Connect with us

ព័ត៌មានជាតិ

ឆ្នាំ​២០២៥ កសិករខេត្តបាត់ដំបង ពង្រីក​ផ្ទៃដីដាំដុះ​ស្រូវ​ជាង ៤៨ មុឺនហិកតា បាន​ទិន្នផល​មធ្យម​ ៣ តោន​ក្នុងមួយហិកតា

បានផុស

នៅ

មន្ត្រីកសិកម្មខេត្តបាត់ដំបង​បានឲ្យដឹងថា ក្នុងឆ្នាំ​២០២៥ កសិករ​ក្នុង​ខេត្ត​បាត់ដំបង​បានពង្រីកផ្ទៃដី​ដាំដុះដំណាំស្រូវ​លើផ្ទៃដីជាង ៤៨ មុឺនហិកតា​ទូទាំង​ខេត្ត​ ក្នុងនោះកសិករខ្លះក៏បានដាំដុះ ២ ដងក្នុងរដូវវស្សាដើម្បីបង្កើនប្រាក់ចំណូលបន្ថែម។

បើ​គិត​ជាមធ្យម​ទិន្នផលប្រមូលបាន​ជាង ៣ តោនក្នុងមួយហិកតា បើធៀបឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែកត្តាអាកាសធាតុ បានប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ទិន្នផលដំណាំស្រូវរបស់កសិករ ក៏បានថយចុះឬកើនឡើង ក៏អាស្រ័យលើកត្តាអាកាសធាតុ។

អ្នកស្រី ឈន សុីម រស់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង​បានឲ្យដឹងថា ការប្រមូលផលទិន្នផលស្រូវរបស់អ្នកស្រី​ក្នងឆ្នាំ​ ២០២៥ មិនមានការខូចខាតប៉ុន្មានទេ ខណះអ្នកស្រីប្រមូលផលបានរហូតដល់ ១៧ តោនលើផ្ទៃដី ៥ ហិកតា បើធៀបក្នុងរយះពេលដូចគ្នាក្នុង ឆ្នាំ២០២៤ ប្រមូលផលបានត្រឹម ១២ តោនប៉ុណ្ណោះ ដោយសារតែអាកាសធាតុមិនអំណោយ​ផល​។

បើនិយាយពីចំណូល អ្នកស្រី​ថា អាចទ្រទ្រង់ជីវភាពបានសមរម្យ​ បូករួមទាំងការផ្តល់​ការ​គាំទ្រ​ដល់​ការសិក្សារបស់កូនៗ​ផងដែរ។

ចំណែក​កសិករ​មួយ​រូប​ទៀត លោក សឹម ឌី បានឲ្យដឹងដែរ​ថា លោកមានដី​ស្រែត្រឹម ៣ ហិកតាប៉ុណ្ណោះ ហើយលោកប្រមូលទិន្នផលបានជាង ១១ តោន បើធៀបងឆ្នាំ ២០២៤ ប្រមូលបានត្រឹមជាង ៩ តោនប៉ុណ្ណោះ។

លោកបន្តថា លោកធ្វើស្រូវពីមួយឆ្នាំទៅមួយឆ្នាំមិនដែលប្រើប្រាស់ជីគីមីដើម្បីបង្ខំឲ្យបានទិន្នផលច្រើន​នោះទេ ព្រោះលោកធ្វើសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ហើយលក់ចេញមួយផ្នែក ខណៈ​ដែល​លោក​មាន​របបប្រាក់ខែ​រាជការអាចរស់នៅបានសមរម្យ មិនមានការខ្វះខាតណាស់ណានោះទេ។

បើតាមលោក ហេង សិទ្ធ មន្រ្តីកសិកម្ម​ខេត្ត​បាត់ដំបង​បានប្រាប់​ថា តម្លៃទីផ្សារស្រូវនៅខេត្តបាត់ដំបងក្នុងឆ្នាំ២០២៥ ជាមធ្យមស្រូវផ្ការំដួលមានតម្លៃ ១០៣៧ រៀល ក្នុង ១ គីឡូក្រាម,ស្រូវនាងខុន តម្លៃ ៦៤០ រៀល ក្នុង១គីឡូក្រាម,ស្រូវសែនក្រអូប តម្លៃ ៩០៤ រៀល ក្នុង​១ គីឡូក្រាម, OM 5451 តម្លៃ ៦៦៨ រៀល ក្នុង១គីឡូក្រាម, ស្រូវស្រង៉ែធ្ងន់ តម្លៃ ៧៨៥ រៀល ក្នុង១គីឡូក្រាម, ស្រូវស្រង៉ែស្រាល តម្លៃ ៦៨៨ រៀល ក្នុង ១ គីឡូក្រាម៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម