Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាមជាប់លេខ ៣ លើលោកក្នុងការនាំចេញដំឡូងមី ប៉ុន្តែ​ប្រឈមបញ្ហាក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់​

បានផុស

នៅ

វៀតណាមគឺជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៣របស់ពិភពលោក ប៉ុន្តែឧស្សាហកម្មនេះកំពុងប្រឈមមុខនឹង​បញ្ហាក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ដោយមាន​សម្ពាធកាន់តែច្រើនឡើងៗ​ ជាពិសេសពាក់ព័ន្ធនឹង​ការ​បំពេញតាមស្តង់ដារអន្តរជាតិដ៏តឹងរ៉ឹង រួមទាំង​ភាពអាចតាមដានបាន តម្លាភាពដីធ្លី និងផលិតកម្មដោយគ្មានការកាប់បំផ្លាញព្រៃឈើ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ VNS នៅថ្ងៃព្រហស្បតិ៍ (២៩ មករា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញវៀតណាម​និយាយថា ការបំពេញតាមតម្រូវការនិរន្តរភាព គឺមានសារៈសំខាន់សម្រាប់វិស័យដំឡូងមី​ ដើម្បីរក្សាចំណែកទីផ្សារ​ និងសម្រេចបានប្រាក់ចំណូលនាំចេញចំនួន ២,៣-២,៥ ​ប៊ីលានដុល្លារ​/ឆ្នាំ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ទោះបីជាមានការប្រែប្រួលនៃផលិតផលកសិកម្មផ្សេងទៀតក៏ដោយ ការនាំចេញដំឡូងមីបានកើនឡើងជាលំដាប់។

នៅឆ្នាំ ២០២៥​ វៀតណាមបាននាំចេញដំឡូងមី និងផលិតផលដំឡូងមី ជាង ៣,៩៩ ​លានតោន ​ក្នុង​តម្លៃជិត ១,២៧ ប៊ីលាន​ដុល្លារ​។ ​ចិននៅតែជាទីផ្សារសំខាន់ ដោយកាន់កាប់ជាង ៩៣% នៃការនាំចេញ ខណៈ​ការនាំចេញទៅម៉ាឡេស៊ី និងជប៉ុន ក៏​បានកើនឡើងផងដែរ។ ដោយឡែកការនាំចេញទៅកាន់តៃវ៉ាន់ និងកូរ៉េខាងត្បូង បានធ្លាក់ចុះដោយសារតែការប្រកួតប្រជែងខ្លាំង និងតម្លៃទាប។

VNS បាន​ផ្សាយថា ដំឡូងមីដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅរបស់ប្រជាជនវៀតណាម​នៅ​ជនបទ ជាពិសេសនៅតំបន់ភ្នំ និងតំបន់ដែលជួបការលំបាក។ វៀតណាមផលិតដំឡូងមីជាង ១៨ លានតោនជារៀងរាល់ឆ្នាំ ដែលភាគច្រើនមកពីដីកសិកម្មចំនួន ៥០០ ០០០ ហិកតា ប៉ុន្តែក៏ពឹងផ្អែកលើការនាំចូលពីប្រទេសឡាវ និងកម្ពុជាផងដែរ។ ​វៀតណាម​ មានរោងចក្រកែច្នៃចំនួន ១៤២ កន្លែង ហើយដំឡូងមីមិនត្រឹមតែត្រូវបានប្រើប្រាស់សម្រាប់ម្សៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ម្ហូបអាហារ ចំណីសត្វ ឧស្សាហកម្ម និងជីវថាមពលផងដែរ។

ទោះជាយ៉ាងណាក៏ដោយ តំបន់ដាំដុះដំឡូងមីបានថយចុះបន្តិចដោយសារតែកង្វះខាតកម្លាំងពលកម្ម និងការប្រកួតប្រជែងពីដំណាំផ្សេងទៀត។ នៅក្នុងតំបន់ព្រៃឈើមួយចំនួន ការពង្រីកការដាំដុះដំឡូងមីបានបង្កើនការព្រួយបារម្ភអំពីការកាប់បំផ្លាញព្រៃឈើ​។

បញ្ហាប្រឈមដ៏ធំបំផុតនាពេលខាងមុខ គឺច្បាប់សកលកាន់តែតឹងរ៉ឹងលើភាពស្របច្បាប់ ការតាមដាន និងការកាប់បំផ្លាញព្រៃឈើ។ តួយ៉ាង​ បទប្បញ្ញត្តិថ្មី​របស់​សហភាពអឺរ៉ុប និងទីផ្សារសំខាន់ៗផ្សេងទៀត ​រួមទាំងប្រទេសចិន កំពុងបង្កើនសម្ពាធលើឧស្សាហកម្មដំឡូងមីរបស់​វៀតណាម ក្នុងការសម្របខ្លួនដើម្បីរក្សាការចូលទៅកាន់ទីផ្សារនាំចេញសំខាន់ៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម