Connect with us

ព័ត៌មានជាតិ

កសិករដាំកាហ្វេនៅមណ្ឌលគិរី ចាប់ផ្តើមប្រមូលផលពីខែវិច្ឆិកា ខណៈតម្លៃកើនជាងឆ្នាំមុន

បានផុស

នៅ

នៅខេត្តមណ្ឌលគីរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា កាហ្វេគឺជាដំណាំឧស្សាហកម្មដ៏មានសក្តានុពលមួយប្រភេទ ដែលប្រជាកសិករនិយមចូលចិត្តដាំនៅតាមចម្ការ និងសហគមន៍របស់ពួកគេ។ បន្ទាប់ពីការដាំដុះអស់រយៈពេលច្រើនខែមក កសិករបានចាប់ផ្តើមប្រមូលផលកាហ្វេចាប់តាំងពីខែវិច្ឆិកានេះ ដោយតម្លៃខ្ពស់ជាងឆ្នាំមុនបន្តិច។ កាហ្វេស្រស់លក់ក្នុងតម្លៃ ៤២០០ រៀលក្នុងមួយគីឡូក្រាម បើប្រៀបធៀបទៅនឹងមុនលក់បានតម្លៃ ៤០០០ រៀលក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រឺយ ង៉ោក អាយុ៣៧ឆ្នាំ ប្រធានសហគមន៍ កាហ្វេប៊ូស្រាបានប្រាប់(កម្ពុជាថ្មី)ឱ្យដឹងនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ថា កាហ្វេក្នុងខេត្តមណ្ឌលគិរី កំពុងចាប់ផ្ដើមប្រូលផលពីដើមខែវិច្ឆិកានេះតទៅ ស្របពេលជាមួយតម្លៃទីផ្សារល្អជាងឆ្នាំមុនអាស្រ័យលើគុណភាពគ្រាប់កាហ្វេផងដែរ។ លោកបាននិយាយថា៖«ដោយសារគ្រាប់កាហ្វេនៅក្នុងខេត្តមណ្ឌលគិរីមានកគាំទ្រកាន់តែខ្លាំងធ្វើឱ្យតម្លៃក៏មានការកើនឡើងជាងឆ្នាំមុនបន្តិច គឺមួយគីឡូក្រាមគ្រាប់កាហ្វេស្រស់៤២០០រៀល ដោយឡែកធៀបនឹងឆ្នាំ២០២៤ បានត្រឹម ៤០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម»។

ដើម្បីឆ្លើយតបតម្រូវការទីផ្សារកើនឡើង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក៏បានចូលរួមការដាំដុះដំណាំកាហ្វេនេះ ដោយបានចុះឈ្មោះជាសមាជិកក្នុងសហគមន៍បន្តបន្ទាប់។ នាឆ្នាំ២០២៤ សមាជិកដាំដុះកាហ្វេមានត្រឹម ៨៦នាក់ ហើយក្នុងឆ្នាំ២០២៥ សមាជិកកើនឡើងរហូតដល់ទៅ ១២០នាក់ឯណោះ។ បច្ចុប្បន្ននេះ កសិករកំពុងនាំគ្នាសម្រុកដាំកាហ្វេប្រភេទពូជរ៉ូប៊ូស្តា(Robusta)បន្ថែមទៀត ដែលកំពុងមានតម្រូវការខ្ពស់នៅលើទីផ្សារ ដោយសារប្រជាជននាំគ្នាងាកមកគាំទ្រផលិតផលក្នុងស្រុក។ លោកបញ្ជាក់ទៀតថា៖«កសិករចាប់ផ្ដើមងាកមកដាំពូជកាហ្វេនេះ ដោយសារខេត្តមណ្ឌលគិរី អំណោយផលទៅលើអាកាសធាតុ ពិសេសដីក៏មានជីវជាតិខ្លាំង ស័ក្តិសមបំផុតជាមួយនឹងដំណាំកាហ្វេពូជ(Robusta)»។

ក្នុងនាម ប្រធានសហគមន៍ (កាហ្វេប៊ូស្រា) លើកទឹកចិត្តដល់កសិករក្នុងខេត្តមណ្ឌលគិរី បន្តពង្រីកផ្ទៃដីដាំដុះកាហ្វេបន្ថែមទៀត ធ្វើយ៉ាងណាដើម្បីផ្គត់ផ្គង់ទីផ្សារនៅពេលបច្ចុប្បន្ន ពិសេសតម្លៃក៏មានការកើនឡើងជាបន្តបន្ទាប់ដែលធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញ លើកកម្ពស់ជីវភាពគ្រួសារ។

ផ្ទៃដីដាំដុះដំណាំកាហ្វេ ឆ្នាំ២០២៥ អនុវត្តបាន ៦២៧ ហិកតា កើន៩៨ ហិកតា។ ចំពោះតម្លៃលេខ១ លក់បាន ៤២០០ រៀល ចំណែកគ្រាប់កាហ្វេស្រស់លេខ២ ថ្លៃ ៣៤០០ទៅ ៣៥០០រៀល ហើយភាគច្រើនកសិករដាំកាហ្វេក្នុងខេត្តភាគច្រើនជាប្រភេទពូជរ៉ូប៊ូស្តា (Robusta)មានឈ្មោះTR4, TR9, TR5,  និង TRS1 (ពូជថ្មីចុងក្រោយ)។ នេះបើតាមលោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម