Connect with us

ព័ត៌មានជាតិ

មន្រ្តីព្រមានថា មេរោគអេដស៍អាចផ្ទុះឡើងវិញ បើអត្រាអ្នកឆ្លងថ្មីមិនធ្លាក់ក្រោម១នាក់ក្នុងមួយថ្ងៃ

បានផុស

នៅ

លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានព្រមានថា ការឆ្លងមេរោគអេដស៍នៅកម្ពុជាអាចនឹងផ្ទុះឡើងវិញបានគ្រប់ពេលវេលា ប្រសិនបើអត្រាឆ្លងថ្មីនៃជំងឺអេដស៍មិនថយចុះក្រោម១នាក់ក្នុងមួយថ្ងៃទេនោះ។ ការព្រមាននេះ ខណៈអត្រាអ្នកឆ្លងថ្មីមានប្រមាណ៣នាក់ក្នុងមួយថ្ងៃស្មើនឹង ១ ២០០នាក់ក្នុង១ ឆ្នាំ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំស្តីពីការប្រកាសការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ និងការឆ្លើយតមទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាមួយបណ្តាញសារព័ត៌មានដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កាលពីរសៀលថ្ងៃទី ៤ កុម្ភៈ ឆ្នាំ២០២៦ លោកទេសរដ្ឋមន្ត្រី អៀង មូលី មានប្រសាសន៦ថា ការឆ្លងថ្មីនៃអ្នកជំងឺអេដស៍ភាគច្រើនទៅលើក្រុមគោលដៅមួយចំនួនដូចជានារីរកស៊ីបម្រើសេវាផ្លូវភេទ ការស្រឡាញ់ភេទដូចគ្នា និងអ្នកប្រើប្រាស់គ្រឿងញៀន ដោយសារក្រុមទាំងនេះរួមភេទជាមួយដៃគូមិនបានប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវ។

លោកទេសរដ្ឋមន្ត្រី អៀង មូលី

លោកបានលើកឡើងថា«ដើម្បីទប់ស្កាត់ការឆ្លងមេរោគអេដស៍ រដ្ឋាភិបាលបានចេញគោលនយោបាយលើកទឹកចិត្តដល់អ្នកដឹងខ្លួន ឬសង្ស័យផ្ទុកមេរោគនេះដើម្បីទៅធ្វើតេស្តរកមេរោគអេដស៍ដោយផ្តល់គោលការណ៍មួយចំនួនដូចជាការផ្តល់ប័ណ្ណប.ស.ស និងផ្តល់សេវាព្យាបាលជូនគាត់»។ លោកគូសបញ្ជាក់ថា ការប្រើស្រោមអនាម័យពិតជាមានសារៈសំខាន់ណាស់ក្នុងទប់ស្កាត់ការឆ្លងមេរោគអេដស៍ ការឆ្លងជំងឺកាមរោគផ្សេងៗ និងការមិនចង់មានកូនដ៏មានប្រសិទ្ធភាព។ ដូច្នេះត្រូវតែធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដែលរាជរដ្ឋាភិបាលចង់បានក្នុងលុបបំបាត់ការឆ្លងជំងឺអេដស៍នេះ។

ចំណែក លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីអង្កការមូលនិធិថែទាំសុខភាពអ្នកឆ្លងជំងឺអេដស៍(AHF)បានលើកឡើងថា ការផ្សព្វផ្សាយឱ្យប្រើប្រាស់ស្រោមអនាម័យ ដើម្បីឱ្យពលរដ្ឋយល់ដឹងកាន់តែទូលំទូលាយ ក្នុងការទប់ស្កាត់ការឆ្លងមេរោគអេដស៍។ លោកបានបន្តថា ការផ្សព្វផ្សាយការប្រើប្រាស់ស្រោមអនាម័យជាមួយនឹងសារសាមញ្ញមួយ “កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ” ស្រោមអនាម័យ គឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុត និងចំណាយតិចបំផុតមួយក្នុងការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់

ទោះជាមូលនិធិសម្រាប់កម្មវិធីសុខភាពកំពុងថយចុះ ប៉ុន្តែហានិភ័យនៃការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគមិនទាន់បានថយចុះនៅឡើយទេ។ នៅក្នុងបរិបទនេះស្រោមអនាម័យមានសារៈសំខាន់ជាងពេលណាៗទាំងអស់ នៅតែជាមធ្យាបាយមួយ ក្នុងចំណោមមធ្យាបាយផ្សេងៗទៀតមានតម្លៃសមរម្យ និងមានប្រសិទ្ធភាពបំផុត ដែលយើងមានដើម្បីបង្ការមេរោគអេដស៍ ជំងឺឆ្លងតាមការរួមភេទផ្សេងទៀត និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។ ស្រោមអនាម័យមិនមែនជាបច្ចេកវិទ្យាថ្មីទេ ប៉ុន្តែវាត្រូវបានបញ្ជាក់ឱ្យឃើញថា វាអាចទុកចិត្តបាន និងមានឥទ្ធិពលខ្លាំង។ វាផ្តល់ការការពារពីរយ៉ាងគឺ វាការពារប្រឆាំងនឹងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងទៀត។

លោកវជ្ជបណ្ឌិតថ្លែងថា« ប្រទេសកម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំរួចហើយ តាមរយៈគោលនយោបាយប្រើប្រាស់ស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសនៅក្នុងគ្រឹះស្ថានកម្សាន្តនានា។ គោលនយោបាយនេះ បានជួយសង្គ្រោះជីវិត និងបង្ហាញថានៅពេលដែលមានគោលការណ៍ច្បាស់លាស់ ការប្តេជ្ញាចិត្ត និងកិច្ចសហប្រតិបត្តិការ នឹងនាំឱ្យសុខភាពសាធារណៈប្រសើរឡើង »។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) គឺជាអង្គការមិនស្វែងរកប្រាក់ចំណេញសកលដែលផ្តល់ថ្នាំទំនើប និងការតស៊ូមតិដល់មនុស្សជាង ២,៨ លាននាក់នៅក្នុងប្រទេសចំនួន ៥០ ទូទាំងពិភពលោកនៅអាហ្វ្រិក អាមេរិក តំបន់អាស៊ី/ប៉ាស៊ីហ្វិក និងអឺរ៉ុប។ បច្ចុប្បន្ន (AHF) ជាអ្នកផ្តល់សេវាថែទាំសុខភាពអេដស៍ មិនស្វែងរកប្រាក់ចំណេញធំជាងគេបំផុតនៅលើពិភពលោក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម