Connect with us

ព័ត៌មានជាតិ

ឆ្នាំ២០២៦ ក្រុមហ៊ុនអេមរុរ៉ាយស៍ ដាក់ផែនការទិញស្រូវ ៦ពាន់តោន ក្នុងខេត្តមណ្ឌលគិរី

បានផុស

នៅ

ក្រុមហ៊ុនអេមរុរ៉ាយស៍ Amru Rice (Cambodia) ដែលជាក្រុមហ៊ុននាំចេញអង្ករ និងមានរោងម៉ាស៊ីនសម្ងួត/កិនស្រូវឈានមុខគេក្នុងស្រុក បានប្រកាសផែនការទិញស្រូវសហគមន៍ ក្នុងខេត្តមណ្ឌលគិរី ឱ្យបាន ៦ ០០០ តោន ក្នុងឆ្នាំ ២០២៦ ក្រោមគម្រោងគាំទ្រផលិតកម្មស្រូវក្នុងស្រុក លើកកម្ពស់ជីវភាពកសិករ។ ការដាក់ផែកការនេះ បន្ទាប់ពីក្រុមហ៊ុន បានចុះកិច្ចព្រមព្រៀងទិញស្រូវជាមួយសហគមន៍ចំនួន៦ក្នុងស្រុកកោះញែក រួមមានសហគមន៍កសិកម្ម ភូមិស្រែហ៊ុយ (AC-01) សហគមន៍កសិកម្ម មានរិទ្ធរុងរឿង (AC-02) សហគមន៍កសិកម្ម សាមគ្គីភូមិទូល (AC-04) សហគមន៍កសិកម្ម អភិវឌ្ឍន៍មានជ័យ (AC-06) សហគមន៍កសិកម្ម សាមគ្គីរីកចម្រើន (AC-07) និងសហគមន៍កសិកម្ម រយ៉រីកចម្រើន (AC-08)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំ ២០២៥ ស្តីពីការបូកសរុបលទ្ធផលប្រចាំឆ្នាំ និងលើកទិសដៅឆ្នាំ ២០២៦ ដែលរៀបចំនៅស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែកុម្ភៈ លោក យឹម គន្ធា បុគ្គលិកក្រុមហ៊ុនអេមរុរ៉ាយស៍ប្រចាំសាខាខេត្តនេះ បានប្រាប់កម្ពុជាថ្មីឱ្យដឹងថា បន្ទាប់ចុះកិច្ចព្រមព្រៀង ក្រុមហ៊ុននឹងជំរុញដល់កសិករផលិតស្រូវសរីរាង្គឱ្យបាន ៦ ០០០ តោន សម្រេចទៅតាមផែនការដែលបានគ្រោងទុក។

បើតាមលោក គន្ធា កាលពីឆ្នាំ២០២៥ ក្រុមហ៊ុនក៏បានដាក់ចេញផែនការទិញស្រូវរាប់ពាន់តោនពីខេត្តមណ្ឌលគិរីដែរ ប៉ុន្តែជាការអកុសលស្រូវរបស់កសិករបានរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ទើបប្រមូលផលមិនទាន់ពេល ហើយស្រូវខ្លះខូចគុណភាព។ លោកប្រាប់កម្ពុជាថ្មីថា៖« ក្រុមហ៊ុនប្រមូលទិញស្រូវដែលមានគុណភាពប៉ុណ្ណោះ កាលពីឆ្នាំមុន ប្រមូលទិញបាន ២ ០០០ តោន មិនទាន់ឆ្លើយតបទៅនឹងផែនការគ្រោងទុកឡើយ»។

លោក យឹម គន្ធា

ជាមួយគ្នានេះ ក្នុងនាមក្រុមហ៊ុននាំចេញស្រូវដែលមានគុណភាព លោកបានជំរុញដល់កសិករក្នុងសហគមន៍ទាំង៦ក្នុងស្រុកកោះញែកទាំងអស់ ធ្វើយ៉ាងណាបង្កើនការផលិត ដាំពូជស្រូវសរីរាង្គទៅតាមក្រុមហ៊ុនបានណែនាំមានដូចជា ពូជប្រភេទនាងអុក នាងអំ ផ្កាដូង ខ្មងមាន់ និងស្រូវថេន។

ផ្អែកលើបទពិសោធន៍ជាមួយពូជស្រូវ លោក យឹម គន្ធា បញ្ជាក់ថាពូជស្រូវទាំងអស់ខាងលើនេះសុទ្ធសឹងជាពូជស្រូវសរីរាង្គ ដែលមានគុណភាពខ្ពស់ ប្រើរយៈពេលដាំដុះរហូតដល់ទៅ៦ខែ ហើយស្រូវនេះល្អបំផុតសម្រាប់ក្រុមហ៊ុនសម្ងួតធ្វើការនាំចេញផងដែរ។ លោករំពឹងថា កសិករនឹងផលិតបានប្រភេទពូជស្រូវដែលមានគុណភាព អាចលក់បានតម្លៃខ្ពស់សមរម្យ និងបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

កាលពីខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុនអេមរុរ៉ាយស៍ បានដាក់ឱ្យដំណើការនូវឃ្លាំង និងឡសម្ងួតស្រូវនៅក្នុង​ស្រុក​កោះញែក នៃខេត្តមណ្ឌលគីរី ដែលជាការបោះជំហ៊ានថ្មីមួយទៀតរបស់ខ្លួនក្នុងការប្រមូល​ទិញស្រូវនៃបណ្តាខេត្តនានានៃភូមិភាគឦសានដើម្បីជំរុញការនាំចេញ៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម