ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ គំរាមថា អាមេរិក នឹងជួប «សង្គ្រាមវៀតណាមទី២» បើហ៊ានបញ្ជូនទ័ពជើងគោកមកមែន
ស្របពេលភ្លើងសង្គ្រាមមជ្ឈិមបូព៌ាកំពុងបន្តដុតកម្លោចតំបន់ទាំងមូលនិងបង្កជាវិបត្តិសកល ហើយចុងក្រោយនេះលេចឮព័ត៌មានថា អាមេរិកគ្រោងបញ្ជូនទ័ពជើងគោកទៅវាយអ៊ីរ៉ង់ថែមទៀតនោះ ស្រាប់តែឥឡូវ ទីក្រុងតេហេរ៉ង់ ព្រមានចំៗថា បើលោក ដូណាល់ ត្រាំ ហ៊ានបញ្ជូនទ័ពមកមែន អាមេរិកនឹងជួបសង្គ្រាមវៀតណាមទី២ មិនខានឡើយ។

ការព្រមាននេះគឺចេញមាត់អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ Saeed Khatibzadeh ដែលប្រាប់សារព័ត៌មាន Sky News ផ្សាយកាលពីថ្ងៃចន្ទទី១៦ខែមីនាឆ្នាំ២០២៦ថា៖ «ទៅមើលអ្វីដែលកើតឡើងនៅវៀតណាមទៅ! កងទ័ពអាមេរិកអាចប្រឈមមុខនឹងលទ្ធផលដូចគ្នានោះ នៅក្នុងប្រទេសអ៊ីរ៉ង់។ ពួកគេដឹងយ៉ាងច្បាស់ថា អ្នកដែលអូសទាញពួកគេឲ្យចូលក្នុងសង្គ្រាមនេះ ក៏អាចទាញពួកគេឲ្យធ្លាក់ចូលជាប់ផុងក្នុងភក់ល្បាប់នៃសង្គ្រាមបានដែរ។ អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធលុះក្ស័យបើចាំបាច់ ហើយនាពេលបច្ចុប្បន្ន អ៊ីរ៉ង់ក៏មិនទាន់ផ្តោតលើការស្វែងរកដំណោះស្រាយតាមផ្លូវការទូតណាមួយដែរ»។
លោក Khatibzadeh អះអាងថា អាមេរិកគួរតែត្រិះរិះពិចារណាឲ្យបានហ្មត់ចត់ឲ្យមែនទែន មុននឹងតទល់ជាមួយអ៊ីរ៉ង់ ហើយកុំស្តាប់ដំបូន្មានពីអស់អ្នកដែលមិនស្គាល់អ៊ីរ៉ង់ ដែលគ្រាន់តែចង់ឈ្នះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ ដោយប្រើប្រាស់លុយពន្ធរបស់ប្រជាជនអាមេរិក និងឈាមស្រស់សាច់ស្រស់របស់ទាហានអាមេរិក អស់រយៈពេលរាប់ទសវត្សរ៍មកហើយនោះ ឲ្យសោះ។

រឿងដែលអ៊ីរ៉ង់រំលឹកពីសង្គ្រាមវៀតណាម ត្រូវបានអ្នកវិភាគអន្តរជាតិ លើកឡើងថា គឺទីក្រុងតេហេរ៉ង់ចង់ឲ្យរបួសចាស់របស់អាមេរិករើឡើងវិញ ដើម្បីញុះឲ្យពលរដ្ឋភ័យខ្លាចថា៖ «តើយើងចង់ឲ្យកូនចៅយើងចូលមឈូស ហើយសេដ្ឋកិច្ចយើងដួលរលំដូចកាលពី៥០ឆ្នាំមុនទៀតឬ?»។
ប្រវត្តិដ៏ជូរចត់របស់អាមេរិកក្នុងសង្គ្រាមវៀតណាម គឺអាមេរិក បានបញ្ជូនយុវជនរាប់លាននាក់ទៅសមរភូមិ ដែលភាគច្រើនត្រូវបានបង្ខំឲ្យចូលបំពេញកាតព្វកិច្ច។ ទាហានអាមេរិកជាង ៥៨ ០០០ នាក់ បានស្លាប់ និងជាង ៣០០ ០០០ នាក់ រងរបួស។
អ្វីដែលជូរចត់បំផុតគឺ ទាហានដែលត្រឡប់មកវិញ ពួកគេមិនត្រូវបានគេទទួលស្វាគមន៍ជាវីរបុរសឡើយ ប៉ុន្តែបែរជាត្រូវបានគេស្តីបន្ទោស និងរើសអើងពីសំណាក់ប្រជាជនខ្លួនឯងដែលប្រឆាំងសង្គ្រាមទៅវិញ។
សង្គ្រាមនោះដែរ ធ្វើឲ្យអាមេរិកចំណាយប្រាក់ជាងអស់ ១៦៨ ពាន់លានដុល្លារ (តម្លៃកាលពីសម័យនោះ) ដែលបណ្តាលឲ្យមានអតិផរណាធ្ងន់ធ្ងរ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិអស់រយៈពេលយូរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


