ព័ត៌មានអន្ដរជាតិ
បន្ទាប់ក្លែងធ្វើស្លាប់អស់៥ឆ្នាំ ដើម្បីបានសំណងពីធានារ៉ាប់រង ស្រ្តីវៀតណាមត្រូវចាប់ខ្លួន
ក្រោយក្លែងបន្លំខ្លួនធ្វើជាស្លាប់ និងចុះបញ្ជីមរណភាពអស់៥ឆ្នាំដើម្បីបានសំណងពីធានារ៉ាប់រង ប្រមាណជាង៤៥០០០ដុល្លារ ស្ត្រីជនជាតិវៀតណាមត្រូវចាប់ខ្លួនពេលសុំលុបបញ្ជីមរណភាព។
បន្ទាប់ពីបានព្រមព្រៀងគ្នា «សម្តែង» ជាមួយម្តាយបង្កើតរួច នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ អ្នកស្រី ង្វៀង ធីធូ [Nguyen Thi Thu] បានលេបថ្នាំងងុយដេក រួចចូលទៅបន្ទប់ទឹក បន្ទាប់មកធ្វើជាដួលនៅលើឥដ្ឋ បណ្តាលឱ្យរបួសមុខ ច្រមុះ និងមានហូរឈាម ហើយបានបន្លំធ្វើជាស្លាប់តែម្តង។ នេះបើយោងតាមកាសែត VNN របស់វៀតណាម។

ប៉ូលិសនៅសង្កាត់ Thanh Hoa បាននិយាយថា ពួកគេបានរកឃើញករណីដែលស្ត្រីម្នាក់ត្រូវបានប្រកាសថាស្លាប់កាលពីប្រាំឆ្នាំមុនត្រឡប់មកវិញ ហើយបានដាក់ពាក្យសុំចុះបញ្ជីមរណភាពរបស់នាង តែត្រូវបានទុកជាមោឃៈ បន្ទាប់ពីបានក្លែងបន្លំប្រាក់សំណងជាង ១.២ ពាន់លានដុង (ប្រហែល ៤៥,៦០០ដុល្លារអាមេរិក) នៅក្នុងការបង់ធានារ៉ាប់រង។
កាលពីប្រាំឆ្នាំមុន មនុស្សម្នាក់ដែលមានឈ្មោះដូចគ្នានឹងឈ្មោះ ង្វៀន ធីធូ ត្រូវបានក្រុមគ្រួសាររបស់នាងប្រកាសថាបានស្លាប់ ដោយបង្កើតឱ្យមានការសង្ស័យ ដែលទាមទារឱ្យមានការបំភ្លឺឡើងវិញ។
បន្ទាប់ពីទទួលបានរបាយការណ៍ពីប៉ូលិសសង្កាត់ Quang Trung អាជ្ញាធរបានធ្វើការផ្ទៀងផ្ទាត់ដោយប្រើវិធានការជំនាញ បានកំណត់ថា នាង ង្វៀន ធីធូ បានស្នើសុំការលុបចោលការចុះបញ្ជីមរណភាព គឺពិតជា ឈ្មោះ ង្វៀន ធីធូ ដូចគ្នា ដែលការស្លាប់ត្រូវបានចុះបញ្ជីកាលពីប្រាំឆ្នាំមុន។
ដោយឡែកប៉ូលិសរកឃើញភាពមិនប្រក្រតីជាច្រើន និងសញ្ញានៃសកម្មភាពបទឧក្រិដ្ឋ ដែលប៉ូលីសសង្កាត់ Quang Trung បានរាយការណ៍ករណីនេះនិងបានបញ្ជូនទៅភ្នាក់ងារប៉ូលិសផ្សេងទៀតដើម្បីស៊ើបអង្កេត។
ក្នុងរយៈពេលដ៏ខ្លី ប៉ូលិសបានប្រមូលឯកសារ និងភស្តុតាងគ្រប់គ្រាន់ ដោយបង្ខំ ង្វៀន ធីធូ សារភាពចំពោះបទល្មើសរបស់នាង បន្ទាប់មកនាងសារភាពថាខ្លួនបានក្លែងបន្លំធ្វើជាស្លាប់ ដើម្បីបោកប្រាស់ក្រុមហ៊ុនធានារ៉ាប់រង។
តាមសំណុំរឿងបានឱ្យដឹងថា នៅឆ្នាំ២០១៧ អ្នកស្រី ធូ បានលែងលះប្តី ហើយត្រឡប់មករស់នៅជាមួយម្តាយបង្កើតវិញ។ ក្នុងអំឡុងពេលនោះនាងបានធ្វើដំណើរទៅធ្វើការនៅខេត្ត ហើយបានទិញធានារ៉ាប់រងចំនួន៤ ពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួនពីរផ្សេងគ្នា។
នៅឆ្នាំ ២០២០ បន្ទាប់ពីបានរកឃើញថា នាងមានជំងឺមហារីក និងឈ្លោះប្រកែកជាមួយម្តាយជាញឹកញាប់ នាងក៏បានអាក់អន់ចិត្ត ហើយបែកគំនិត ក្លែងបន្លំការស្លាប់របស់នាងដើម្បី៖ «ផ្លាស់ប្តូរអត្តសញ្ញាណ» និងប្រមូលប្រាក់សំណងពីក្រុមហ៊ុនធានារ៉ាប់រង។ ដូច្នេះហើយនាងបានពិភាក្សាផែនការនេះជាមួយម្តាយ ដើម្បីបង្កើតសេណារីយ៉ូ «ការស្លាប់ក្លែងក្លាយ» ដ៏មានប្រសិទ្ធភាព។
ដោយធ្វើការជាមួយអ្នកស៊ើបអង្កេត អ្នកស្រី Thap ជាម្តាយបាននិយាយថា៖ «នៅពេលខ្ញុំឮនាងនិយាយអំពីរឿងនេះដំបូងៗ ខ្ញុំបានបដិសេធខ្លាំងដែរ ប៉ុន្តែនាងបានគំរាមថាបើខ្ញុំមិនព្រមធ្វើទេ នាងនឹងខាំខ្សែភ្លើង សម្លាប់ខ្លួនឯង។ ពេលនោះខ្ញុំនឹងត្រូវបាត់បង់កូនរបស់ខ្ញុំជាមិនខាន ប៉ុន្តែនៅតែមិនទទួលបានប្រាក់ធានារ៉ាប់រងណាមួយឡើយ»។
ក្នុងចម្លើយសារភាពជាមួយសមត្ថកិច្ច នាង ធូ បានសារភាពថា៖ «ដោយសារជំងឺ ខ្ញុំគិតចង់ធ្វើអត្តឃាត ប៉ុន្តែខ្ញុំក៏គិតដែរថាមិនទាន់បានសំណងអ្វីទេ។ បើខ្ញុំសម្លាប់ខ្លួន ធានារ៉ាប់រងក៏មិនចេញឱ្យដែរ។ ដូច្នេះខ្ញុំក្លែងបន្លំធ្វើជាស្លាប់ ដើម្បីយកលុយធានារ៉ាប់រងប៉ុណ្ណោះ។ បន្ទាប់ពីក្លែងបន្លំនេះមក ខ្ញុំមានបំណងទៅឆ្ងាយ និងកាត់ផ្តាច់ទំនាក់ទំនងជាមួយគ្រួសារខ្ញុំម្តងទៀត»។
ភ្នាក់ងារប៉ូលីសស៊ើបអង្កេតនៃប៉ូលីសខេត្ត Thanh Hóa បានចេញសេចក្តីសម្រេចឃុំខ្លួនបណ្តោះអាសន្នទាំងម្តាយនិងកូនរបស់ពួកគេ ដោយចោទប្រកាន់ពីបទក្លែងបន្លំធានារ៉ាប់រង។
ជាមួយគ្នានេះដែរ ប៉ូលិសកំពុងបន្តប្រមូលភស្តុតាងប្រឆាំងនឹងបុគ្គលដែលពាក់ព័ន្ធផ្សេងទៀត ដើម្បីពង្រីកការស៊ើបអង្កេត៕
ប្រែសម្រួល៖ ណឺ មិនា

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


