Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើង ៤% ម្សិលមិញ និងបន្តកើនឡើងថ្ងៃនេះ ជុំវិញបញ្ហាអាមេរិក-អ៊ីរ៉ង់

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិបាន​ហក់ឡើងប្រមាណ ៤% ពេលបិទការជួញដូរកាលពីថ្ងៃពុធ ហើយបន្តកើនឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ជុំវិញភាពតានតឹងភូមិសាស្រ្តនយោបាយរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បាន​កើនដល់ប្រហែល ៧០ ដុល្លារ/បារ៉ែល នៅថ្ងៃពុធ និងកើន ០,២៨% នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដល់ ៧០,៥៥ ដុល្លារ/បារ៉ែល។ តម្លៃប្រេងអាមេរិក WTI វិញ កើនឡើងដល់ប្រហែល ៦៥​ ដុល្លារ/បារ៉ែល នៅថ្ងៃពុធ និងបន្តកើន ០,៣៤% ទៀត ដល់ ៦៥,៤១ ដុល្លារ/បារ៉ែល នៅព្រឹកថ្ងៃព្រហស្បតិ៍ដូចគ្នា។

អ្នកជំនាញបាន​លើកឡើងថា ភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ បាន​បង្កក្ដីបារម្ភអំពីការរំខានផ្នែកផ្គត់ផ្គង់ប្រេងចេញពីតំបន់មជ្ឈិមបូព៌ា ដែលជាហេតុធ្វើឱ្យតម្លៃប្រេងកើនឡើង។

សេតវិមានបាននិយាយនៅថ្ងៃពុធ​ថា ការចរចារវាង​អាមេរិក និងអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវនាសប្ដាហ៍នេះ មានវឌ្ឍនភាព​តិចតួច ​ដោយភាគីទាំង២​នៅតែមិនចុះសម្រុងគ្នាលើបញ្ហាសំខាន់ៗមួយចំនួន។ ​

នៅថ្ងៃព្រហស្បតិ៍នេះ អ៊ីរ៉ង់​បានប្រកាសថាខ្លួន​មានគម្រោងបាញ់រ៉ុក្កែតនៅតំបន់ភាគខាងត្បូង​។ ក្នុងពេលជាមួយគ្នានោះ ​​អាមេរិកបានរំកិលនាវាចម្បាំងឱ្យកាន់តែខិតជិតអ៊ីរ៉ង់ ដោយលោក​​អនុប្រធានា​ធិបតី​​ JD Vance បាននិយាយថា ​អាមេរិកកំពុងសម្រេចចិត្តថាតើត្រូវបន្តព្យាយាមចរចា​ការទូត ឬប្រើវិធីសាស្រ្តផ្សេងទៀត។

ដោយឡែកការចរចាសន្តិភាពរយៈពេល ២ ថ្ងៃនៅទីក្រុងហ្សឺណែវរវាងអ៊ុយក្រែន និងរុស្ស៊ី បានបញ្ចប់ទៅដោយគ្មានវឌ្ឍនភាពអ្វីធំដុំឡើយ។ ប្រធានាធិបតីអ៊ុយក្រែន លោក ​វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីពីបទពន្យារពេលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយ​អាមេរិក ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ៤ ឆ្នាំ។

មូលហេតុដែលធ្វើឱ្យតម្លៃប្រេងកើនឡើងមួយទៀត គឺការធ្លាក់ចុះនៃការផ្គត់ផ្គង់ប្រេង សាំង និងប្រេងឥន្ធនៈផ្សេងទៀតរបស់សហរដ្ឋអាមេរិក​កាលពីសប្តាហ៍មុន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម