Connect with us

ព័ត៌មានជាតិ

សម្តេច ហ៊ុន ម៉ាណែត សង្កត់ធ្ងន់តម្លៃនៃសន្តិភាព និងការអនុវត្តបទឈប់បាញ់ជាមួយថៃ

បានផុស

នៅ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ការសម្រេចអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង» រវាងកម្ពុជា និងថៃ មិនមែនជាការចុះចាញ់ ឬការបោះបង់បូរណភាពទឹកដីនោះឡើយ ប៉ុន្តែជាជម្រើសដ៏ចាំបាច់ ដើម្បីការពារជីវិត និងសុខទុក្ខរបស់ប្រជាពលរដ្ឋ និងរក្សាសន្តិភាពយូរអង្វែងសម្រាប់ប្រទេសជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសារដែលបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក ជូនចំពោះវីរកងទ័ព វីរនគរបាល និងប្រជាពលរដ្ឋទូទាំងប្រទេសនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥នេះ សម្តេចធិបតីបានលើកឡើងថា កម្ពុជាបានឆ្លងកាត់ភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មយ៉ាងឆ្អែតឆ្អន់រាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលធ្វើឱ្យប្រជាជនខ្មែរស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព»។ ដូច្នេះ កម្ពុជាគ្មានប្រាថ្នាអ្វីក្រៅពីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឱ្យរីកចម្រើនឡើយ។

សម្តេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ សន្ធិសញ្ញា និងអនុសញ្ញាដែលកម្ពុជាបានទទួលយក ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងគោលបំណងរួមរស់ប្រកបដោយសន្តិសហវិជ្ជមានជាមួយប្រទេសទាំងអស់។ ក្រោយការចរចាដោយភាពអត់ធ្មត់ខ្ពស់បំផុត កម្ពុជា និងថៃ បានឯកភាពអនុវត្តបទ «ឈប់បាញ់ភ្លាមនៅនឹងកន្លែង» ដែលមានប្រសិទ្ធភាពចាប់ពីម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចធិបតីបានពន្យល់ថា ការជ្រើសរើសផ្លូវសន្តិភាពនេះ គឺដើម្បីបញ្ចប់ការប្រយុទ្ធ មុនពេលស្ថានការណ៍រីកធំឡើង និងបង្កការខូចខាតធ្ងន់ធ្ងរជាងនេះទៅទៀត។

សម្តេចបានលើកឡើងថា បច្ចុប្បន្នមានប្រជាពលរដ្ឋភៀសសឹកជាងកន្លះលាននាក់ កុមាររាប់ពាន់នាក់មិនអាចទៅរៀនបាន និងមានជនស៊ីវិល ៣២នាក់បានបាត់បង់ជីវិត ខណៈ ៩៣នាក់ផ្សេងទៀតរងរបួស។ ក្នុងនាមជាប្រទេសតូច កម្ពុជា មិនមានអ្វីចំណេញពីការអូសបន្លាយសង្គ្រាមនោះទេ។

សម្តេចធិបតីបានបញ្ជាក់ផងដែរថា ការរក្សាទីតាំងឈរជើងរបស់កងកម្លាំងទាំងសងខាង នៅពេលចាប់ផ្តើមអនុវត្ត​បទឈប់បាញ់ មិនមានការពាក់ព័ន្ធនឹងការកំណត់ខណ្ឌសីមាព្រំដែនឡើយ ហើយសិទ្ធិរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន នៅតែពេញលេញស្របតាមច្បាប់អន្តរជាតិ និងយន្តការទ្វេភាគីដែលមានជាធរមាន។ ភាគីទាំងពីរ ក៏បានឯកភាពឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដើម្បីធានាសន្តិភាពយូរអង្វែង។

លក្ខខណ្ឌនៃបទឈប់បាញ់នេះ ក៏បើកផ្លូវឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានរបស់ខ្លួនវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ខណៈរាជរដ្ឋាភិបាលបានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឱ្យត្រៀមការសម្របសម្រួល និងដំណោះស្រាយសម្រាប់តំបន់ដែលមិនទាន់មានសុវត្ថិភាពពេញលេញ។ បន្ថែមពីនេះ ក្រោយអនុវត្តបទឈប់បាញ់ពេញលេញរយៈពេល ៧២ម៉ោង យោធិនកម្ពុជា ១៨រូប នឹងត្រូវបានដោះលែងត្រឡប់មកកម្ពុជាវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក ចិន និងបណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដែលបានជួយជ្រោមជ្រែងដល់ដំណើរការសន្តិភាពនេះ។

ជាមួយគ្នានេះ សម្តេចបានសម្តែងកត្តញ្ញូតាធម៌ចំពោះព្រះមហាក្សត្រ ព្រះមហាក្សត្រី ព្រះសង្ឃ កងទ័ព កងនគរបាល និងប្រជាជនខ្មែរ ទាំងក្នុង និងក្រៅប្រទេស ចំពោះការលះបង់ និងស្មារតីសាមគ្គីជាតិ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

សម្តេចធិបតីបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ រួបរួមសាមគ្គីជាតិ ដោយយកមេរៀនពីសង្គ្រាមជាថាមពលសម្រាប់កសាងជាតិ និងអភិវឌ្ឍប្រទេស ឱ្យកាន់តែរឹងមាំ និងមានមោទនភាពលើឆាកអន្តរជាតិ ដោយបញ្ជាក់ថា «សង្គ្រាម មិនអាចបញ្ចប់ដោយសង្គ្រាមបានទេ មានតែសន្តិវិធី និងការគោរពច្បាប់ប៉ុណ្ណោះ ទើបអាចនាំមកនូវសន្តិភាពយូរអង្វែង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម