ព័ត៌មានជាតិ
ស្ថានីយប្រេងនៅរាជធានីភ្នំពេញ មានជាង ៤០០ កន្លែង ផ្អាកអាជីវកម្មជិត ៥០ កន្លែង ខណៈសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក
ស្ថានីយប្រេងនៅរាជធានីភ្នំពេញ មានចំនួនជាង ៤០០ កន្លែង ហើយ ខណៈតម្លៃប្រេងបានឡើងថ្លៃ ដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក មានស្ថានីយប្រេងប្រមាណជិត ៥០ កន្លែង ត្រូវបានផ្អាកអាជីវកម្ម តែមិនបង្កឲ្យមានចលាចលក្នុងសង្គមឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ២២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៤ កាលពីព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៦ នេះ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។


លោក ងី ប៊ុនលី ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅរាជធានីភ្នំពេញមានស្ថានីយប្រេងឥន្ធនៈចំនួនជាង ៤៤៧ កន្លែង ហើយ ខណៈមានសង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល រួមជាមួយអាមេរិក តម្លៃប្រេងបានកើនតម្លៃ ដែលធ្វើឲ្យស្ថានីយប្រេងចំនួនជិត ៥០ កន្លែង ត្រូវបានផ្អាកអាជីវកម្មដោយសារមានបញ្ហាពីការផ្គត់ផ្គង់ក្រុមហ៊ុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី វាមិនបង្កឲ្យមានចលាចលក្នុងសង្គមឡើយ។ ស្ថានីយប្រេងឥន្ធនៈធំៗ បើកអាជីវកម្មធម្មតា មិនមានដំឡើងតម្លៃស្រេចតែចិត្តនោះទេ គឺបានគោរពតម្លៃទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មទាំងអស់។

លោក ម៉ប់ សារិន បានស្នើឲ្យអាជ្ញាធរខណ្ឌទាំង ១៤ ចុះតាមដានសភាពការណ៍នៅតាមស្ថានីយប្រេងក្នុងមូលដ្ឋានរបស់ខ្លួនជាប្រចាំ ដើម្បីឲ្យម្ចាស់ស្ថានីយប្រេងគោរពទៅតាមតម្លៃដែលក្រសួងពាណិជ្ជកម្មបានកំណត់។

លោក ហួត ហៃ បញ្ជាក់ដែរថា ពាក់ព័ន្ធនឹងតម្លៃប្រេងឥន្ធនៈនាពេលនេះ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ណាស់ ដោយបានណែនាំឲ្យមន្ត្រីពាក់ព័ន្ធតាមដានជាប្រចាំ ដោយកាលពីមុន ១០ ថ្ងៃ បញ្ជាក់តម្លៃម្ដង តែសម្រាប់ពេលនេះត្រឹមតែ ៣ ថ្ងៃ ត្រូវបញ្ជាក់តម្លៃម្តង ដើម្បីធ្វើយ៉ាងណាកុំឲ្យតម្លៃប្រេងឡើងថ្លៃហួសពីការកំណត់តម្លៃរបស់ក្រសួងពាណិជ្ជកម្ម។

បន្ថែមពីនេះ ការបោសសំអាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) គណ:បញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការជាប្រចាំ មិនថាពេលថ្ងៃ ឬយប់ឡើយ សំដៅធ្វើយ៉ាងណាបោសសំអាតឲ្យអស់ទៅតាមផែនការរបស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពាក់កណ្ដាលខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ៕
អត្ថបទ ៖ ស្រីរ័ត្ន




-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
សន្តិសុខសង្គម១០ ម៉ោង agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


