Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក សន្យាឲ្យ ២ ពាន់លានដុល្លារទៅ UN ដើម្បីផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែត្រូវធ្វើតាមបែបថ្មី

បានផុស

នៅ

ជាការផ្លាស់ប្តូរយុទ្ធសាស្ត្រថ្មីដ៏សំខាន់ ឆ្លើយតបទៅនឹងវិបត្តិសកល, សហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារដល់អង្គការសហប្រជាជាតិ (UN) ក្នុងការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រទេសចំនួន១៧។

ជនភៀសខ្លួននៅហ្គាហ្សា (រូបថត៖ Reuters)

ទោះបីជាយ៉ាងណាក៏ដោយ គម្រោងនេះត្រូវគេបញ្ជាក់ថា ជាបែបថ្មីរបស់ UN ក្នុងការបែងចែកជំនួយឲ្យមានប្រសិទ្ធភាពនិងតម្លាភាពជាងមុន ទៅកាន់ប្រទេសទាំងឡាយដូចជាបង់ក្លាដែស កុងហ្គោ ហៃទី ស៊ីរី មីយ៉ាន់ម៉ានិងអ៊ុយក្រែនជាដើម។

តាមការផ្សាយរបស់ Reuters ​នៅថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥, មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និង UN នៅទីក្រុងហ្សឺណែវបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននិង UN នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ចំនួន១៧ ជាមួយបណ្តាប្រទេសនីមួយៗដែលសហរដ្ឋអាមេរិកបានកំណត់ថាជាប្រទេសអាទិភាព។

ជនភៀសខ្លួននៅហ្គាហ្សា (រូបថត៖ Reuters)

គោលបំណងនៃបែបថ្មីនេះ ត្រូវគេបែងចែកជា៣ផ្នែកធំៗដូចជា ការបញ្ជូនថវិកាទៅកាន់អង្គការក្នុងស្រុក និងសហគមន៍ដែលរងគ្រោះដោយផ្ទាល់ ជាជាងឆ្លងកាត់ការិយាល័យកណ្តាលច្រើនថ្នាក់, ការប្រើប្រាស់ប្រព័ន្ធទិន្នន័យទំនើបដើម្បីតាមដានថា តើជំនួយបានទៅដល់ដៃជនរងគ្រោះពិតប្រាកដឬយ៉ាងណា និងបញ្ចេញថវិកាជួយសង្គ្រោះនៅពេលមានការព្យាករថា គ្រោះមហន្តរាយនឹងកើតឡើង ជាជាងរង់ចាំដល់គ្រោះមហន្តរាយកើតឡើងរួចរាល់ទើបផ្តល់ជំនួយ។

ថវិការបស់អាមេរិក នឹងជួយដល់តំបន់ដែលកំពុងប្រឈមនឹងគ្រោះអត់ឃ្លានខ្លាំង ជាពិសេសនៅតំបន់អាហ្វ្រិក និងមជ្ឈិមបូព៌ា និងដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺ និងការផ្តល់ថ្នាំសង្កូវក្នុងតំបន់សង្រ្គាម ក៏ដូចជាការផ្តល់ជម្រក និងសុវត្ថិភាពដល់មនុស្សដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងដោយសារជម្លោះ និងបម្រែបម្រួលអាកាសធាតុ។

ជនភៀសខ្លួននៅហ្គាហ្សា (រូបថត៖ Reuters)

ទោះបែបនេះ លោក Tom Fletcher ប្រធានផ្នែកជំនួយមនុស្សធម៌ UN និយាយថា តំបន់មួយចំនួនដែលជាអាទិភាពរួមមានយេម៉ែន អាហ្វហ្គានីស្ថាន និងទឹកដីហ្គាហ្សា នឹងមិនទទួលបានការផ្តល់មូលនិធិពីសហរដ្ឋអាមេរិកក្រោមយន្តការថ្មីនេះទេ។

យោងតាមទិន្នន័យ​, ការរួមចំណែកផ្នែកមនុស្សធម៌សរុបរបស់អាមេរិកដល់​ UN បានធ្លាក់ចុះមកនៅត្រឹមប្រហែល ៣.៣៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ ដែលស្មើនឹងប្រមាណ ១៤.៨ ភាគរយនៃចំនួនសរុបជាសកល៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម