Connect with us

ព័ត៌មានជាតិ

ខណៈការឈ្លានពានរបស់ថៃលើកម្ពុជាបន្តអូសបន្លាយ អ្នកជំនាញ រិះគន់អាស៊ានថា គ្មានយន្តការដោះស្រាយ

បានផុស

នៅ

អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បានរិះគន់ដោយចំហរទៅលើអាស៊ាន ថា គ្មានយន្តការដោះស្រាយជម្លោះដោយប្រដាប់អាវុធក្នុងចង្កោមប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្ពុជា និងថៃ ជាមេរៀនដែលបង្ហាញយ៉ាងច្បាស់ថាអាស៊ានគ្មានអំណាចអ្វីទាល់តែសោះ។ ខណៈអ្នកជំនាញមើលឃើញតួនាទីដ៏សំខាន់របស់មហាអំណាចសម្រាប់ដំណោះស្រាយបញ្ហានៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បាននិយាយថា អាស៊ានគ្មានទេអំណាច ដោយលោក រិះគន់ថា អាស៊ានតែមួយជោគវាសនាតែមួយ គ្រាន់ជាពាក្យខ្យល់ តែតាមការពិតនោះ គឺអាស៊ានមានប្រទេសជាសមាជិកចំនួន១១ ប៉ុន្តែជោគវាសនាទៅដល់១៥ឯណោះ។

ជាមួយនឹងការរិះគន់ និងមិនរំពឹងលើយន្តការអាស៊ាន អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយខាងលើ បែរសម្លឹងឃើញពីតួនាទីដ៏សំខាន់របស់មហាអំណាច ដោយលោកបានលើកចំឈ្មោះទៅដល់មហាអំណាចចិនក្នុងការសម្របសម្រួល និងផ្សះផ្សាររកដំណោះស្រាយ ដើម្បីបញ្ចប់សង្គ្រាមរវាងការឈ្លានពានរបស់ថៃលើទឹកដីប្រទេសកម្ពុជា។ លោកបណ្ឌិត សុខ ទូច ជឿជាក់ថា ចិននៅពេលនេះដើរតួនាទីសំខាន់ដែលជាមេរៀនសម្រាប់ពិភពលោក និងសម្រាប់អាស៊ាន។

លោកបណ្ឌិត ឥន សុផល សាស្រ្តាចារ្យ និងជាអ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា គោលការណ៍អាស៊ានដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋជាសមាជិក គឺស្ដែងឱ្យឃើញភាពចលាចលជាបន្តបន្ទាប់បានកើតមានឡើងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ តាមរយៈចលនាផ្តួលរំលំរបបផ្តាច់ការ Ferdinand Marcos នៅហ្វីលីពីន ចលនាបដិវត្តអំណាចប្រជាជនផ្តួលរំលំរបបស៊ូហារតូ ក្នុងប្រទេសឥណ្ឌូនេស៊ី និងថ្មីៗនេះ រដ្ឋប្រហារយោធា និងសង្រ្គាមស៊ីវិលដែលកំពុងបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ប៉ុន្តែចលនាទាំងអស់នេះ ត្រូវបានគេចាត់ទុកថា ជា «កិច្ចការផ្ទៃក្នុង»។

សម្រាប់ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ​ដែលជារដ្ឋសមាជិកអាស៊ានដូចគ្នាពេលនេះ លោកបណ្ឌិត ថា ត្រូវដោះស្រាយជម្លោះដោយសន្តិវិធី ដូចមានចែងក្នុងគោលការណ៍គ្រឹះមួយទៀតរបស់អាស៊ាន។ ប៉ុន្តែបណ្ឌិត ឥន សុផល បានព្រលះអាស៊ានដែលនៅខ្វះយន្តការដោះស្រាយវិវាទដ៏មានប្រសិទ្ធភាព ដែលជាការបរាជ័យរបស់អាស៊ានកន្លងមកក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ កាលពីឆ្នាំ២០១១។  

ជុំវិញយន្តការអាស៊ាន ក្នុងដំណោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ លោកបណ្ឌិត ឥន សុផល ថា ប្រធានអាស៊ានបច្ចុប្បន្ន គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានស្នើឱ្យមានការសម្រុះសម្រួលផ្ទាល់ខ្លួន និងបានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីទាំងពីរប៉ុណ្ណោះ តែស្ថានភាពនៅតែតានតឹងបើទោះជាមានកិច្ចព្រមព្រៀងបទឈប់បាញ់កន្លងទៅក៏ដោយ ដោយភាគីថៃបានទាត់ចោល និងចេះតែបន្តរាយបន្លាលួសចូលក្នុងទឹកដីកម្ពុជា។

ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានបើកការវាយប្រហារដោយប្រដាប់អាវុធធុនធ្ងន់គ្រប់ប្រភេទ ជាមួយនឹងការទម្លាក់គ្រាប់ពីយន្តហោះចម្បាំង F-16 ដោយមិនរើសទីតាំង ដើម្បីឈ្លានពានបូរណភាពទឹកដីកម្ពុជា ខណៈកម្ពុជាប្រើសិទ្ធិតបតដើម្បីការពារដែនអធិបតេយ្យជាតិរបស់ខ្លួន។

ការវាយប្រហារនៅតែបន្ត ​បើទោះការអំពាវនាវឱ្យមានការបទឈប់បាញ់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីមក៏ដោយ ដោយកម្ពុជាសាទរ និងស្វាគមន៍នូវការសម្របសម្រួល តែភាគីថៃ បែរជាច្រានចោល និងអះអាងថា គ្មានបទឈប់បាញ់ណាមួយត្រូវបានធ្វើឡើងនោះ​ឡើយ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម