Connect with us

កីឡា

ប្រៀប​ដូច​លើក​ដុំ​ថ្ម​ចេញ​ពី​លើ​ក្បាល ពេលនេះ លឹម ពិសុទ្ធ​ កាន់​តែ​មាន​ទំនុក​ចិត្ត​

បានផុស

នៅ

ខ្សែ​បម្រើ​ប្រយុទ្ធ លឹម ពិសុទ្ធ ​រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្រុម​ថ្មី វិសាខា ដើម្បី​បញ្ចប់​ភាព​ស្ងប់​ស្ងាត់​អស់​រយៈ​ពេល​ជាង​កន្លញ​រដូវ​កាល បន្ទាប់​ពី​រូប​គេ​បាន​ផ្លាស់​ពី​ក្លិប​ភ្នំពេញ​ក្រោន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លឹម ពិសុទ្ធ ​​បាន​លេង​ឲ្យ​ភ្នំពេញ​ក្រោន​ជា​ច្រើន​រដូវ​កាល​គិត​ចាប់​តាំង​ពី​ខ្លួន​ជា​យុវជន​មក​ម្ល៉េះ។ រូប​គេ​​តែង​តែ​​ធ្វើ​បាន​ល្អ និងរក​បាន​គ្រាប់​បាល់​ឲ្យ​ភ្នំពេញ​ក្រោន រហូត​ក្លាយ​ជា​កីឡាករ​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ក្រុម។ ទោះ​បី​ជា​យ៉ាង​ណា នៅ​រដូវ​កាល​ថ្មី ២០២៥-២៦ រូប​គេ​បាន​ផ្លាស់​មក​ចូល​រួម​ជា​មួយ វិសាខា។

ចាប់​តាំង​ពី​ចូល​រួម​ជា​មួយ​ វិសាខា មក លឹម ពិសុទ្ធ មិន​សូវ​មាន​នាទី​លេង​ច្រើន​​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រាល់​ឱកាស​ដែល​ខ្លួន​ទទួល​បាន​​នាទី​លេង​ក៏​រក​គ្រាប់​បាល់​មិន​ទាន់​ថែម​ទៀត​។ ស្រប​ពេលក្លិប​ថ្មី​ធ្វើ​មិន​សូវបាន​ល្អតាំង​ពី​ជើង​ទី១ រហូត​ដល់​ជើង​ទី​២។

ភាព​ស្ងប់ស្ងាត់​ក្នុង​ការ​បង្ហាញខ្លួន​នៅ​លើ​ទី​លាន និង​គ្មាន​​គ្រាប់​បាល់​​នៅ​ក្លិប​ថ្មី​បាន​ក្លាយ​ជា​សម្ពាធ​យ៉ាង​ធ្ងន់​ធ្ងរ​ធ្លាក់​ទៅ​លើ​កីឡាករ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​គាំទ្រ​​​បាន​​លើក​ឡើង​​ផ្សេង​ៗ​ ដែល​រឹត​តែ​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​គ្រប់​គ្រង​ស្មារតី។

ទោះ​បី​ជា​យ៉ាង​ណា ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​ឈាន​ចូល​សប្តាហ៍​ទី​ ១៤ ទើបសម្ពាធ​ដ៏​មហា​ធ្ងន់​ត្រូវ​បាន​រំសាយ​ប្រៀប​ដូច​ជា​លើក​ដុំ​ចេញ​ពី​លើ​ក្បាល នៅ​ពេល លឹម ពិសុទ្ធ រក​បាន​គ្រាប់​បាល់​ដំបូង និង​ជួយ​ក្រុម​ឲ្យ​ទទួល​បាន​ជ័យជម្នះ​។ រូប​គេ​ស៊ុត​ចូល​ ១ គ្រាប់​​ដើម្បី​ឲ្យ វិសាខា តាម​ស្មើ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ១-១ មុន​ពេល​គ្រាប់​បាល់​ជ័យជម្នះ​ដោយ​កីឡាករ Park Jungbin កាល​ពី​ថ្ងៃអាទិត្យ ទី៤ ខែ​មករា ឆ្នាំ ២០២៦។ ការ​ប្រកួត​នេះ​រូប​គេ​ត្រូវ​បាន​ជ្រើស​រើស​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត។

នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​៥ ខែ​មករា ឆ្នាំ ២០២៦ លឹម ពិសុទ្ធ បាន​ប្រាប់​«កម្ពុជា​ថ្មី​»​ថា ៖«អារម្មណ៍ពេល​ដែល​ខ្ញុំអត់បានលេងគឺមិនសូវសប្បាយចិត្ត ហើយបូករួមទាំងខ្ញុំមិនទាន់រកគ្រប់បាល់ជូនក្រុមទៀត វាកាន់តែសម្ពាធមកលើខ្ញុំ។ ជា​ធម្មតា​ កីឡាករត្រូវតែឆ្លងកាត់រឿងបែបនេះ ហើយ​ស្មារតី​ ខ្ញុំមិនបោះបង់នៅតែរក្សាការហ្វឹកហាត់ដើម្បីប្រជែង​កៅអី១១នាក់»។

កីឡាករ​បាន​បន្តថា បើ​ទោះ​ជា​រូប​គេមិន​សូវ​បាន​លេង និង​រក​គ្រាប់​បាល់​មិន​បាន ក៏​មិន​បាន​រារាំង​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឡើយ។ ផ្ទុយ​ទៅ​វិញ រូប​គេ​កាន់​តែ​ព្យាយាម​ហ្វឹក​ហាត់​ជា​ប្រចាំ​ដើម្បី​ជម្នះ​នឹង​ឧបសគ្គ។

កីឡាករ​បាន​រៀប​រាប់​ថា ៖«សម្រាប់​​ការ​ដែល​រកគ្រាប់បាល់ដំបូង​ជូន​ក្រុម ខ្ញុំរំភើបខ្លាំង ពីព្រោះ​ខ្ញុំខក​ខាន​រករក​គ្រាប់​បាល់ជូន​ក្រុម​រយៈ​ពេល​យូរ​ ហើយបានយកឈ្នះក្រុមខ្លាំង។ សម្រាប់ស្មារតីខ្ញុំពេលនេះមានទំនុកចិត្ត​ជាង​មុន​នឹង​រក​គ្រាប់​បាល់​ជូន​ក្រុម​បន្ថែម»៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម