Connect with us

សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច ដាក់ចេញវិធានការ​សន្សំសំចៃប្រេងឥន្ធនៈតាមគ្រប់ស្ថាប័នរដ្ឋ នៅចំពេលមានវិបត្តិ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ បានសម្រេចកាត់ព្យួរឥណទានចំណាយប្រេងឥន្ធនៈ និងប្រេង​រំអិល​ចំនួន​ ៣០ ភាគរយ នៃឥណទានសរុបរបស់គ្រប់ក្រសួង ​ស្ថាប័នទាំងអស់ ​រួមទាំង ព្រឹទ្ធសភា, រដ្ឋសភា ​និង​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយលើកលែងតែក្រសួងការពារជាតិ និងក្រសួង​មហា​ផ្ទៃ ​ក្នុងគោលដៅរក្សាឥណទានទុកសម្រាប់យថាហេតុដែល​មានតម្រូវការប្រេង​ឥន្ធនៈ​បន្ថែម​សម្រាប់​កិច្ចការ​យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការសម្រេចដាក់ចេញវិធានការសន្សំសំចៃប្រេងរបស់ក្រសួងសេដ្ឋកិច្ច​ បាន​ធ្វើឡើងនៅចំពេលដែល​បរិការណ៍នៃ​វិបត្តិ​ថា​មពល​ប្រេង​ឥន្ធនៈ​កំពុងកើតមាន ​និង​ពុំអាចព្យាករបាន សំដៅធានាបាននូវការសន្សំសំចៃប្រេងឥន្ធនៈ សម្រាប់​បំពេញតម្រូវការប្រើប្រាស់ក្នុងវិស័យអាទិភាព និងមានលក្ខណៈយុទ្ធសាស្ត្រ។​

​ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ ត្រូវប្រើប្រាស់ប្រេងឥន្ធនៈ​ ត្រឹមកម្រិត​ឥណទាន​ដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦ តែប៉ុណ្ណោះ ដោយពុំមានការបន្ថែមថវិកាជូនទេ, លើកលែងតែមានតម្រូវការពិសេស។

យោងតាមសារាចរ ក្រសួងសេដ្ឋកិច្ចក៏បានសម្រេចកាត់ព្យួរឥណទានចំណាយបេសកកម្មក្នុងប្រទេស​ និង​ក្រៅប្រទេសចំនួន ៣០ ភាគរយ ​នៃឥណទានសរុបរបស់ស្ថាប័នរដ្ឋទាំងអស់។

​គ្រប់ក្រសួង ត្រូវពិនិត្យកាត់បន្ថយជាអតិបរមានូវការធ្វើដំណើរឆ្ងាយ​ក្នុងការរៀប​ចំសិក្ខាសាលា ​និង​កិច្ចប្រជុំនានា ជាលក្ខណៈរូបវ័ន្ត ​ដោយលើកទឹកចិត្តឱ្យធ្វើតាមប្រព័ន្ធអនឡាញ​ជំនួស​វិញ ​លើកលែង​តែករណីចាំបាច់បំផុតប៉ុណ្ណោះ។

ក្រសួងសេដ្ឋកិច្ចស្នើឱ្យស្ថាប័នរដ្ឋទាំងអស់ ផ្អាកការចូលរួមកិច្ចប្រជុំក្រៅប្រទេស ហើយគប្បីស្នើទៅក្រសួងការប្រទេស ចាត់តំណាងស្ថានទូត​ប្រចាំនៅ​ប្រទេស​ម្ចាស់​ផ្ទះ ចូលរួមកិច្ចប្រជុំនោះជំនួសវិញ។ ​

​ទន្ទឹមនេះ ​ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមានក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ក្រសួង ស្ថាប័ន ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ដោយបង្វែរថវិកាពីចំណាយមិនសូវចាំបាច់ ឬលែង​ចាំបាច់​ ទៅមុខ​ចំណាយ​ដែលចាំបាច់ខ្លាំង ព្រមជាមួយការខិតខំសន្សំសំចៃ​ និងការបង្កើន​សក្តិសិទ្ធិភាពតម្លៃនៃលុយ។

​ស្ថាប័ន និងអង្គភាព ដែលត្រូវបានលើកលែងការធ្វើវិចារណកម្មចំណាយការធ្វើវិចារណកម្មព្យួរឥណទានចំណាយ ត្រូវបានលើកលែងចំពោះគ្រឹះស្ថានសាធារណៈរដ្ឋបាល, សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត, សាលាឧទ្ធរណ៍តំបន់ទាំង ៤, មន្ទីរជំនាញរាជធានី ខេត្ត, និងមុខងារដែលបានប្រគល់ដោយមានភ្ជាប់លក្ខខណ្ឌ ក្នុងវិស័យសុខា ភិបាល និងវិស័យអប់រំ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

​ទោះជាយ៉ាងនេះក្តី ស្ថាប័ន និងអង្គភាពទាំងនេះ ត្រូវចូលរួមប្រើប្រាស់ប្រេងឥន្ធនៈ ក្នុងស្មារតី​សន្សំ​សំចៃខ្ពស់ ដោយ​ចៀសវាងការប្រើប្រាស់ខ្ជះខ្ជាយ និងប្រើប្រាស់​មិនចំគោលដៅអាទិភាព ស្របតាមសារាចររបស់រាជរដ្ឋាភិបាល។

​លើសពីនេះ, ក្នុងកម្រិតឥណទានគ្រប់មុខសញ្ញាចំណាយដែលមាន ក្នុងច្បាប់ថវិកាឆ្នាំ ២០២៦, ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ត្រូវធ្វើអាទិភាវូបនីយកម្មចំណាយ ព្រមជាមួយ ការខិតខំសន្សំសំចៃ និងការបង្កើនសក្តិសិទ្ធិភាពតម្លៃនៃលុយ ដូចក្រសួង ស្ថាប័ន ថ្នាក់កណ្តាលផងដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម