Connect with us

ព័ត៌មានអន្ដរជាតិ

អាជ្ញាធរ​អំពាវនាវ​សុំ​ទូក ខណៈទឹកជំនន់នៅ​ខេត្ត​សុងក្លាប្រទេស​ថៃកាន់តែធ្ងន់ធ្ងរខ្លាំង

បានផុស

នៅ

យោង​តាម​ការ​​ចុះ​ផ្សាយ​របស់ Khaosod នា​ថ្ងៃ​ទី​២៤​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ ទឹកជំនន់​នៅក្នុងស្រុកណាថាវី (Na Thawi) នៃ​ខេត្ត​សុងក្លា ប្រទេស​ថៃ មិន​បាន​ថមថយ​សោះ​ឡើយ មាន​តែ​បន្ត​កើន​ឡើង​ ហើយ​បានកាត់ផ្តាច់ផ្លូវ​ចេញ​ចូល​ទាំងអស់ និងបានប៉ះពាល់ដល់​មនុស្ស​ជាង១៥០០០​គ្រួសារ ដែលជំរុញ​ឲ្យមានការអំពាវនាវជាបន្ទាន់សម្រាប់​ទូក និងការផ្គត់ផ្គង់ស្បៀងអាហារ។

(រូបថត៖ ហ្វេសប៊ុក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវដឹកជញ្ជូនទាំងអស់ដែលចេញ​ចូល​ពីស្រុកណាថាវី មិនអាចធ្វើដំណើរបានទេ ដែលធ្វើ​ឲ្យ​ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាប់គាំង។ មន្ត្រីបាននិយាយថា ជំនួយបន្ទាន់គឺចាំបាច់បំផុត ជាពិសេសទូកតូចៗដែលអាចធ្វើដំណើរឆ្លងកាត់តំបន់លិចទឹកបាន។

អាជ្ញាធរបានដាក់ពង្រាយយានយន្តយោធា ដើម្បីដឹកជញ្ជូនស្បៀងអាហារ ទឹកផឹក និងជំនួយចាំបាច់ទៅកាន់សហគមន៍ដែលត្រូវបានកាត់ផ្តាច់។ មជ្ឈមណ្ឌលបញ្ជាការសង្គ្រោះបន្ទាន់ត្រូវបានដាក់​​ឲ្យ​ដំណើរការទូទាំងស្រុក ដោយសម្របសម្រួលប្រតិបត្តិការជម្លៀស និងផ្តល់ជំនួយសង្គ្រោះ។

ទីតាំង​ជំនួយក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីគាំទ្រដល់ភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលជាប់គាំង ដោយផ្តល់ជម្រកបណ្តោះអាសន្ន ស្បៀងអាហារ និងជំនួយវេជ្ជសាស្ត្រ ខណៈដែលស្ថានភាពនៅតែមានគ្រោះថ្នាក់ខ្លាំង។

សូម​ជម្រាប​ថា យោង​តាម​សេចក្ដី​ប្រកាស​របស់​នាយកដ្ឋាន​ឧតុនិយម​ថៃ​នា​ថ្ងៃ​ចន្ទ​​នេះ ភ្លៀងធ្លាក់ខ្លាំង​​នៅ​តែ​​បន្តវាយលុកខេត្តមួយចំនួននៅភាគខាងត្បូងប្រទេស ជា​ពិសេស​នៅ​ក្នុង​ខេត្ត Nakhon Si Thammarat, Phatthalung, Songkhla, Pattani, Yala, Narathiwat, Trang និង Satun។

មន្ត្រីគ្រោះមហន្តរាយបានព្រមានពីទឹកជំនន់ភ្លាមៗ ទឹកហូរច្រោះ និងការកើនឡើងកម្រិតទឹកទន្លេ ជាពិសេសនៅក្នុងសហគមន៍ក្បែរជើងភ្នំ តំបន់ក្បែរផ្លូវទឹក និង​តំបន់​ទំនាប។

​ចំណែក​ឯ​ស្ថានភាពសមុទ្រនៅតែមានគ្រោះថ្នាក់ ដោយរលកមានកម្ពស់២-៣ម៉ែត្រ ទាំងនៅក្នុងឈូងសមុទ្រថៃ និងសមុទ្រ Andaman ហើយខ្ពស់ជាង៣ម៉ែត្រ អំឡុងពេលមានព្យុះផ្គររន្ទះ។ ទូកតូចៗត្រូវបានណែនាំ​ឲ្យ​បន្តនៅឆ្ងាយពីច្រាំងរហូតដល់ថ្ងៃទី២៥ខែវិច្ឆិកា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម