Connect with us

ព័ត៌មានអន្ដរជាតិ

លក្ខខណ្ឌ​ដាច់ណាត់​របស់​អ៊ីស្រាអែល៖​ ការ​ដកទ័ពចេញពីលីបង់ ទាល់តែក្រុមហេសបូឡា​រលំរលាយ​​

បានផុស

នៅ

អ៊ីស្រាអែលបានប្រកាស​ដាច់​ណាត់ នៅ​ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមិថុនា ​ថា ខ្លួននឹងដកកងកម្លាំងចេញ​ពីភាគខាងត្បូងលីបង់ លុះត្រាតែ ក្រុមហេសបូឡា​ដែលគាំទ្រ​ដោយ​អ៊ីរ៉ង់ រលំរលាយ​​ និង​រំសាយអាវុធ​អស់​ ខណៈដែល​អ៊ីស្រាអែល​និងលីបង់​ កំពុងចូលរួមក្នុងកិច្ចចរចាដែលមានអាមេរិកជាអ្នកសម្របសម្រួល នៅទីក្រុងវ៉ាស៊ីនតោន។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​សារព័ត៌មាន macaubusiness អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងនឹងមិនដកកងកម្លាំងរបស់យើងចេញពីភាគខាងត្បូងលីបង់នោះទេ ដរាបណាក្រុមហេសបូឡា នៅតែជាការគំរាមកំហែង មិនទាន់រំសាយអាវុធ និងមិនទាន់ត្រូវបានលុបបំបាត់កងទ័ព»។

លោក បានបន្ថែមថា៖ «យើងធ្លាប់ស្ថិតក្នុងស្ថានភាពបែបនេះម្តងរួចមកហើយកាលពីឆ្នាំ ២០២៤។ កាលណោះ ក្រុមហេសបូឡា ត្រូវបានសន្មតថា ត្រូវរំសាយអាវុធ ប៉ុន្តែពួកគេមិនបានធ្វើឡើយ»។

យ៉ាងណាមិញ ក្រោមសម្ពាធពីអាមេរិក មន្ត្រីលីបង់បានចាប់ផ្តើមកិច្ចចរចាផ្ទាល់ជាមួយអ៊ីស្រាអែល កាល​ពីខែមេសា នៅទីក្រុងវ៉ាស៊ីនតោន។ កិច្ចចរចាជុំចុងក្រោយដែលមានរយៈពេលបីថ្ងៃនេះ គ្រោងនឹងបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។

នៅពេលត្រូវបានសួរអំពីកិច្ចចរចានេះ លោក Mencer បានឆ្លើយតបថា «យើងកំពុងបញ្ជាក់យ៉ាងច្បាស់ថា ទំនួលខុសត្រូវរបស់យើងគឺចំពោះប្រជាពលរដ្ឋរបស់យើងនៅភាគខាងជើង និងចំពោះប្រទេសអ៊ីស្រាអែលទាំងមូល ហើយយើងនឹងមិនអនុញ្ញាតឲ្យមានកងកម្លាំងភេរវករណាមួយនៅជិតព្រំដែនរបស់យើងឡើយ។ នេះមានន័យថា ការពង្រាយកងទ័ព IDF (កងទ័ពអ៊ីស្រាអែល) ឡើងវិញ នឹងត្រូវធ្វើឡើងនៅពេលក្រោយ មិនមែនមុននោះទេ ពោលគឺបន្ទាប់ពីការលុបបំបាត់កងទ័ពនៅភាគខាងត្បូងលីបង់ និងការរំសាយអាវុធរបស់ក្រុមហេសបូឡា»។

ដោយឡែក ថ្លែងមតិជុំវិញការចរចានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Marco Rubio បានលើកឡើងថា ប្រទេសជិតខាងទាំងពីរនេះ កំពុងខិតជិតដល់ការបង្កើត «ការប្តេជ្ញាចិត្តនៃចេតនា» ហើយ។

គួរបញ្ជាក់ថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅលីបង់ និងបានបញ្ជូនកងទ័ពទៅកាន់តំបន់ភាគខាងត្បូងនៃប្រទេសនេះ បន្ទាប់ពីក្រុមហេសបូឡា ដែលជាក្រុមជីវពលដ៏មានឥទ្ធិពល និងមានអ៊ីរ៉ង់ជាអ្នកកាសែតពីក្រោយ បានចូលរួមក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដើម្បីជួយដល់មេកើយរបស់ខ្លួន កាលពីខែមីនា៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម