូរ។ ​

លោក Poonyawat បាន​អះអាងថា ក្នុងអំឡុងត្រីមាសទី៣ ការនាំចេញរបស់ថៃទៅ​កម្ពុជាបានធ្លាក់ចុះ ៤៣% ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​ ដោយពាណិជ្ជកម្មតាមព្រំដែនធ្លាក់ចុះស្ទើរតែ ១០០% ​ខណៈការ​ដឹកជញ្ជូនភាគច្រើនគឺតាមផ្លូវអាកាស ឬផ្លូវសមុទ្រ។

លោកបានប្រាប់កាសែតបាងកកប៉ុស្តិ៍ថា៖ «វិស័យការងារ និងទេសចរណ៍ អាចរងផលប៉ះពាល់ ប្រសិន​បើ​ភាពតានតឹងតាមព្រំដែនកើនឡើងម្តងទៀត​»។

ជាមួយ​ EIC បានកត់សម្គាល់ថា ការផ្គត់ផ្គង់កម្លាំងពលកម្ម កំពុងស្ថិតក្នុងហានិភ័យ ដោយសារមានកម្មករកម្ពុជារហូតដល់ ៥០០​ ០០០ នាក់នៅក្នុងប្រទេសថៃ ជាពិសេសនៅក្នុងវិស័យកសិកម្ម មុនពេលជម្លោះព្រំដែនផ្ទុះឡើងនៅ​ចុងខែកក្កដា។ កម្មករមួយចំនួនធំ បាន​ធ្វើមាតុភូមិនិវត្តន៍​ជាបន្តបន្ទាប់។ បើតាមរដ្ឋាភិបាលកម្ពុជា ពលករខ្មែរប្រមាណជិត ៩០ ម៉ឺននាក់ បាន​វិលចូលស្រុកពីថៃ គិតត្រឹមដើមខែសីហា។

លោក Poonyawat បាន​ថ្លែងថា៖ «កម្មករកម្ពុជាតំណាងឱ្យ ១% នៃទីផ្សារការងាររបស់ប្រទេសថៃ។ រដ្ឋាភិបាលបានចាត់វិធានការដើម្បីបន្ធូរបន្ថយស្ថានភាពដោយស្វែងរកកម្មករមកពីប្រទេសដូចជាស្រីលង្កា និងបន្តទិដ្ឋាការសម្រាប់ពលករចំណាកស្រុកមកពីប្រទេសមីយ៉ាន់ម៉ា វៀតណាម និងឡាវ»។

អនុប្រធានគ្រប់គ្រងនៃមជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn លោកស្រី Nuttaporn Triratanasirikul បាននិយាយថា ប្រហែលពាក់កណ្តាលនៃការនាំចេញរបស់​ថៃមក​​កម្ពុជា មានចំនួន ១,៦% ​នៃការ​នាំចេញ​របស់ប្រទេស ហើយពាក់កណ្តាលនៃចំនួននេះបានបាត់ទៅវិញ ​ចំពេលដែល​ព្រំដែនបន្តបិទ។

លោកស្រីបានថ្លែងដោយដកស្រង់តួលេខ​ពីរដ្ឋាភិបាលថា ការបិទព្រំដែន​ជាមួយ​កម្ពុជា នឹង​ធ្វើឱ្យថៃខាតបង់​ផលិតផលក្នុងស្រុកសរុប (GDP) ​រហូតដល់ ១០០ ប៊ីលានបាត។

លោកស្រី Nuttaporn បានប្រាប់កាសែត​បាងកកប៉ុស្តិ៍ថា៖ «វិស័យទេសចរណ៍នៅភាគខាងត្បូងនៃតំបន់ភាគឦសានអាចរងផលប៉ះពាល់ ដោយសារអ្នកទេសចរមានទំនោរជៀសវាងតំបន់ដែលមានជម្លោះ»។

សេដ្ឋវិទូដដែល​បន្តថា៖ «ទំហំនៃផលប៉ះពាល់សេដ្ឋកិច្ច អាស្រ័យលើរយៈពេលនៃការផ្ទុះជម្លោះឡើងថ្មីៗនេះ។ ប៉ុន្តែក្នុងរយៈពេលខ្លី ពាណិជ្ជកម្មព្រំដែន​ថៃ-កម្ពុជា ក៏ដូចជាការចំណាយ និងការប្រើប្រាស់ ក្នុងតំបន់ដែលរងហានិភ័យ​ នឹងរងផលប៉ះពាល់យ៉ាងខ្លាំង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម