ព័ត៌មានជាតិ
សម្ដេចតេជោស្នើកូរ៉េជួយកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាសម្រាប់នាំចេញ
ដោយខេត្តឃ្យុងសាងប៊ុកដូមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅកាន់អភិបាលខេត្តរបស់កូរ៉េខាងត្បូងមួយនេះ ជួយកៀរគរវិនិយោគគិនកូរ៉េមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា សម្រាប់ការនាំចេញទៅកាន់ទីផ្សារកូរ៉េ និងទីផ្សារអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើទៅកាន់លោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម តាមរយៈការកៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ខណៈកម្ពុជាមានវត្ថុធាតុដើមច្រើន និងសុទ្ធតែមានគុណភាពខ្ពស់ ប៉ុន្តែខ្វះរោងចក្រកែច្នៃ។ ក្នុងន័យនេះ សម្ដេចតេជោ បានបញ្ជាក់ថា វិនិយោគិនកូរ៉េ គួរបង្កើតរោងចក្រកែច្នៃនៅកម្ពុជា រួចនាំចេញទៅទីផ្សារកូរ៉េ និងទីផ្សារពិភពលោក។
បន្ថែមពីការស្នើលើកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងកសិកម្ម សម្តេចតេជោ ហ៊ុន សែន ក៏បានសំណូមពរទៅលោកអភិបាលខេត្តឃ្យុងសាងប៊ុកដូ ជួយផ្សព្វផ្សាយពីវប្បធម៌ និងតំបន់ទេសចរណ៍កម្ពុជាទៅកាន់ប្រជាជនកូរ៉េ ដើម្បីជំរុញកំណើនទេសចរកូរ៉េបានមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ការស្នើសុំរបស់សម្ដេចតេជោខាងលើ បានធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចទទួលជួបជាមួយលោក លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ ប្រទេសកូរ៉េខាងត្បូង នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ លោកអភិបាលខេត្ត បានជម្រាបសម្តេចតេជោ ថា ខេត្តឃ្យុងសាងប៊ុកដូ ជាខេត្តដែលធំជាងគេបង្អស់នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។
លោកភិបាលខេត្ត លើកឡើងថា កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១ និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee។ បើតាមលោកអភិបាលរូបនេះ ខេត្តឃ្យុងសាងប៊ុកដូ ក៏ទើបតែចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តកំពង់ធំ ហើយក្នុងនាមជាខេត្តសម្ព័ន្ធមេត្រីភាព លោកបានបញ្ជាក់ថា ខេត្តឃ្យុងសាងប៊ុកដូត្រៀមលក្ខណៈរួចរាល់ ដើម្បីជំរុញកិច្ចសហប្រតិបត្តការជាមួយកម្ពុជា ទាំងលើវិស័យឧស្សាហកម្ម កសិកម្ម វេជ្ជសាស្រ្ត វប្បធម៌ និងទេសចរណ៍។

លោក លី ឈូលវ៉ូ អភិបាលខេត្តឃ្យុងសាងប៊ុកដូ បានបង្ហាញក្ដីជឿជាក់នៅចំពោះមុខសម្ដេចតេជោ ថា ការបន្តបើកសាកលវិទ្យាល័យដើម្បីបង្រៀនពីចលនាភូមិថ្មី និងឧស្សាហកម្មកែច្នៃនៅប្រទេសកម្ពុជា ដោយកិច្ចសហប្រតិបត្តិការជាមួយខេត្តឃ្យុងសាងប៊ុកដូ នឹងជួយជំរុញការអភិវឌ្ឍនៅកម្ពុជាដូចគ្នាទៅនឹងកូរ៉េផងដែរ។
អភិបាលខេត្តរបស់កូរ៉េរូបនេះ ក៏យល់ស្របតាមការលើកឡើងរបស់សម្ដេចតេជោ ជុំវិញការជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀងរវាងប្រទេសទាំងពីរ ខណៈកូរ៉េមានការអភិវឌ្ឍខ្លាំងលើវិស័យកសិ-ឧស្សាហកម្ម ប៉ុន្តែកូរ៉េនៅតែមានកង្វល់ចំពោះបញ្ហាអសន្តិសុខស្បៀង ដែលត្រូវគិតគូរជំរុញផលិតភាពកសិកម្ម និងការកែច្នៃ។ ក្នុងន័យនេះលោក ថា យល់ឃើញថា ប្រសិនបើកូរ៉េ និងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការផលិតកម្មកសិកម្ម និងកែច្នៃស្បៀង គឺជាកត្តាល្អប្រសើរ ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ដោយឡែក លើទំនាក់ទំនងវិស័យទេសចរណ៍ លោកអភិបាល បានសន្យាថា នឹងជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌ និងទេសចរណ៍ ដោយសារកូរ៉េ និងកម្ពុជា មានសក្តានុពលផ្នែកវប្បធម៌ និងបេតិកភណ្ឌពិភពលោកដូចគ្នា តាមរយៈការភ្ជាប់ជើងហោះហើរមកកាន់តំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដែលនឹងជួយបង្កើនចំនួនទេសចរអន្តរជាតិបន្ថែមទៀត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


