Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងពង្រីកសេវាអប់រំក្រៅប្រព័ន្ធដល់ក្រុមងាយរងហានិភ័យនៅតាមរោងចក្រ និងពន្ធនាគារ

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា នឹងពង្រីកសេវាអប់រំក្រៅប្រព័ន្ធដល់កន្លែងមានតម្រូវការពិសេស ដូចជា រោងចក្រ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ដើម្បីឱ្យក្រុមមុខសញ្ញាដែលងាយរងហានិភ័យទទួលបានឱកាសសិក្សាពេញមួយជីវិតសំដៅចូលរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថាឆ្នាំ២០២៥ ក្រសួងបានបន្តអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធចំនួន ៨កម្មវិធី រួមមាន អក្ខរកម្ម, ក្រោយអក្ខរកម្ម, ចូលរៀនឡើងវិញ, បង្កើនប្រាក់ចំណូល, សមមូលបឋមសិក្សា, សមមូលមធ្យមសិក្សា បឋមភូមិ, បំពេញវិជ្ជា និងសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ុនធើណិត (ប៊ីប) ដោយមានអ្នកសិក្សាប្រមាណ ៥ម៉ឺននាក់ដើម្បីទទួលបានការសិក្សាពេញមួយជីវិតក្លាយជាធនធានមនុស្សក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ក្រសួងបានបន្តអនុវត្តកម្មវិធីអប់រំបរិយាបន្នចំនួន ៤កម្មវិធី រួមមាន ការអប់រំបរិយាបន្ន នៅសាលាចំណេះទូទៅ សាលាអប់រំពិសេស ថ្នាក់សមាហរណកម្ម និងអប់រំពហុភាសា ដោយមានការពង្រឹងគុណភាព និងគាំទ្រពីដៃគូអភិវឌ្ឍ។

លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន បានបន្តទៀតថា ក្រសួងនឹងពង្រីកសេវាអប់រំក្រៅប្រព័ន្ធដល់កន្លែងមានតម្រូវ​ការពិសេស ដូចជា រោងចក្រ ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ដើម្បីឱ្យក្រុមមុខសញ្ញាដែលងាយរងហានិភ័យ ទទួលបានឱកាសសិក្សាស្មើភាព។

គួរបញ្ជាក់ថា ការអប់រំក្រៅប្រព័ន្ធ សំដៅដល់សកម្មភាពអប់រំដែលមានការរៀបចំមានលក្ខណៈជាប្រព័ន្ធដែលធ្វើឡើងនៅក្រៅក្របខ័ណ្ឌនៃកម្មវិធីអប់រំក្នុងប្រព័ន្ធ ដើម្បីផ្ដល់ដល់ការសិក្សាមួយចំនួនដែលបានជ្រើសរើស។ ក្នុងគោលបំណង ផ្ដល់ឱកាស និងលទ្ធភាពដល់ពលរដ្ឋគ្រប់រូប គ្រប់វ័យ គ្រប់ប្រភេទ បានរៀនសូត្រពេញមួយជីវិត ដោយផ្ដោតលើគោលនយោបាយ យុទ្ធសាស្ត្រចំនួន២ ៖
១.ធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន សមធម៌ និងលើកកម្ពស់ កាលានុវត្ដភាពសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប។ ២.ធានាភាពសក្ដិសិទ្ធិនៃភាពជាអ្នកដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម