Connect with us

ព័ត៌មានអន្ដរជាតិ

ជម្លោះព្រំដែនធ្វើឱ្យសេដ្ឋកិច្ចស្រុកអារញ្ញប្រាថេតរបស់ថៃ ធ្លាក់ចុះដុនដាបខ្លាំង

បានផុស

នៅ

​សេដ្ឋកិច្ចនៃស្រុក អារញ្ញប្រាថេត ​នៃខេត្តស្រះកែវរបស់ប្រទេសថៃ បាន​ធ្លាក់ចុះយ៉ាងដុនដាបដោយ​សារ​តែ​​ភាពតានតានតឹងព្រំដែនកម្ពុជា-ថៃ ដែលកំពុងបន្ត។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation នៅថ្ងៃពុធ (១៨ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្លាក់ចុះនៃសេដ្ឋកិច្ចបែបនេះ កើតឡើងដោយសារតែការបិទព្រំដែនដែលបន្តអូសបន្លាយរាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មក ដែល​ប៉ះពាល់ខ្លាំងដល់ដំណើរការអាជីវកម្ម និងប្រជាពលរដ្ឋថៃក្នុងតំបន់ ជាពិសេស​​ផ្សាររោងក្លឿ ដែលជាផ្សារព្រំដែន​ដ៏សំខាន់។

ក្នុងអំឡុងស៊ើបអង្កេតនៅនឹងកន្លែង អ្នកយកព័ត៌មានថៃ​បានសង្កេតឃើញថា ហាងជាច្រើន​ក្នុងផ្សាររោងក្លឿត្រូវបានបិទ ដែលបង្កើតបរិយាកាសស្ងាត់ជ្រងំ។ មានតែអាជីវកម្មមួយចំនួនតូចប៉ុណ្ណោះដែល​បន្ត​បើក ប៉ុន្តែពួកគេស្ទើរតែគ្មានមនុស្សចូលទិញ​។

​អ្នកលក់មីម្នាក់នៅអារញ្ញប្រាថេត បាន​និយាយថា អាជីវកម្មបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីការបិទព្រំដែន ដោយថ្ងៃខ្លះគ្មានអតិថិជនទាល់តែសោះ។ ​បញ្ហានេះបានបង្កឱ្យមានភាពតានតឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់ក្នុងរយៈពេល ២-៣ ខែកន្លងមកនេះ ដែលធ្វើឱ្យគ្រួសារជាច្រើនពិបាកទូទាត់ការចំណាយរបស់ពួកគេ ដោយគ្មានប្រាក់ចំណូលគ្រប់គ្រាន់។

សហគ្រិន​ម្នាក់ទៀត បាន​ប្រាប់ The Nation ​យ៉ាងដូច្នេះថា៖ «ប្រជាជននៅតំបន់ព្រំដែនពិតជាកំពុង​រង​ទុក្ខវេទនា។ អ្នកខ្លះស្ទើរតែមិនអាចបន្តទៅមុខទៀត។ យើងចង់ឱ្យរដ្ឋាភិបាលចាត់វិធានការជាក់ស្តែង មិនមែនគ្រាន់តែធ្វើការសន្យាទទេៗនោះទេ។ យើងពឹងផ្អែកលើអាជីវកម្មនេះ ហើយប្រសិនបើយើងត្រូវផ្លាស់ទៅកន្លែងផ្សេង យើងមិនដឹងថាយើងអាចទៅណាបានទេ»។

ដោយសារមិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ ប្រជាពលរដ្ឋថៃក្នុងតំបន់កំពុងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជម្លោះ​ព្រំដែន​អាច​ផ្ទុះឡើងជាលើកទី៣។ គ្រួសារជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ពេលវេលាមិនប្រាកដប្រជា ខណៈ​សេដ្ឋកិច្ចនៅតាមព្រំដែននៅតែបន្តជួបការលំបាក។

ទាំងប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មក្នុងតំបន់ កំពុងជំរុញឱ្យរដ្ឋាភិបាលថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ បើកចំហរក្នុងការពិភាក្សា បន្ធូរបន្ថយភាពតានតឹង និងស្តារសេដ្ឋកិច្ចតាមព្រំដែនឡើងវិញ ដើម្បីឱ្យប្រជាជនអាចវិលត្រឡប់ទៅរកជីវិត និងជីវភាពរស់នៅធម្មតារបស់ពួកគេវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម