Connect with us

ព័ត៌មានជាតិ

កម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នៅរសៀលថ្ងៃទី ១៨ ធ្នូ នេះ នឹងមានមហាជនចូលរួមប្រមាណ ៣ ម៉ឺននាក់

បានផុស

នៅ

កម្មវិធី ដើរ​ដើម្បី​សន្តិភាព (March for Peace) នឹង​មាន​មហាជន​ចូលរួម​ប្រមាណ ៣ ម៉ឺន​នាក់ ដោយ​មិន​គិត​ពី​ប្រជាពលរដ្ឋ​ចូលរួម​បន្ថែម​នោះ​ទេ។ កម្មវិធី​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ឆ្នាំ ២០២៥ នេះ ក្នុង​គោលបំណង​បង្ហាញ​ពី​ស្មារតី​ស្រឡាញ់​សន្តិភាព​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ជំរុញ​ឱ្យ​មាន​ការ​គោរព​បទ​ឈប់​បាញ់ និង កិច្ចព្រមព្រៀង​សន្តិភាព សំដៅ​សម្រេច​បាន​សន្តិភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ។ ដើរ​ព្យុហយាត្រា​ដើម្បី​សន្តិភាព។ យើង​ទាំងអស់​គ្នា​ចង់​បាន​សន្តិភាព មិន​ចង់​ឃើញ​ការ​បំផ្លិចបំផ្លាញ វិនាសកម្ម និង​ការ​បាត់បង់​អាយុ​ជីវិត​ទាំងសងខាង ព្រោះ​នេះ​ជា​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​ឆ្លងកាត់​រួចហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​បង្ហាញ​ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ទាំង ១៤ និង​កងកម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ក្រោម​អធិបតីភាព លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ១៨ ធ្នូ នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក ឃួង ស្រេង លើក​ឡើង​ថា កិច្ចប្រជុំ​នេះ​ធ្វើឡើង ដើម្បី​រៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ​នៅ​ក្នុង​ពិធី​ដើរ​ដើម្បី​សន្តិភាព (March for Peace) ​ឱ្យបាន​ល្អប្រសើរ មិន​មាន​អ្វី​រាំងស្ទះ។ កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​បង្ហាញ​ពី​បំណង​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ ស្មារតី​ស្រឡាញ់​សន្តិភាព ជំរុញ​ឱ្យ​គោរព​បទ​ឈប់​បាញ់ និង កិច្ចព្រមព្រៀង​សន្តិភាព សំដៅ​សម្រេច​បាន​សន្តិភាព​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ និង​កម្លាំង​គ្រប់​ប្រភេទ​ទាំងអស់ ការពារ​សន្តិសុខ​ឱ្យ​បាន​ល្អ​បំផុត ជាមួយ​នឹង​ការ​ពិនិត្យ​ឡើងវិញ ចំពោះ​ការ​ដាក់​ទង់ជាតិ​នៅតាម​ទី​សាធារណៈ​ ពិសេស​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី។ ជាមួយ​នេះ​ការពិនិត្យ​អាវុធជាតិផ្ទុះ ក៏ត្រូវ​ធ្វើឡើង​ផងដែរ​ ដើម្បី​ធានា​ថា សន្តិសុខ សុវត្ថិភាព សម្រាប់​មហាជន​អ្នកចូលរួម​ក្នុង​ពិធី​គឺ​បានល្អ ​១០០ ​ភាគរយ។

លោក ឃួង ស្រេង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុងនាម​អាជ្ញាធរ​ ក៏ដូចជា​កងកម្លាំង​ទាំងអស់​ ក៏ត្រូវ​ពិនិត្យ​មើល​រាល់​ទង្វើ​របស់​ប្រជាពលរដ្ឋ​យើង ដែល​ចូលរួម​ក្នុង​ពិធី​នេះ​ផង​ដែរ ដោយ​មិន​ត្រូវឱ្យ​ពួកគាត់​ធ្វើ​សកម្មភាព​អ្វី​ដែល​ជ្រុល ប្រាសចាក​នូវ​អ្វី​ដែល​ជា​គោលបំណង​របស់​កម្មវិធី​របស់​យើង​ចង់​បាន​ឡើយ​ ដូចជា​ការ​ប្រមាទ​ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ​ថៃ ក៏​ដូច​ការ​យក​រូបថត​ព្រះមហាក្សត្រ ឬ​ថ្នាក់​ដឹកនាំ​ថៃ មក​ជាន់​ឈ្លី ឬ​ដុត​ចោល​ជាដើម ដែល​នេះ​មិន​បង្ហាញ​ពី​ភាព​ថ្លៃថ្នូរ​របស់​ប្រជាជាតិ​កម្ពុជា​នោះ​ទេ។

លោក ឃួង ស្រេង បាន​បញ្ជាក់​ទៀតថា ជា​គម្រោង​ក្នុង​ពិធី​នេះ ​នឹង​មាន​មហាជន​ចូលរួម​ប្រមាណ​ ៣ ម៉ឺន​នាក់​។ ដូច្នេះ​ទេ កងកម្លាំង​របស់​យើង​ត្រូវ​អនុវត្ត​នូវ​អ្វី​ដែល​ជា​គម្រោង​ផែនការ​ដែល​យើង​បាន​គ្រោង​ទុក ហើយ​ក្រោយ​កម្មវិធី​ត្រូវ​បាន​បញ្ចប់​ យើង​ក៏បាន​គិតគូរ​ទៅដល់​ការ​ប្រមូល​សំអាត​សំរាម​ផង​ដែរ មានន័យថា កម្មវិធី​បញ្ចប់​នៅ​ទីតាំង​ប្រារព្ធ​ពិធី​ គឺ​មិន​មាន​សំរាម និង​មាន​បរិស្ថាន​ល្អ​ប្រសើរ​ជា​ធម្មតា​ឡើងវិញ។

គួរ​បញ្ជាក់​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ខាងលើ លោក​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​កងកម្លាំង និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ចុះ​ពិនិត្យ​ដល់​ទីតាំង​ផ្ទាល់​ផង​ដែរ ដោយ​ចាប់ផ្ដើម​ដើរ​ត្រួតពិនិត្យ​ពី​ផ្សារ​រាត្រី រហូត​ទៅ​ដល់​រង្វង់​មូល​ សម្ដេច ​ជួន​ ណាត​ និង​បន្ត​ទៅ​ដល់​វិមានឯករាជ្យ​ដែល​ជា​កន្លែង​ប្រារព្ធ​ពិធី​ធំ ដើម្បី​ធានា​ថា អ្វី​ដែល​ជា​គម្រោង​ដែល​បាន​រៀបចំ គឺ​ដាច់ខាត ត្រូវតែ​ទទួល​បាន​ជោគជ័យ​ ១០០ ភាគរយ៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម