Connect with us

ព័ត៌មានជាតិ

ក្រុម​សភា​ប្រើ​ភាសា​បារាំង​ដាក់​បញ្ចូល​បញ្ហា​អរិភាព​រវាង​កម្ពុជា​-ថៃ ក្នុង​របាយការណ៍​គណៈកម្មការ​នយោបាយ​របស់​ខ្លួន

បានផុស

នៅ

សភា​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​បាន​សម្រេច​ដាក់​បញ្ជូន​របាយការណ៍​ស្ដីពី​អរិភាព​រវាង​កម្ពុជា​និង​ថៃ ទៅ​ក្នុង​របាយការណ៍​គណៈ​កម្មការ​នយោបាយ​ខ្លួន​។ ការ​ដាក់​បញ្ចូល​នេះ​គឺ​បន្ទាប់​ពី​អនុប្រធាន​ទី​១ ព្រឹទ្ធសភា​លោក អ៊ុច បូររិទ្ធ បាន​រាយការណ៍​ពី​បញ្ហា​ព្រំដែន​កម្ពុជា​-ថៃ​ទៅ​ក្នុង​អង្គ​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិការ​នៃ​សភា​ប្រើ​ភាសា​បារាំង​កាល​ពី​ចុង​ខែ​មករា កន្លង​ទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ុងតេណេក្រូ កាល​ពី​ថ្ងៃ​ទី​៣០ និង​៣១ ខែ​មករា​​ លោក អ៊ុច បូររិទ្ធ បាន​លើក​ឡើង​ថា ស្ថានការណ៍​ព្រំដែន​កម្ពុជា​-ថៃ ជា​គំរូ​មួយ​ដែល​​គោលការណ៍ និង​លិខិតុបករណ៍​អន្តរជាតិ​​ដែល​មាន​ស្រាប់​បង្កើត​ឡើង​ក្នុង​គោល​បំណង​បង្ការ​ការ​រីករាលដាល​នៃ​ជម្លោះ​ មិន​ត្រូវ​បាន​​គោរព​ឱ្យ​បាន​ពេញ​លេញ​ ឬ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​។

​​​លោក​ថា៖ «ឧប្បត្តិហេតុ​នានា​នៅ​តែ​បន្ត​កើត​មាន​ជា​ញឹកញាប់​ ហើយ​ហានិភ័យ​នៃ​ការ​រីករាល​ដាល​ជម្លោះ​នៅ​តែ​មាន​កម្រិត​ខ្ពស់​។ មូលហេតុ​គឺ​ដោយសារ​ការ​មិន​គោរព​របស់​ភាគី​ថៃ​ចំពោះ​ឯកសារ​គតិយុត្តិ​ដែល​បាន​រៀបរាប់​ខាង​លើ​ ព្រម​ទាំង​ការ​ព្យាយាម​ជា​ឯកតោ​ភាគី​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​ដើម (Status Quo) នៃ​ដែនដី ដោយ​ផ្អែក​លើ​ផែនទី​ដែល​រៀប​ចំ​ឡើង​ជា​ឯកតោ​ភាគី​ដោយ​ភាគី​ថៃ​ ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​ព្រមព្រៀង​គ្នា ឬ​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នោះ​ឡើយ»

លោក​បាន​បង្ហាញ​ទៅ​តំណាង​សភា​ប្រើ​ភាសា​បារាំង​ថា​ យន្តការ​ដោះស្រាយ​វិវាទ​ទាំង​កម្រិត​តំបន់ និង​អន្តរជាតិ​ ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ដែល​បាន​ចែង​យ៉ាង​ច្បាស់​ពី​ការ​ដោះស្រាយ​វិវាទ​ដោយ​សន្ដិវិធី និង​គោរព​អធិបតេយ្យភាព​។ បន្ថែម​លើ​នេះ​កម្ពុជា​-ថៃ​ មាន​ទាំង​សន្ធិសញ្ញា​ អនុស្សារណៈ​យោគយល់​គ្នា​ជាមួយ​គ្នា​ដែល​មាន​អនុភាព​ខាង​ច្បាប់​ឱ្យ​គោរព​និង​អនុវត្ត ជាមួយ​គ្នា​នេះ​ក៏​បង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC និង​គណៈកម្មការ​ចម្រុះ​ព្រំដែន​ JBC ​ដើម្បី​ដោះស្រាយ​ជាមួយ​គ្នា​ថែម​ទៀត​។ តែ​យ៉ាង​ណា​បញ្ហា​កើត​ឡើង​ដោយ​សារ​ការ​មិន​គោរព​របស់​ថៃ​ដោយ​ចង់​យក​ផែន​ទី​ដែល​រៀបចំ​ដោយ​ខ្លួន​ឯង​មក​បំពាន​លើ​ច្បាប់​អន្តរជាតិ​ទាំង​នេះ​។

​​លោក អ៊ុច បូររិទ្ធ បាន​បន្ថែម​ថា​បន្ទាប់​ពី​សម្រេច​បាន​បទ​ឈប់​បាញ់​ជា​លើក​ទី២​ ទោះ​បី​មាន​សេចក្ដី​ថ្លែង​ការណ៍​រួម​ក្ដី​តែ​ថៃ​នៅ​តែ​បន្ត​លុក​លុយ​ចូល​ដី​កម្ពុជា រាយ​បន្លា​លួស ដាក់​ទូរ​កុងតឺន័រ រារាំង​ការ​វិល​ត្រលប់​របស់​ប្រជាជន​ខ្មែរ​ទៅ​កាន់​ទី​លំនៅ​របស់​ពួកគេ​វិញ​ថែម​ទៀត​។

លោក​ថា៖ «អំពើ​អស់​ទាំងនេះ​បាន​ភ្ជាប់​មក​ជាមួយ​នឹង​វត្តមាន​ និង​ការ​គ្រប់គ្រង​ត្រួតត្រា​ជា​បន្តបន្ទាប់​នូវ​តំបន់​មួយ​ចំនួន​ដែល​ស្ថិត​នៅ​យ៉ាង​ច្បាស់​ក្នុង​ទឹកដី​កម្ពុជា ​ដែល​នេះ​បង្កើត​ឱ្យ​មាន​ជា​ការ​កាន់កាប់​ដោយ​ខុស​ច្បាប់​ ព្រម​ទាំង​សកម្មភាព​បំផ្លិចបំផ្លាញ​លំនៅ​ឋាន និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល»

អនុប្រធាន​ទី​១​ ​ព្រឹទ្ធសភា​ក៏​បាន​រាយការណ៍​ពី​ការ​បំផ្លាញ​ដល់​រូប​សំណាក់​ និង​ទីតាំង​បុរាណ​ជា​ច្រើន​ រួម​ទាំង​បេតិកភណ្ឌ​ពិភព​លោក​ប្រាសាទ​ព្រះវិហារ​ដោយ​សកម្មភាព​របស់​ថៃ​ ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​សភា​ប្រើ​ភាសា​បារាំង​ផង​ដែរ​។

​​​លោក​បាន​អំពាវនាវ​ឱ្យ​អង្គការ​អន្តរជាតិ​មួយ​នេះ​ចូលរួម​ចំណែក​ដល់​ការ​ថែ​រក្សា​សន្ដិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់ និង​អះអាង​ថា​​ព្រះ​​រាជាណាចក្រ​កម្ពុជា​សូម​បញ្ជាក់សារ​ជាថ្មី​នៅចំពោះ​មុខ​សភា​ប្រើ​ភាសា​បារាំង​នូវ​គោលការណ៍​គ្រឹះ មិន​ប្រើប្រាស់​កម្លាំង​ទ័ព ការ​គោរព​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​នៃ​រដ្ឋ​នានា ជំរុញ​ឱ្យមានការគោរពបទឈប់បាញ់ ក៏ដូចជា​ការ​លើក​កម្ពស់​ការ​ប្រើប្រាស់​យន្ត​ការដែលមានស្រាប់ប្រកបដោយសន្តិវិធី និងការសន្ទនានៅក្នុងស្មារតីទទួលខុសត្រូវ ភាពអត់ធ្មត់ និងកិច្ចសហប្រតិបត្តិការ។

ជាលទ្ធផល អង្គប្រជុំបានស្វាគមន៍ និងបង្ហាញនូវសាមគ្គីភាពចំពោះបទអន្តរាគមន៍របស់ លោក​អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា និងបានសម្រេចបញ្ចូលរបាយការណ៍ស្តីពីអរិភាពរវាងកម្ពុជា និងថៃ នៅក្នុងរបាយការណ៍គណៈកម្មការនយោបាយ នៃសភាប្រើភាសាបារំាង (APF) ដែលត្រូវបានផ្សព្វផ្សាយ​នៅលើគេហទំព័ររបស់ APF ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម