Connect with us

ព័ត៌មានអន្ដរជាតិ

Amarin៖ គ្រាប់ផ្លោងមីយ៉ាន់ម៉ា បន្តធ្លាក់ចូលដីថៃ ចំណែកគ្រាប់កាំភ្លើង បាញ់ត្រូវផ្ទះពលរដ្ឋ

បានផុស

នៅ

គ្រាប់ផ្លោងពីខាងមីយ៉ាន់ម៉ា នៅតែបន្តធ្លាក់ចូលដីថៃ ហើយគ្រាប់កាំភ្លើង ក៏បាញ់ត្រូវផ្ទះពលរដ្ឋក្នុងខេត្ត Tak បង្កការខូចខាតផងដែរ។ នេះបើតាមការផ្សាយរបស់ Amarin កាលពីថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦។ 

(រូបថត៖ Amarin)

រឿងរ៉ាវចុងក្រោយបំផុតនេះកើតឡើងនៅឃុំ Maha Wan នៃស្រុក Mae Sot ដែលគេដឹងថា ជាតំបន់តែងរងផលប៉ះពាល់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងមីយ៉ាន់ម៉ានិងកងទ័ពការ៉ែន (KNU) ក្នុងភូមិ Min La Pan នៃតំបន់ Myawaddy រដ្ឋ ការ៉ែន។

ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីមូលដ្ឋានបញ្ជាក់ថា មិនមានពលរដ្ឋណាម្នាក់ត្រូវរបួស ដោយសារគ្រាប់ផ្លោងនិងគ្រាប់កាំភ្លើងដែលបាញ់មកពីខាងមីយ៉ាន់ម៉ានេះទេ។

(រូបថត៖ Amarin)

​​កាលពីសប្តាហ៍មុន ការប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ា ក៏បណ្តាលឲ្យខូចខាតផ្ទះជនស៊ីវិលថៃផងដែរក្នុងខេត្ត Tak នេះ ប៉ុន្តែ​គ្មានរបាយការណ៍​​​ថា មានអ្នកស្លាប់​ឬ​រងរបួស​នោះទេ​​។

​​​​​​ជារឿយៗ ក្រុម​យោធា​របស់​រដ្ឋាភិបាល​របបសឹកមីយ៉ាន់ម៉ា​ តែង​ពើប​ប្រយុទ្ធ​​គ្នា​ខ្លាំង​ជាមួយ​ KNU ហើយ​ក្រុម​នេះ​ក៏បាន​ប្រកាស​ផ្តាច់ខ្លួន​​ជារដ្ឋឯករាជ្យកាល​ពី​ដើម​​ខែ​មករា ប៉ុន្តែ​គ្មាន​បរទេស​ណា​មួយចាប់អារម្មណ៍ទទួលស្គាល់​ឡើយ លើក​លែង​តែ​សារ​ព័ត៌មានថៃ​​​​បាន​ផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​អំពី​ការ​ប្រកាស​ឯករាជ្យ​នោះ។​

(រូបថត៖ Amarin)

​ក្នុងការ​ប្រយុទ្ធ​​​គ្នាពេលនោះ យោធា​​មីយ៉ាន់​ម៉ា​​បាន​ប្រើប្រាស់​យន្តហោះគ្មានមនុស្សបើក​ រួមទាំងយន្តហោះទម្លាក់គ្រាប់បែក និងដ្រូនអត្តឃាត «កាមីកាហ្សេ» ផងដែរដើម្បីកំណត់គោលដៅទីតាំងរបស់ KNU នៅក្នុងតំបន់​​​ប្រទាញប្រទង់​គ្នា។


ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅមូលដ្ឋាន KNU ដែលមានទីតាំងប្រហែល១គីឡូម៉ែត្រពីព្រំដែនថៃ ខណៈចំនួនមនុស្សស្លាប់ និងរបួសនៅតែមិនទាន់ដឹងច្បាស់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម