Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី ចែកពូជស្រូវ ៤តោន ជូនកសិករ ១០០គ្រួសារ ជំរុញបង្កើនការដាំដុះ

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី បានចុះចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក សម្រាប់យកទៅដាំដុះក្នុងរដូវវស្សាឆ្នាំ២០២៦ ដើម្បីជំរុញការបង្កបង្កើនផល ធានាសន្តិសុខស្បៀង និងលើកកម្ពស់ជីវភាពប្រជាកសិករ។ ពិធីចែកពូជស្រូវនេះ បានធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ អភិបាលខេត្តមណ្ឌលគិរីលោក គង់ គឹមនី បានណែនាំប្រជាកសិករឱ្យអនុវត្តបច្ចេកទេសដាំដុះ និងថែទាំដំណាំឱ្យបានត្រឹមត្រូវ ព្រមទាំងប្រើប្រាស់ធនធានកសិកម្មឱ្យមានប្រសិទ្ធភាព ដើម្បីទទួលបានទិន្នផលខ្ពស់ និងកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

លោក គង់ គឹមនី

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឱ្យដឹងថា ពូជស្រូវដែលផ្តល់ជូនប្រជាកសិករលើកនេះ គឺជាពូជស្រូវ «សែនក្រអូប០១» ដែលមានគុណភាពល្អ និងសមស្របទៅនឹងលក្ខខណ្ឌដី និងអាកាសធាតុនៅក្នុងខេត្ត។ សរុបពូជស្រូវដែលបានចែកជូនមានចំនួន ៤,០០០គីឡូក្រាម ដោយក្នុងមួយគ្រួសារទទួលបាន ៤០គីឡូក្រាម។

លោក សុង ឃាង

កសិករម្នាក់ឈ្មោះ សុក នី ដែលទទួលបានពូជស្រូវ បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ជួយគាំទ្រដល់ប្រជាពលរដ្ឋ ជាពិសេសក្នុងវិស័យកសិកម្ម ដែលជាមុខរបរស្នូលរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

គួរបញ្ជាក់ថា អាជ្ញាធរខេត្តមណ្ឌលគិរី តែងតែផ្តល់ពូជស្រូវជូនប្រជាកសិករនៅស្រុកកោះញែកជារៀងរាល់ឆ្នាំ។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការលើកកម្ពស់វិស័យកសិកម្ម បង្កើនផលិតភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅតាមជនបទឱ្យកាន់តែរីកចម្រើន និងមានចីរភាព៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម