Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន បញ្ជាក់​ជាថ្មីថា រដ្ឋសភានឹងត្រូវរំលាយត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦

បានផុស

នៅ

នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បាន​ប្រកាស​ថា រដ្ឋសភានឹងត្រូវរំលាយត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ ដែលជាការបញ្ជាក់ឡើងវិញនូវការសន្យារបស់លោកពីមុន ខណៈដែលលោកបានបដិសេធរបាយការណ៍ដែលថា រដ្ឋាភិបាលបានស្នើ​ឲ្យដៃគូសម្ព័ន្ធមិត្តគឺគណបក្សភឿថៃ ពន្យារពេលការបោះឆ្នោតដកសេចក្ដី​ទុក​ចិត្ត។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ចុះផ្សាយរបស់ The Nation នា​ថ្ងៃ​ទី​២​ ខែ​ធ្នូ​ ឆ្នាំ​២០២៥ លោក​អានុទីន ដែលបម្រើការជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ បាននិយាយថា ពេលវេលានឹងអាស្រ័យលើស្ថានការណ៍នយោបាយ ប៉ុន្តែលោកបានទទូចថា រដ្ឋាភិបាលនឹងរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន។ លោកបានអះអាង​ថា ការរំលាយមុនកាលកំណត់អាចធ្វើ​ឲ្យ​សមត្ថភាពរដ្ឋក្នុងការឆ្លើយតបទៅនឹងភាពអាសន្នមានភាពស្មុគស្មាញ។

នាយករដ្ឋមន្ត្រីថៃ​បានច្រានចោលការរិះគន់លើការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះទឹកជំនន់ធ្ងន់ធ្ងរដែលបានជន់លិចទីក្រុង Hat Yai កាលពីសប្តាហ៍មុន។ លោកបាននិយាយថា រដ្ឋបាលបានចាត់វិធានការត្រឹមត្រូវ ហើយទស្សនៈអវិជ្ជមានអាចបណ្តាលមកពី «ព័ត៌មានមិនត្រឹមត្រូវ»។

លោកអានុទីន បាន​រៀបរាប់​ថា «យើងបានដើរចូលទៅក្នុងទឹកជំនន់ដែលលិចត្រឹម​ទ្រូងរបស់យើង។ អ្នកណាក៏អាចនិយាយអ្វីដែលពួកគេចង់និយាយ​ដែរ ប៉ុន្តែយើងមានទំនុកចិត្តថា យើងកំពុងស្ថិតនៅលើផ្លូវត្រូវ»។

លោក​អា​នុទីន ក៏បាន​លើក​ឡើង​អំពី​ការស្ទង់មតិ​ NIDA ដែលបង្ហាញថា ការគាំទ្រគណបក្ស Bhumjaithai របស់លោកបានធ្លាក់​​ចុះ​ប្រជាប្រិយភាព​​ដល់១៥%​នៅភាគខាងត្បូង ដោយតាមពីក្រោយមេដឹកនាំគណបក្សប្រជាធិបតេយ្យ របស់​លោក Abhisit Vejjajiva។ លោកបានទទូចថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់ភាគខាងត្បូងថ្មីៗនេះ មិនមែន​មាន​គោល​បំណង​នយោបាយទេ។ ពេលត្រូវបានសួរថាតើលោកចាត់ទុកលោក Abhisit ជាគូប្រជែងដែរឬទេ លោកបានឆ្លើយថា «ខ្ញុំមិនបានមើលឃើញលោក Abhisit ជាគូប្រជែងទេ។ ខ្ញុំនឹងធ្វើការងារណាដែលល្អបំផុតសម្រាប់ប្រទេសជាតិ»។

សូម​ជម្រាប​ថា យោងតាមតួលេខចុងក្រោយពីរដ្ឋាភិបាលថៃ គិតត្រឹមថ្ងៃចន្ទទី១ខែធ្នូឆ្នាំ២០២៥ ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានកើនដល់១៧៦នាក់ហើយ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក់ព័ន្ធតួលេខនេះកំពុងមានភាពចម្រូងចម្រាស់ខ្លាំងណាស់នៅក្នុងប្រទេសថៃ ដោយពលរដ្ឋនាំគ្នាចោទរដ្ឋាភិបាលថា បិទបាំងការពិត លាក់ចំនួនមនុស្សស្លាប់៕

ទឹកជំនន់​នៅ​ថៃ​ខែ​វិច្ឆិកា​២០២៥ (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម