ព័ត៌មានអន្ដរជាតិ
វិបត្តិប្រេង និងការទូតបែបលឹបលៗ ជាល្បែងសង្រ្គាមត្រជាក់រវាងអាមេរិក និងគុយបា
នៅក្នុងល្បែងវាស់ស្ទង់ឥទ្ធិពលដ៏តានតឹងនៃសតវត្សទី២១នេះ សហរដ្ឋអាមេរិក និងគុយបា កំពុងជាប់គាំងក្នុងស្ថានភាពប្រឈមមុខដាក់គ្នា ដែលមានទាំងការលួងលោមតាមច្រកក្រោយដ៏អាថ៌កំបាំង និងការច្របាច់កផ្នែកថាមពលយ៉ាងសាហាវឃោរឃៅ។

យោងតាមការផ្សាយរបស់ Al Jazeera កាលពីថ្ងៃចន្ទទី២ខែកុម្ភៈឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីការបរទេសគុយបា លោក Carlos Fernandez de Cossio បានបញ្ជាក់ថា ទោះបីជាការអង្គុយនៅតុចរចាផ្លូវការនៅតែជាក្តីសង្ឃឹមដ៏ឆ្ងាយក៏ដោយ ក៏សត្រូវចាស់ទាំងពីរបានចាប់ផ្តើមខ្សឹបខ្សៀវគ្នាតាមរយៈស្រមោលការទូត ដោយការផ្លាស់ប្តូរសារតាមរយៈស្ថានទូតរៀងៗខ្លួន។ ការព្យាយាមទាក់ទងគ្នាបែបលឹបលៗនេះ កើតឡើងបន្ទាប់ពីការអះអាងដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានលើកឡើងពីភូមិគ្រឹះ Mar-a-Lago របស់លោក ថា កិច្ចព្រមព្រៀងមួយជិតនឹងលេចរូបរាងឡើង ដែលជាសម្តីផ្ទុយស្រឡះពីការចាត់ទុកគុយបាពីមុនថាជា «ការគំរាមកំហែងមិនធម្មតា» ដល់សន្តិសុខអាមេរិក។
ដ្បិតមានដំណឹងអំពីការជជែកគ្នាតាមរយៈការទូត ពន្លឺភ្លើងនៅពាសពេញកោះគុយបាកំពុងតែត្រៀមរលត់សូន្យឈឹង។ នៅក្នុងចំណាត់ការដ៏ម៉ឺងម៉ាត់ដើម្បីផ្តាច់សរសៃឈាមថាមពលចុងក្រោយរបស់គុយបា លោកត្រាំបានប្រកាសនៅវិមានប្រធានាធិបតីថា ប្រទេសម៉ិកស៊ិក ដែលជាអ្នកផ្គត់ផ្គង់ប្រេងដ៏ស្មោះត្រង់បំផុតរបស់គុយបា នឹងបញ្ឈប់ការដឹកជញ្ជូន។ តាមរយៈការប្រើប្រាស់ការគំរាមកំហែងនៃពន្ធគយសងសឹក ទីក្រុងវ៉ាស៊ីនតោនហាក់ដូចជាបានទទួលជោគជ័យក្នុងការបង្ខំអ្នកជិតខាងក្នុងតំបន់ឲ្យបោះបង់ទីក្រុងហាឡាវ៉ាន ដែលធ្វើឲ្យការហ៊ុមព័ទ្ធប្រេងឥន្ធនៈទាំងស្រុងបានសម្រេចជាស្ថាពរ បណ្តាលឲ្យរដ្ឋធានីមួយនេះជួបវិបត្តិដាច់ចរន្តអគ្គិសនី និងតម្លៃអាហារហក់ឡើងខ្ពស់កប់ពពក។ យុទ្ធនាការ «សម្ពាធជាអតិបរមា» នេះ មានគោលបំណងប្រើប្រាស់ការច្របាច់កសេដ្ឋកិច្ច ដើម្បីបង្ខំឲ្យមានការចុះញ៉ម ដែលទណ្ឌកម្មរាប់ទសវត្សរ៍មុនៗមិនអាចធ្វើទៅបាន។
លទ្ធផលចុងក្រោយនៃល្បែងនេះ នៅតែជាអាថ៌កំបាំងរវាងការស៊ូទ្រាំខាងនយោបាយ និងការរស់រានខាងសេដ្ឋកិច្ច។ ទីក្រុងហាឡាវ៉ានបានបង្ហាញសញ្ញានៃការត្រៀមខ្លួនសម្រាប់ «កិច្ចសន្ទនាប្រកបដោយការទទួលខុសត្រូវ» ប៉ុន្តែបានដាក់ខ្សែបន្ទាត់ក្រហមយ៉ាងរឹងមាំ ដោយប្រកាសថា រដ្ឋធម្មនុញ្ញសង្គមនិយម និងការគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួន គឺមិនអាចយកមកចរចាបានដាច់ខាត។ ខណៈដែលរដ្ឋបាលលោកត្រាំ កំពុងភ្នាល់លើការដួលរលំទាំងស្រុងនៃវិស័យថាមពលរបស់គុយបា ដើម្បីបង្ខំឲ្យមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ មន្ត្រីគុយបាក៏កំពុងរំពឹងលើប្រតិកម្មតបតពីអន្តរជាតិដើម្បីបំបែកការឡោមព័ទ្ធនេះផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


