Connect with us

សេដ្ឋកិច្ច

តម្លៃត្រប់ស្រួយបានកើនឡើងវិញ បន្ទាប់ពីទីផ្សារកកស្ទះ

បានផុស

នៅ

មួយរយៈចុងក្រោយនេះ គេសង្កេតឃើញកសិករ ដែលប្រកបរបរដាំត្រប់ស្រួយ នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានដឹកផ្លែត្រប់ស្រួយរាប់សិបគីឡូក្រាម យកទៅចាក់ចោល បង្កឲ្យមានមតិមហាជនរិះគន់ដល់មន្ត្រីនៃមន្ទីរជំនាញថា គ្មាន​សមត្ថភាពចុះជួយសម្របសម្រួលដល់កសិករ ដើម្បីរកទីផ្សារឲ្យបានសមរម្យ បង្កឲ្យមានការខាតបង់ថវិកា និងប៉ះពាល់ដល់កម្រិតជីវិភាពគ្រួសាររបស់កសិករ ខណៈតម្លៃត្រប់១គីឡូក្រាមលក់បានត្រឹមចន្លោះពី ២០០ រៀលទៅ​៣០០​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រើយ ដេវីដ កសិករដាំត្រប់នៅស្រុកសំឡូត ប្រាប់ថា នៅក្នុងខែមីនានេះ តម្លៃត្រប់ស្រួយបានហក់ឡើងវិញហើយ មានតម្លៃចន្លោះពី ៦០០ រៀល ទៅ៧០០រៀល ក្នុងមួយគីឡូក្រាម ធ្វើឲ្យលោកសប្បាយចិត្ត ខណៈទិន្នផលចុងក្រោយនេះលោកកំពុងត្រៀមប្រមូលផល។

កសិកររូបនេះបន្តថា បើត្រប់ស្រួយមានទីផ្សារឡើងវិញ ពេលលោកប្រមូលផលលើកចុងក្រោយដើមដៃនេះ លោកក៏បានស្ដារការខាតបង់លើការប្រមូលផលលើកទីមួយឡើងវិញបានខ្លះ។

បើតាមការបញ្ជាក់ពីលោក រើយ ដេវីដ ក្នុងតម្លៃចន្លោះពី ៦០០ ទៅ ៧០០រៀល ក្នុងមួយគីឡូក្រាម គឺឈ្មួញតម្រូវឲ្យលោក​ដឹកដល់ទីផ្សារ តែបើឈ្មួញទៅទិញដល់ចម្ការ បានតម្លៃចន្លោះពី ៤០០ ទៅ៥០០រៀល ក្នុងមួយគីឡូក្រាម។

លោកបន្តថា ត្រប់ដែលលោកត្រៀមប្រមូលផលខាងមុខនេះ គឺជាទិន្នផលដើមដៃ មិនមែនជាការប្រមូលផលលើកទី២ទេ ព្រោះផ្លែត្រប់ដែលប្រមូលដើម ដៃគឺជាផ្លែប្រភេទលេខ១ ហើយឈ្មួញកណ្តាលក៏លក់ឆាប់ចេញដែរ។

អាជីវករលក់នៅផ្សារ ភួ ពុយ ប្រាប់ថា ទទួលទិញត្រប់ស្រួយក្នុងតម្លៃ ៨០០រៀល ក្នុងមួយគីឡូក្រាម ហើយលោកបានលក់ចេញវិញ ក្នុងមួយគីឡូក្រាម ១០០០ រៀល ខណៈលោកថា មានប៉ុន្មានគីឡូក្រាមក៏ទួលទិញដែរ ប៉ុន្តែតម្រូវការលើទីផ្សារគឺទាមទាឲ្យផ្លែស្រស់ល្អ និងមានគុណ​ភាពល្អទើបមានទីផ្សារល្អ។

ក្រសួងពាណិជ្ជកម្ម​ បានបន្ត​សម្របសម្រួល​ដោះស្រាយ​ការកកស្ទះ​កសិផល ដែលបណ្តាលមកពីការមិនអាចស្រូបចូលទៅទីផ្សារបានទាន់ពេលវេលា ជាពិសេស ក្នុង​អំឡុង​រដូវកាលប្រមូលផល ​សំដៅធានាស្ថិរភាពទីផ្សារ ​និង​ការពារផលប្រយោជន៍​របស់កសិករ។

កាលពីពេលថ្មីៗនេះ ​ក្រុមការងារមន្ទីរពាណិជ្ជកម្ម ​បានចុះសម្របសម្រួលការទិញ-លក់ ​និង​ស្វែងរកទីផ្សារ​ ដោយ​សហ​ការជាមួយវិស័យឯកជនប្រមូលទិញបន្លែគ្រប់ប្រភេទរួមទាំងបន្លែត្រប់ស្រួយ និងត្រប់វែងជាដើម ដែលមានការកកស្ទះទីផ្សារ នៅខេត្តបាត់ដំបង ក្នុងតម្លៃសមរម្យ និងបានបន្តសម្រប​សម្រួល​ដោះស្រាយបញ្ហាទីផ្សារជាបន្តបន្ទាប់ទៀត នៅតាមទីតាំង​ផលិតកម្ម និងតាមបណ្តារាជធានី-ខេត្តនានា​ដែលជួបបញ្ហា៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម