ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឲ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក មិនតម្រូវឲ្យបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសដាក់ឲ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៣។
ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋ ដែលមានតួនាទីជាប្រព័ន្ធកណ្ដាលសម្រាប់ ផ្លាស់ប្ដូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក់ ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។
ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិសារពើពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិការ និង សមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត អេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ ជាមួយក្រសួង-ស្ថាប័នរដ្ឋ។
សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្តាល អង្គភាពលទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងចំនួន ៦ (ប្រាំមួយ) គឺ៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន និង ៦-ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្តប់លើវិក្កយបត សម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមានកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំ បានបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ចចំពោះអង្គភាពថ្នាក់កណ្តាលនៃក្រសួងចំនួន ៨ (ប្រាំបី) ជាផ្លូវការរួចរាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


