Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ទឹកល្អក់ទី ៣ ដាក់លូថ្មីប្រវែងជាង ២០០ ម៉ែត្រ ជូនប្រជាពលរដ្ឋ

បានផុស

នៅ

អាជ្ញាធរ​សង្កាត់​ទឹកល្អក់​ទី ៣ ចុះ​ស្តារ និង​កាយ​ប្រព័ន្ធ​លូ​ចាស់ ដើម្បី​ផ្លាស់ប្ដូរ​ដាក់​បំពង់​លូ​ថ្មី ប្រវែង​ជាង ២០០ ម៉ែត្រ ជូន​ប្រជាពលរដ្ឋ ជៀសវាង​មាន​ការ​កកស្ទះ​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណាត់​ផ្លូវ​លេខ ២០៤ ក្នុង​សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌ​ទួលគោក អាជ្ញាធរ​សង្កាត់ កំពុង​ផ្លាស់ប្ដូរ​លូ​ចាស់ ប្រវែង ២៤០ ម៉ែត្រ ដើម្បី​សម្រួល​ទៅ​ដល់​ប្រព័ន្ធ​លំហូរ​ទឹក កុំ​ឲ្យ​លិចលង់ នា​រដូវ​ធ្លាក់​ភ្លៀង ដែល​កន្លងមក​ប្រព័ន្ធ​លូ​មួយ​ខ្សែ​នេះ ខូចខាត​ជាច្រើន​កំណាត់ ព្រោះតែ​ដល់​អាយុកាល។

លោក វឌ្ឍនា សុធាវង្ស ពលរដ្ឋ​រស់នៅ​អម​សងខាង​ផ្លូវ ប្រាប់​ឲ្យ​ដឹង​ថា ចំណុច​ផ្លូវ​លេខ ២០៤ នេះ តែងតែ​ស្ទះលូ ដោយសារ​តែ​ប្រព័ន្ធ​លូ​ចាស់​ហូរ​យឺត​ខ្លាំង និង​ពេលខ្លះ​ស្ទះលូ​ថែមទៀត បង្ក​ការ​លំបាក​ដល់​ពួកគាត់​ជា​ប្រជាពលរដ្ឋ។ បន្ថែម​នេះ លោក និង​ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ ក៏បាន​កោតសរសើរ​ចំពោះ​អាជ្ញាធរ បន្ទាប់ពី​ការ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​លើ​ការ​រស់នៅ និង​ធ្វើ​ដំណើរ ដើម្បី​កុំ​ឲ្យ​មាន​ការ​លិចលង់​ជួប​ផល​លំបាក​បន្ត​ទៀត។

ចំពោះ​ការ​អភិវឌ្ឍ​នេះ លោក នៅ ភក្ដី ចៅ​សង្កាត់​រង​ទី ១ ទឹកល្អក់​ទី ៣ បាន​លើក​ឡើង​ថា ប្រព័ន្ធ​លូ ប្រវែង ២៤០ ម៉ែត្រ មុខកាត់ ៦ តឹក គឺជា​ថវិកា​របស់​សង្កាត់ សម្រាប់​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មូលដ្ឋាន ដើម្បី​សម្រួល​បន្ទុក ផ្តល់​ភាព​ងាយស្រួល​លើ​ការ​រស់នៅ​ជូន​ប្រជាពលរដ្ឋ។

លោក​ចៅ​សង្កាត់​រង​ទី ១ បាន​បន្ត​ថា ចំពោះ​ការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​នេះ ដើម្បី​សម្រួល​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លោក​បាន​បន្ត​ថា ដោយ​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍន៍ លោក​បាន​ចាត់​ឲ្យ​កម្លាំង​ជំនាញ​​ចុះ​ទៅ​ដាក់​គ្រឿងចក្រ​កាយ​លូ​ចាស់​ដែល​ខូចខាត​មួយ​ខ្សែ​ចេញ​មក​ក្រៅ ដើម្បី​ដាក់​ប្រព័ន្ធ​លូ​ថ្មី​ឡើងវិញ ស្របតាម​បច្ចេកទេស​ស្តង់ដារ គ្មាន​ការ​កកស្ទះ​បន្ត​ទៀត។

ជាមួយ​នេះ សាលា​សង្កាត់​ទឹក​ល្អក់​ទី ៣ ក៏បាន​សំណូមពរ​ពលរដ្ឋ​ដែល​ប្រកប​អាជីវកម្ម និង​រស់នៅ​ជា​លក្ខណៈ​គ្រួសារ ក្នុង​មូលដ្ឋាន សូម​មេត្តា​ជួយ​ថែរក្សា​អនាម័យ​ទាំងអស់​គ្នា ជៀសវាង​មាន​ថង់​ប្លាស្ទិក ឬ​កាកសំណល់​ហូរ​ចូល​ប្រព័ន្ធ​លូ បង្ក​ការ​កកស្ទះ ​ទៅ​ជា​ជន់​លិច៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម