Connect with us

ព័ត៌មានអន្ដរជាតិ

សន្ទស្សន៍ផ្សារហ៊ុនថៃ ​ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ​ដោយសារវិបត្តិទំនុកចិត្ត

បានផុស

នៅ

សន្ទស្សន៍ផ្សារភាគហ៊ុនថៃ (SET) បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៧ ឆ្នាំ ជិត ១ ​២៧០ ពិន្ទូ​ នៅចុងខែធ្នូ ឆ្នាំ ២០២៥ នេះ ដោយសារតែបញ្ហាផ្សេងៗដែលបង្កជា «វិបត្តិទំនុកចិត្ត» សម្រាប់វិនិយោគិន។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃចន្ទនេះ (២៩ ធ្នូ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ វិបត្តិទំនុកចិត្តបណ្តាលមកពីរឿងអាស្រូវក្លែងបន្លំសាជីវកម្ម លំហូរចេញមូលធនបរទេសជាបន្តបន្ទាប់ និងសម្ពាធសេដ្ឋកិច្ចពិភពលោក និងក្នុងស្រុកកាន់តែអាក្រក់ទៅៗ។

ភាពផ្ទុយគ្នាយ៉ាងខ្លាំងជាមួយទីផ្សារសកល បានបន្ថែមភាពមិនស្រួលដល់វិនិយោគិន។ ខណៈ​ទីផ្សារភាគហ៊ុនអាមេរិកកើនឡើងដល់កម្រិតខ្ពស់បំផុតដោយសារតែការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) ស្ថានភាព​នៅប្រទេសមានទីផ្សារ​កំពុងរីកចម្រើន​ ត្រូវប្រឈមនឹង​បញ្ហាដោយសារតែភាពតានតឹងពាណិជ្ជកម្ម​ក្រោមគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។ ក្នុងនោះ ថៃ រងផលប៉ះពាល់ខ្លាំងដោយសារតែពន្ធបដិការ ១៩% របស់រដ្ឋបាល​ ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលជា​ដៃគូពាណិជ្ជកម្មធំទី ៤ របស់​ថៃ។

ទំនុកចិត្តសម្រាប់ទីផ្សារភាគហ៊ុន ត្រូវបានរង្គោះរង្គើបន្ថែមទៀតដោយរឿងអាស្រូវសាជីវកម្មល្បីៗជាបន្តបន្ទាប់។ ក្រុមហ៊ុន JKN Global Group ត្រូវបានដកចេញពីបញ្ជីផ្សារភាគហ៊ុន បន្ទាប់ពីស្ថាបនិករបស់​ក្រុមហ៊៊ុន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីបទក្លែងបន្លំ ដែលធ្វើឱ្យម្ចាស់មូលបត្របំណុល​ខាត​បង់​រាប់​ប៊ីលានបាត។ វិស័យ​សុខាភិបាលវិញ ត្រូវបានរង្គោះរង្គើដោយការចោទប្រកាន់ប្រឆាំងនឹងស្ថាបនិកក្រុមហ៊ុន Thonburi Healthcare Group លោក​ Boon Vanasin ដែល​គេចោទប្រកាន់ពីបទដំណើរការគម្រោងវិនិយោគក្លែងក្លាយ ក្នុងតម្លៃជាង ៧,៦ ប៊ីលានបាត។ ទន្ទឹមនឹងនេះ ផលវិបាកពីការក្លែងបន្លំគណនេយ្យដ៏ធំរបស់ក្រុមហ៊ុន Stark Corporation បានបន្តលងបន្លាចទីផ្សារ ដែល​ធ្វើឱ្យមាន​ក្ដីបារម្ភកាន់តែខ្លាំងលើ​កម្សោយ​អភិបាលកិច្ចសាជីវកម្ម​។

ក្រៅពីរឿងអាស្រូវសាជីវកម្ម​ ​ថៃបានប្រឈមមុខនឹងឧបសគ្គសេដ្ឋកិច្ចកាន់តែខ្លាំងឡើង។ ការនាំចេញហាក់ដូចជារឹងមាំ​ជាក់ស្ដែង ប៉ុន្តែអ្នកវិភាគបានព្រមានថា កំណើនការនាំចេញភាគច្រើនគឺបណ្តោះអាសន្ន ឬភ្ជាប់ទៅនឹងការដឹកជញ្ជូនទំនិញឆ្លងកាត់ ជាជាងផលិតកម្មក្នុងស្រុកថៃផ្ទាល់។ ​

លើសពីនេះ បំណុលគ្រួសារនៅតែខ្ពស់ជិត ៨៧% ​ធៀបនឹង GDP (ផលិតផលក្នុងស្រុកសរុប) ដែលធ្វើឱ្យតម្រូវការក្នុងស្រុកខ្សោយ ខណៈ​កំណើនឥណទាននៅតែខ្សោយ ទោះបីជាមានការកាត់បន្ថយអត្រាការប្រាក់​ពីធនាគារកណ្ដាល​ថៃក៏ដោយ។

ក្រៅពីនោះ ភាពមិនប្រាកដប្រជាខាងនយោបាយ រួមទាំងអស្ថិរភាពនៅក្នុងរដ្ឋាភិបាលចម្រុះ បានពន្យារពេលថវិកាបន្ថែមទៀត និងធ្វើឱ្យការវិនិយោគធ្លាក់ចុះ។

ឆ្លើយតបនឹង​វិបត្តិទំនុកចិត្ត វិនិយោគិនបរទេសបាន​ដកប្រាក់ចេញទៅក្រៅប្រទេស។ ការលក់​ភាគហ៊ុនចេញសុទ្ធរបស់បរទេស បានឈានដល់ ១០៨ ប៊ីលានបាត ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៥ ខណៈ​តម្លៃជួញដូរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ២០ ឆ្នាំ ហើយសន្ទស្សន៍ SET50 បានធ្លាក់ចុះប្រហែល ២៣% សម្រាប់ឆ្នាំនេះ។

លើសពីនោះ ​កំណើនខ្លាំងក្លានៃ​តម្លៃប្រាក់បាត ​ក៏បានប៉ះពាល់ដល់ការប្រកួតប្រជែង​សម្រាប់ការនាំចេញ និងទេសចរណ៍ថៃផងដែរ ​ខណៈចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរាប់លាននាក់នៅឆ្នាំ ២០២៥ នេះ។ ​

​សម្លឹងមើលទៅមុខ អ្នកវិភាគរំពឹងថា សន្ទស្សន៍ផ្សារភាគហ៊ុនថៃនឹងស្ទុះងើប​ឡើងវិញយឺតៗ និង​ងាយប្រឈមនឹងហានិភ័យ​។ ការព្យាករ​ភាគច្រើនដាក់សន្ទស្សន៍ SET ប្រហែល ១៤០០-១៤៣០ ពិន្ទុនៅចុងឆ្នាំ ២០២៦ ដោយកំណើន GDP ​ថៃ រំពឹងកើនឡើងត្រឹមចន្លោះ ១,៥-១,៨% ប៉ុណ្ណោះ។

និយតករបានស្នើកំណែទម្រង់ដើម្បីពង្រឹងការត្រួតពិនិត្យ ខណៈ​វិនិយោគិនត្រូវបានណែនាំឱ្យផ្តោតលើវិស័យការពារដូចជាសេវាប្រើប្រាស់ និងទូរគមនាគមន៍។ ​យ៉ាងណាមិញ ការបន្តនៃហានិភ័យ​ពន្ធគយ នយោបាយ និងកម្សោយទំនុកចិត្តខ្សោយ​ ធ្វើឱ្យ​ទីផ្សារមូលធនថៃប្រឈមមុខនឹងផ្លូវដ៏វែងឆ្ងាយមួយដើម្បីកសាងទំនុកចិត្តឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម