ព័ត៌មានជាតិ
ព្រឹទ្ធសភាទទួលយកសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា ដើម្បីពិនិត្យសិក្សា បន្ទាប់ពីរដ្ឋសភាបានអនុម័តរួចរាល់
ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យសំណើរបស់រដ្ឋសភា ក្នុងការស្នើពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា បន្ទាប់ពីសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភា កាលពីម្សិលមិញ។

តាមសេចក្ដីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានព្រឹទ្ធភា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលដឹកនាំកិច្ចប្រជុំដោយលោក អ៊ុច បូររិទ្ធ ប្រធានស្ដីទីព្រឹទ្ធសភា គឺបានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ទៅគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា មុននឹងដាក់ឱ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភាពិនិត្យហើយឱ្យយោបល់។

សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា មាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ត្រូវបានស្នើឡើងដោយរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការអនុម័តពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវបានអង្គរដ្ឋសភាសម្រេចអនុម័តជាឯកច្ឆន្ទដោយសំឡេង១១៤លើ១១៤ កាលពីថ្ងៃ១២ ខែឧសភា។
លោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលជាតំណាងឱ្យរាជរដ្ឋាភិបាលឡើងការពារសេចក្ដីព្រាងច្បាប់នេះ នៅក្នុងរដ្ឋសភា កាលពីម្សិលមិញ បានគូសបញ្ជាក់ថា នៅពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរភេទប្រុស ដែលអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធារយៈពេល២៤ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្រៅពីសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ព្រឹកមិញនេះ ក៏បានពិនិត្យសំណើរបស់រដ្ឋសភាដូចគ្នានេះពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ក្នុងវិស័យថាមពល គឺសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាលើការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ឱ្យទៅគណៈកម្មការសាធារណការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា សហការជាមួយគណៈកម្មការដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណី ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សា៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


