ព័ត៌មានអន្ដរជាតិ
ចិន បារម្ភខ្លាំង ខ្លាចផ្ទុះជំងឺនីប៉ាហ៍ នៅថ្ងៃចូលឆ្នាំថ្មី ដូចកាល កូវីដ-១៩
ដ្បិតតែផ្ទុះនៅឥណ្ឌា ប៉ុន្តែជំងឺនីបាហ៍ កំពុងបង្កក្តីបារម្ភនៅជុំវិញពិភពលោក ជាពិសេសចិនតែម្តង ព្រោះបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសនេះ កាន់តែខិតជិតមកដល់ហើយ។

កាលពីសប្តាហ៍មុន មានមនុស្ស៥នាក់ឆ្លងវីរុសនីប៉ាហ៍នៅឥណ្ឌា និងរាប់រយនាក់ទៀតត្រូវធ្វើចត្តាឡីស័ក ខណៈឥណ្ឌា កំពុងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យរីករាលដាល។
នៅចិនឯណោះ ក៏កំពុងបារម្ភខ្លាំងផងដែរ ព្រោះថា រដូវកាលបុណ្យចូលឆ្នាំថ្មីនេះ នឹងមានប្រជាជនធ្វើចរាចរណ៍ទ្រង់ទ្រាយធំទូទាំងប្រទេស ដែលជាឱកាសនៃការចម្លងរោគយ៉ាងងាយស្រួល។
ករណីនេះធ្វើឲ្យគេនឹកឃើញដល់កាលជំងឺរាតត្បាតកូវីដ-១៩! មនុស្សរាប់រយលាននាក់ធ្វើដំណើរតាមរថយន្តក្រុង រថភ្លើង និងយន្តហោះ ដែលជាកន្លែងបិទជិត និងមានមនុស្សកកកុញ ធ្វើឲ្យវីរុសងាយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ លើសពីនេះ ការជួបជុំគ្រួសារដូចជាការហូបចុកជុំគ្នា ការសួរសុខទុក្ខសាច់ញាតិវ័យចំណាស់នៅតាមជនបទ ដែលមានប្រព័ន្ធសុខាភិបាលខ្សោយ គឺជាកត្តាហានិភ័យខ្ពស់។

តាមការផ្សាយរបស់ South China Morning Post នៅថ្ងៃអង្គារទី២៧ខែមករាឆ្នាំ២០២៦ ឥឡូវ ដ្បិតតែវីរុសនីប៉ាហ៍ មិនទាន់ឆ្លងរាតត្បាតខ្លាំងជាសកល ប៉ុន្តែចិនកំពុងចាត់វិធានការទប់ស្កាត់ ខ្លាចសភាពការណ៍ធ្ងន់ធ្ងរដូចកាលកូវីដផ្ទុះដំបូង។
ពេលនេះ ចិនបានដាក់វីរុសនីប៉ាហ៍ទៅក្នុងបញ្ជីជំងឺតាមដានជាតិ ហើយបង្កើនការត្រួតពិនិត្យនៅតាមច្រកព្រំដែននិងព្រលានយន្តហោះ ចំពោះអ្នកដំណើរដែលមកពីតំបន់ផ្ទុះមេរោគជាពិសេសឥណ្ឌា ហើយត្រៀមលក្ខណៈបច្ចេកវិទ្យាតេស្តនិងឱសថព្យាបាលដូចជាថ្នាំ VV116 ជាដើម។
ទោះមានការបារម្ភបែបនេះ ប៉ុន្តែអ្នកជំនាញផ្នែករោគសាស្ត្រនៅចិនអះអាងថា លទ្ធភាពនៃការផ្ទុះឡើងទ្រង់ទ្រាយធំក្នុងប្រទេសគឺមានកម្រិតទាបនៅឡើយ ដោយសារវីរុសនេះមិនសូវធន់នឹងបរិស្ថានខាងក្រៅ ហើយតំបន់ដែលផ្ទុះឡើងនៅឥណ្ឌាមិនមានព្រំដែនជាប់នឹងប្រទេសចិនផ្ទាល់នោះទេ។

ទន្ទឹមនោះក៏មានព័ត៌មានល្អមួយដែរ ដោយចិនប្រកាសថា ខ្លួនមានថ្នាំព្យាបាលជំងឺនីប៉ាហ៍ ឈ្មោះ VV116 ជាប្រភេទថ្នាំលេបបង្កើតឡើងដោយវិទ្យាស្ថានរោគសាស្ត្រ Wuhan រួមជាមួយស្ថាប័នវិទ្យាសាស្ត្រចិនដទៃទៀតដូចជាវិទ្យាស្ថានឱសថសាស្ត្រស៊ាងហៃ Materia Medica និងក្រុមហ៊ុន Vigonvita Life Science Co.។
តាមពិតទៅ ដំបូងឡើយថ្នាំនេះ គឺត្រូវបានផលិតឡើងដើម្បីព្យាបាលជំងឺកូវីដ-១៩ ប៉ុណ្ណោះ ប៉ុន្តែក្រោយការធ្វើតេស្ត វាក៏បង្ហាញពីសមត្ថភាពខ្លាំងក្លា ដើម្បីប្រយុទ្ធជាមួយវីរុសនីប៉ាហ៍ផងដែរ ហើយអ្វីដែលពិសេស គឺវាមានប្រសិទ្ធភាពប្រឆាំងទាំងជាមួយវីរុសនីប៉ាហ៍ពូជម៉ាឡេស៊ីនិងពូជបង់ក្លាដែស ដែលគេស្គាល់ថាជាពូជកាចសាហាវ មានអត្រាមរណភាពខ្ពស់។
ក្នុងការធ្វើតេស្តមន្ទីរពិសោធន៍លើសត្វកណ្តុរដែលត្រូវបានចម្លងមេរោគក្នុងកម្រិតគ្រោះថ្នាក់ដល់ជីវិត, ការផ្ដល់ថ្នាំ VV116 តាមរយៈការលេបក្នុងកម្រិត ៤០០ មីលីក្រាម ក្នុងមួយគីឡូក្រាមនៃទម្ងន់ខ្លួន គឺបានបង្កើនអត្រារស់រានមានជីវិតរហូតដល់ ៦៦.៧%។ ការព្យាបាលនេះក៏បានកាត់បន្ថយចំនួនមេរោគយ៉ាងច្រើននៅក្នុងសរីរាង្គសំខាន់ៗ រួមមានសួត ស្បែក និងខួរក្បាលផងដែរ។

ស្របពេលជាមួយគ្នានោះ ក្រុមអ្នកស្រាវជ្រាវបានផ្តល់យោបល់ថា ថ្នាំ VV116 អាចប្រើប្រាស់ជាការព្យាបាលសម្រាប់ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដូចជាបុគ្គលិកសុខាភិបាល និងបុគ្គលិកមន្ទីរពិសោធន៍ ហើយក៏ជាជម្រើសឆ្លើយតបដែលមានស្រាប់ ក្នុងករណីផ្ទុះឡើងនៃវីរុសនីប៉ាហ៍នាពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
យ៉ាងណា បច្ចុប្បន្នមិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយសម្រាប់ការពារការឆ្លងវីរុសនីប៉ាហ៍ទេ ទាំងដែលជំងឺនេះ មានអត្រាមរណភាពចន្លោះពី៤០ទៅ៧៥%ឯណោះ។
សូមជម្រាបជាថ្មី បើយោងតាមក្រសួងសុខាភិបាលកម្ពុជា វីរុសនីប៉ាហ៍ ឆ្លងតាមរយៈ៖
- សត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុស ហើយចម្លងវីរុសទៅសត្វជ្រូក សេះ ពពែ ចៀម ឆ្មា និងឆ្កែ រួចចម្លងមកមនុស្សតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទឹកសរីរាង្គសត្វដូចជា នោមនៃសត្វទាំងនេះ ឈាម លាមកឬទឹក។
- ការទទួលទានផ្លែឈើ ឬ ទឹកផ្លែឈើ (ដូចជាទឹកត្នោត) ដែលមានទឹកនោម ឬទឹកមាត់សត្វ ប្រចៀវដែលមានផ្ទុកវីរុសនីប៉ាហ៍ចូលក្នុងនោះ។
- មនុស្សប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវស៊ីផ្លែឈើដែលមានវីរុសនីប៉ាហ៍
- ការប៉ះពាល់ផ្ទាល់ ឬតាមរយៈទឹកសរីរាង្គរបស់បុគ្គលមានផ្ទុកវីរុសនីប៉ាហ៍ ដូចជា ឈាម ទឹកនោម ទឹកមាត់ ទឹកសំបោរ ឬតំណក់ទឹកតូចៗចេញពីផ្លូវដង្ហើម ឬច្រមុះ ។
ចំពោះរោគសញ្ញារួមមាន៖
- បុគ្គលដែលឆ្លងវីរុសនីប៉ាហ៍ អាចគ្មានរោគសញ្ញា រហូតដល់មានជំងឺផ្លូវដង្ហើមស្រួចស្រាវ និង រលាកខួរក្បាលធ្ងន់ធ្ងរ ដូចជាហើមខួរក្បាល និងអាចស្លាប់។ រយៈពេលពីឆ្លងវីរុសនីប៉ាហ៍រហូត ដល់ចាប់ផ្តើមមានរោគសញ្ញា គឺ មានចន្លោះពី ៤ថ្ងៃ ទៅ ១៤ ថ្ងៃ តែអាចរហូតដល់ ៤៥ ថ្ងៃ រោគ សញ្ញារួមមានគ្រុនក្តៅ ឈឺក្បាល ក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ក្អួត ឈឺសាច់ដុំ។ នៅពេល ដែលខួរក្បាលហើម ធ្វើឲ្យ វិលមុខ ងងុយដេក វិបត្តិស្មារតី ប្រកាច់ សន្លប់ក្នុងអំឡុង ២៤-៤៨ ម៉ោង ដែលជារោគសញ្ញាទាក់ទងនិងប្រព័ន្ធប្រសាទ។
- បុគ្គលដែលមានជំងឺរលាកខួរក្បាលស្រួចស្រាវ តែងមានផលវិបាកប្រព័ន្ធប្រសាទរយៈពេលយូរ បន្ទាប់ពីជាសះស្បើយ ក្នុងនោះ ២០% នៃអ្នកជំងឺមានជំងឺប្រកាច់ ហើយបុគ្គលមួយចំនួនតូចឈឺ ឡើងវិញ ឬវិវត្តន៍ទៅជាមានជំងឺរលាកខួរក្បាលជាថ្មី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


