ព័ត៌មានអន្ដរជាតិ
លោក Medvedev៖ រុស្ស៊ី«មិនមែនឆ្កួត» ដែលចង់បានសង្គ្រាមលោកនោះទេ
លោក Dmitry Medvedev មន្ត្រីសន្តិសុខជាន់ខ្ពស់ និងជាអតីតប្រធានាធិបតីរុស្ស៊ី បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយនាថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦នេះថា ប្រទេសរុស្ស៊ី «មិនមែនឆ្កួតឡើយ» ហើយក៏គ្មានបំណងចង់ឲ្យមានសង្គ្រាមលោកនោះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ថ្លែងចេញពីគេហដ្ឋានរបស់លោកនៅក្រៅទីក្រុងមូស្គូ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា ទោះបីជាបរិយាកាសអន្តរជាតិបច្ចុប្បន្នគ្រោះថ្នាក់ខ្លាំង ហើយកម្រិតនៃការអត់ធ្មត់ចំពោះការបង្កើនភាពតានតឹងកំពុងធ្លាក់ចុះក៏ដោយ ក៏ទីក្រុងមូស្គូមិនមានចំណាប់អារម្មណ៍ក្នុងការបង្កសង្គ្រាមលោកនោះទេ។ យ៉ាងណា លោកបានព្រមានថា ការប្រឈមមុខដាក់គ្នាបែបនេះនៅតែអាចកើតមាន បើមហាអំណាចលោកខាងលិចនៅតែបន្តមើលរំលងផលប្រយោជន៍សន្តិសុខជាមូលដ្ឋានរបស់រុស្ស៊ី។
សម្ដីរបស់លោក Medvedev បានកើតឡើងចំពេលដែលមានកិច្ចខិតខំប្រឹងប្រែងការទូតជាថ្មី ខណៈដែលប្រធានរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងព្យាយាមចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
លោក Medvedev បានសរសើរចំពោះការបន្តទំនាក់ទំនងកម្រិតខ្ពស់ជាមួយទីក្រុងវ៉ាស៊ីនតោន ដោយហៅកិច្ចសន្ទនានេះថាជាសញ្ញាលើកទឹកចិត្ត បន្ទាប់ពីភាពតានតឹងបានឈានដល់កម្រិតកំពូលអស់រយៈពេលជាច្រើនឆ្នាំ។ ថ្វីដ្បិតតែបែបនេះក្ដី លោកបានច្រានចោលការព្រមានរបស់លោកខាងលិចដែលថា ជ័យជម្នះរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងនាំឲ្យមានការវាយប្រហារលើដែនដីអង្គការណាតូ ដោយលោកបានហៅការភ័យខ្លាចទាំងនោះថាជា «រឿងឥតន័យ» ដែលបង្កើតឡើងដើម្បីបង្ហាញភាពត្រឹមត្រូវដល់ការជ្រៀតជ្រែកយោធារបស់លោកខាងលិច។
នៅពេលឆ្លុះបញ្ចាំងពីការប្រែប្រួលនៃព្រឹត្តិការណ៍ពិភពលោកក្នុងរយៈពេលមួយខែកន្លងមកនេះ លោក Medvedev បានរិះគន់សកម្មភាពនាពេលថ្មីៗរបស់សហរដ្ឋអាមេរិកនៅបរទេស ជាពិសេសអន្តរាគមន៍ក្នុងប្រទេសវ៉េណេស៊ុយអេឡាដែលពាក់ព័ន្ធនឹងសម្ព័ន្ធមិត្តរុស្ស៊ី គឺលោក Nicolás Maduro។ លោកបានប្រកែកថា លោកខាងលិចនៅតែបន្តប្រឌិត«រឿងគួរឲ្យខ្លាច» ពាក់ព័ន្ធនឹងឥទ្ធិពលរបស់រុស្ស៊ី និងចិន ដើម្បីបិទបាំងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់ពួកគេផ្ទាល់។ ទោះបីជាលោក Medvedev ត្រូវបានគេស្គាល់ថាជាអ្នកមានមតិរឹងរូសក៏ដោយ ក៏ក្រុមអ្នកការទូតបរទេសមើលឃើញថា សម្ដីចុងក្រោយរបស់លោកគឺជាការឆ្លុះបញ្ចាំងពីការគិតរបស់ក្រុមឥស្សរជនស្នូលនៅក្នុងវិមានក្រឹមឡាំង ខណៈដែលពួកគេកំពុងស្វែងរកលទ្ធភាពនៃកិច្ចចរចាសន្តិភាពជាមួយរដ្ឋបាលថ្មីរបស់អាមេរិក៕
ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២១ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


