Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង UNDP ចុះ​អនុស្សរណៈ​ ដើម្បី​សហប្រតិបត្តិការ​ពង្រឹង​អភិបាលកិច្ច និងក្របខណ្ឌវិនិយោគ

បានផុស

នៅ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្ដីពីការពង្រឹងអភិបាលកិច្ច និង​ក្របខណ្ឌ​វិនិយោគមូលនិធិសោធន ដែល​នឹង​ជួយ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​ការ​កសាង​សមត្ថភាពសម្រាប់​គ្រប់គ្រង​មូលនិធិ​សោធន​របស់​កម្ពុជា ដែល​បាន​នឹង​កំពុង​ពង្រីក​យ៉ាងឆាប់រហ័ស ជាមួយនឹងវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Engrico Gaveglia នាយក​កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា ក្រោមវត្តមានជាសាក្សីរបស់លោកស្រី Kanni Wignaraja អគ្គលេខាធិការរងអង្គការសហប្រជាជាតិ (UN) និងជានាយិកា UNDP ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។ ពិធីចុះអនុស្សរណៈនេះដែរ បាន​ប្រពឹត្ត​ទៅ​នៅ​វិទ្យាស្ថានជាតិ​បណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

លោក​រដ្ឋមន្រ្តី ហេង សួរ បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍប្រព័ន្ធសោធន​ទំនើប និងមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ ដែលការពារដល់កម្មករ និងគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់​ចំពោះ​វត្ត​មាន​ជា​សាក្សី​ពី​សំណាក់​លោកស្រី Kanni Wignaraja ដែលពិតជាបង្ហាញការយកចិត្តទុកដាក់កម្រិតខ្ពស់ និងផ្តល់សារៈសំខាន់យ៉ាងខ្លាំងពីសំណាក់ UNDP ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងចំពោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និយាយដោយឡែក ក្នុងគោលដៅរួមគ្នាអភិវឌ្ឍគោលការណ៍ណែនាំវិនិយោគ ដែលស្របតាមគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច សំដៅបង្កើនសមត្ថភាពការវិភាគនិងវាយតម្លៃហិរញ្ញវត្ថុ ការកែលម្អការគ្រប់គ្រងហានិភ័យ និងការគាំទ្រការអភិវឌ្ឍសមត្ថភាពនិងការផ្លាស់ប្តូរបទពិសោធ ព្រមទាំងស្វែងយល់ពីយន្តការវិនិយោគដែលមានទំនួលខុសត្រូវ សំដៅរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។

នា​ឱកាស​នោះ លោកស្រី Kanni Wignaraja បានបញ្ជាក់សាជាថ្មីនូវការគាំទ្ររបស់ UNDP ចំពោះកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើវិស័យជាច្រើន ជាពិសេស លើជំនួយបច្ចេកទេសនានាក្នុងការបង្កើនសមត្ថភាពលើការអនុវត្តរួមគ្នា ធ្វើយ៉ាងណាឱ្យកាន់តែល្អប្រសើរឡើង។ លោកស្រីអគ្គលេខាធិការរងក៏បានលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់គ្នា សំដៅសម្រេចឱ្យបាននូវផ្លែផ្កាជូនប្រជាជន និងប្រទេសជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម